ឈ្នះ​ប្រ៊ុយណេ ៦-១ មែន តែ​គ្រូ Lee ថា​កូន​ក្រុម​នៅ​ខ្សោយ​កម្លាំង

ឈ្នះ​ប្រ៊ុយណេ ៦-១ មែន តែ​គ្រូ Lee ថា​កូន​ក្រុម​នៅ​ខ្សោយ​កម្លាំង

បើ​ទោះ​បី​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ត្រចះ​ត្រចង់​លើ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ៦-១ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្ដី ក៏​លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា កូន​ក្រុម​របស់​លោក​នៅ​ខ្សោយ​កម្លាំង។

 

ឈ្នះ​ប្រ៊ុយណេ ៦-១ មែន តែ​គ្រូ Lee ថា​កូន​ក្រុម​នៅ​ខ្សោយ​កម្លាំង
លោក Lee Tae Hoon

 

គ្រូ​បង្វឹក Lee Tae Hoon បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត​​ថា៖ ​«ពិត​ណាស់, កីឡាករ​របស់​យើង​មិន​សូវ​មាន​កម្លាំង​ល្អ​ទេ​ថ្ងៃ​នេះ ព្រោះ​ពួក​គេ​ទើប​បញ្ចប់​លីក ហើយ​គ្មាន​ពេល​វេលា​ហ្វឹកហាត់​គ្រប់​គ្រាន់ ដូច្នេះ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ពង្រឹង​ក្រុម… ប៉ុន្តែ​អ្វី​ដែល​មើល​ឃើញ​នៅ​ថ្ងៃ​នេះ គឺ​កីឡាករ​ទាំង​អស់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​លេង​បាន​ល្អ​ណាស់ អ៊ីចឹង​ហើយ​បាន​ជា​យើង​ទទួល​បាន​លទ្ធផល​ល្អ»។

 

លទ្ធផល​នៃ​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ ត្រៀម​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ២០១៨ ជាមួយ​ក្រុម​ប្រ៊ុយណេ​ម្សិលមិញ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធ​ផល ៦-១ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជា​អ្នក​របូត​គ្រាប់​បាល់​មុន​តាំង​ពី​នាទី​ទី១២។ ដោយសារ​ការ​វាយ​បក​វិញ​គ្មាន​សំចៃ ទើប​ក្រុម​កម្ពុជា​មាន​ឱកាស​វាយ​បក​យក​ឈ្នះ​វិញ​ពេល​ចប់​ការ​ប្រកួត។

 

ចំពោះ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ លោក Mike Wong ក៏​បាន​​លើក​ឡើង​ពី​ចំណុច​ខ្វះ​ខាត​របស់​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា ខ្សែ​ការពារ​កម្ពុជា​នៅ​មាន​ចំណុច​ខ្វះ​ខាត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​នាំ​មុខ​មុន។ ទោះ​បែប​នេះ​ក្ដី គ្រូ​បង្វឹក​សញ្ជាតិ​សិង្ហបុរី​រូប​នេះ បាន​សរសើរ​ពី​តិកនិក​​បញ្ជូន​បាល់​ដ៏​ល្អ ព្រម​ទាំង​ការ​តាំង​ចិត្ត​លេង រហូត​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត៕

 

ឈ្នះ​ប្រ៊ុយណេ ៦-១ មែន តែ​គ្រូ Lee ថា​កូន​ក្រុម​នៅ​ខ្សោយ​កម្លាំង

 

អត្ថបទ៖ គង់ វិសាល