គ្រួសារ​ផ្ទុកមេរោគ​អេដស៍ គ្រួសារ​ទីទ័លក្រ និង​ចាស់ជរា​ជាង ១.០០០ គ្រួសារ នៅ​ខេត្តកំពង់ស្ពឺ ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

: ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​គ្រួសារ​ផ្ទុកមេរោគ​អេដស៍ ជនពិការ កុមារកំព្រា គ្រួសារ​ទីទ័លក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​១.០៤៧ គ្រួសារ មកពី​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សម្តេច បញ្ជាក់ថា អំណោយ​ដែល​នាំយកមក​ចែកជូន​នាពេលនេះ កាកបាទក្រហមកម្ពុជា​ទទួលបាន​ពី​ការចូលរួម​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ថ្វី​ត្បិត​អំណោយ​ទាំងនេះ មាន​ចំនួន​តិចតួច​មិនអាច​ឆ្លើយតប ទៅនឹង​តម្រូវការ ក៏ពិតមែន​តែ​វា​អាចជួយ​សម្រាក ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដែល​បងប្អូន​កំពុង​ជួប​ការខ្វះខាត ចំពោះមុខ​បាន​មួយគ្រា និង​ទាន់ពេលវេលា​ផងដែរ​។​

​ចំពោះ​បញ្ហា​ជំងឺអេដស៍​វិញ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​បញ្ជាក់ថា ជំងឺអេដស៍ គឺ​នៅតែ​ជា​ក្តីកង្វល់​ដ៏​ធំធេង​សំរាប់​យើងទាំងអស់គ្នា និង​រាជរដ្ឋាភិបាល ថ្វី​ត្បិត​អត្រា​ការរីក​រាលដាល​នៃ​មេរោគ​ដ៏​កាច​សាហាវ​នេះ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​បន្តិច​មែន​ក្តី ប៉ុន្តែ​វា​នៅតែ​ជា​ក្តីកង្វល់​រួម​របស់​យើង​នៅឡើយ​។​

​សម្តេច បាន​អំពាវនាវ​ជំរុញ​ការលើក​កំពស់​ស្មារតី​បំផុស​ទាក់ទាញ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា​ប្រកបដោយ​មនសិកា​ថែមទៀត ដោយ​បំផុស​លើកទឹកចិត្ត​ឱ្យ​ម្នាក់ៗ​ហ៊ាន​និយាយ​ការពិត​ពី​ជំងឺអេដស៍ ជាពិសេស សូមកុំ​ឱ្យមាន​ការរើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍ ហើយ​អ្នក​ផ្ទុក​ត្រូវ​ទៅ​ទទួល​ថ្នាំ​ពន្យា​អាយុ​ជីវី​ត​អោយបាន​ទៀងទាត់​។​

​សម្តេច បាន​ណែនាំ​ដល់​យុវជន​ទាំងអស់​សូមកុំ​ភ្លើតភ្លើន​ភ្លេចខ្លួន ដែលនាំឱ្យ​ឆ្លង​មេរោគ​អេដស៍​ចូល​ផ្ទះ​បំផ្លាញ​ជីវិត​ខ្លួនឯង​ផង និង​បំផ្លាញ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​បាន​សំណូមពរ​ដល់​បងប្អូន​មាន​ផ្ទុក​និង​អ្នក​កើត​ជំងឺអេដស៍​ទាំងអស់​ឱ្យចូល​កាន់តែ សកម្ម​ថែមទៀត​ក្នុងសង្គម ជាមួយ​ការតាំង​ចិត្ត​ខ្ពស់ ដោយ​ប្រែ​ក្លាយខ្លួន​ពី​អ្នកបង្ក​ការរីក​រាលដាល​មេរោគ​អេដស៍ ទៅជា​អ្នក​ជួយ​ទប់ស្កាត់​ដ៏​សកម្ម​នៃ​ការរីក​រាលដាល​នៃ​មេរោគ​នេះ ព្រមទាំង​ធ្វើ​អ្វីៗ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមគ្រួសារ និង​សង្គមជាតិ​។​

​អំណោយ​ដែល​ត្រូវ ប្រគល់ជូន គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេដស៍ ចាស់​គ្មាន​ទីពឹង កុមារកំព្រា ស្រី​មេម៉ាយ និង​គ្រួសារ ជនពិការ​នាពេលនោះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង សារុង មុង ភួយ ក្រមា និង​ក្រណាត់សរ​មួយ​ដុំ ថវិកា​មួយចំនួន​៕

គ្រួសារ​ផ្ទុកមេរោគ​អេដស៍ គ្រួសារ​ទីទ័លក្រ និង​ចាស់ជរា​ជាង ១.០០០ គ្រួសារ នៅ​ខេត្តកំពង់ស្ពឺ ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

គ្រួសារ​ផ្ទុកមេរោគ​អេដស៍ គ្រួសារ​ទីទ័លក្រ និង​ចាស់ជរា​ជាង ១.០០០ គ្រួសារ នៅ​ខេត្តកំពង់ស្ពឺ ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

គ្រួសារ​ផ្ទុកមេរោគ​អេដស៍ គ្រួសារ​ទីទ័លក្រ និង​ចាស់ជរា​ជាង ១.០០០ គ្រួសារ នៅ​ខេត្តកំពង់ស្ពឺ ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​