លោក Chang Wanquan រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ​

: តប​តាម​ការអញ្ជើញ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Chang Wanquan រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អមដំណើរ​ដោយ​គណៈប្រតិភូ​ក្រសួងការពារជាតិ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Chang Wanquan ព្រមទាំង​គណៈប្រតិភូ គ្រោង​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់មក​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ទាំងពីរ នឹងចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​នាយក​ខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និង​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស​ជាមួយ លោក​ឧ​ត្ត​ម​នារី Quan you Fei អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​កិច្ចការបរទេស​ក្រសួងការពារជាតិ​ចិន នៅ​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​

​ក្រសួងការពារជាតិ​បានប្រកាសថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Chang Wanguan នឹង​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Chang Wanguan ព្រមទាំង​គណៈ​ប្រតិ គ្រោង​នឹង​ទៅ​ទស្សនា​វិទ្យាស្ថាន​កងទ័ពជើងគោក និង​រសៀល​នា​ថ្ងៃ​ដដែល​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Chang Wanguan ព្រមទាំង​គណៈប្រតិភូ​បន្តដំណើរ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប មុន​ពេលធ្វើ​មាតុភូមិនិវត្តន៍​វិញ​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥៕​

លោក Chang Wanquan រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ​