កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា​ត្រូវ​គេ​យល់​ច្រឡំ​ជា​​ថៃ​ពេល​សម្ដែង​រឿង​វាយ​តប់


កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា​ត្រូវ​គេ​យល់​ច្រឡំ​ជា​​ថៃ​ពេល​សម្ដែង​រឿង​វាយ​តប់

កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា សំ ថារ័ត្ន ដែល​ធ្លាប់​ចូល​រួម​សម្ដែង​ខ្សែ​ភាពយន្ត ៣រឿង បាន​និយាយ​ថា​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​នាង​ជា​ជនជាតិ​ថៃ ព្រោះ​ពួក​គេ​មិន​ជឿ​ថា​នារី​ខ្មែរ​អាច​សម្ដែង​រឿង​ប្រភេទ​​វាយ​តប់​បាន។

 

កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា​ត្រូវ​គេ​យល់​ច្រឡំ​ជា​​ថៃ​ពេល​សម្ដែង​រឿង​វាយ​តប់កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា សំ ថារ័ត្ន

​​
សំ ថារ័ត្ន បាន​និយាយ​ប្រាប់ Sabay ថា៖ «ពេល​ថត​រឿង គេ​ថា​ខ្ញុំ​មិន​មែន​ខ្មែរ​ទេ គេ​អត់​ដែល​ឃើញ​ស្រី​ខ្មែរ​ថត​រឿង​វ៉ៃ​តប់​អ៊ីចឹង គេ​មើល​ទៅ​ហើយ​​ថា​ម្នាក់​ហ្នឹង​ថៃ… ប៉ុន្តែ​ដល់​ពេល​យើង​សម្ពោធ​រឿង ហើយ​ខ្ញុំ​មាន​ការ​សម្ដែង​អី​តិច​តួច​ទៅ​ ទើប​គេ​ដឹង​ថា​កុន​ហ្នឹង​ជា​ស្នាដៃ​កូន​ខ្មែរ»។ ពេល​មាន​ការ​យល់​ច្រឡំ​បែប​នេះ ថារ័ត្ន ក៏​មាន​ការ​រអៀស​ចិត្ត​ខ្លះ​ដែរ ប៉ុន្តែ​ដោយ​យល់​ឃើញ​ថា​គេ​មិន​ដឹង​ទើប​មិន​​គិត​ច្រើន។

 

កីឡា​ការិនី​វ័យ​ក្មេង​រូប​នេះ​ក៏​បាន​រៀបរាប់​ផង​ដែរ​ថា ការ​សម្ដែង​រាល់​ដង​មាន​ទាំង​ការ​សរសើរ មាន​ទាំង​ការ​រិះ​គន់។ ចំពោះ​ការ​សរសើរ​នោះ គឺ​ថា​កូន​ខ្មែរ​អាច​មាន​សមត្ថភាព​សម្ដែង​ភាព​យន្ត​ប្រភេទ​វាយ​ប្រហារ​ដូច​បរទេស​ដែរ ប៉ុន្តែ​គេ​រិះ​គន់​ត្រង់​ខ្វះ​បច្ចេកទេស និង​សមត្ថភាព​សម្ដែង​មិន​ទាន់​ដល់​កម្រិត។ បើ​ទោះ​បី​បែប​នេះ​ក្ដី នាង​បាន​បញ្ជាក់​ថា​វា​ជា​រឿង​ល្អ ព្រោះ​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​អាច​ធ្វើ​ឲ្យ​​វិស័យ​ភាព​យន្ត​មាន​ការ​រីក​ចម្រើន។ ​​

 

បើ​រាប់​ទាំង​តួ​រាយ​រង និង​តួ​សំខាន់​ផង កីឡា​ការិនី​ប្រដាល់​ពហុ​ជំនាញ សំ ថារ័ត្ន ​សម្ដែង​បាន ៣​រឿង​រួច​មក​ហើយ។ ដោយ​ក្នុង​នោះ​មាន​មួយ​រឿង​ដើរ​តួ​ជា​កូន​ទាហាន​​នៅ​​ឆ្នាំ​២០០៩ ចំណែក​នៅ​ឆ្នាំ​២០១៣ សម្ដែង​ជា​ប្អូន​តួ​ឯក ហើយ​ចុង​ក្រោយ​គឺ​រឿង​ខ្លី​មួយ​បង្ហោះ​តាម YouTube។ នា​ពេល​ខាង​មុខ កីឡា​ការិនី​ពហុ​ជំនាញ​រូប​នេះ ក៏​ត្រៀម​ថត​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ទៀត​ដែរ៕

 

ទស្សនា ថារ័ត្ន និយាយ​ពី​ការ​សម្ដែង​​ខ្សែ​ភាពយន្ត៖

 

​​
អត្ថបទ៖ គង់ វិសាល