សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​អញ្ជើញសំណេះសំណាល​និងចែកអំណោយ​ជូនដល់ប្រជាពលរដ្ឋ​១០៤៧គ្រួសារនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​ប្រធានកាកបាទក្រហមកម្ពុជា ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​បានអញ្ជើញ​សំណេះសំណាល​ជាមួយប្រជាពលរដ្ឋក្រីក្រ ​អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង​ ស្រ្តីមេម៉ាយ កុមារកំព្រា ​និងជនពិការសរុប១០៤៧គ្រួសារ​ស្មើនឹងចំនួនមនុស្ស៤២៣២នាក់ ​មកពីស្រុកភ្នំស្រួច ​និងស្រុកឱរ៉ាល់ ។

ពិធីនេះបាន​ប្រារព្ឋធ្វើនៅព្រឹកថ្ងៃទី០៤ វិច្ឆិកា​ ២០១៥ ​នៅក្នុងបរិវេណវត្តព្រៃរមៀត ​ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ​ដោយមានការចូលរួម​ពីថ្នាក់ដឹកនំា ​សមាជិក សមាជិកា កាកបាទក្រហម និងតំណាងអាជ្ញាធរដែនដី​ជាច្រើនរូបទៀត ។

មានប្រសាសន៍​ទៅកាន់ប្រជាពលរដ្ឋនៅក្នុងឱកាសនោះ ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​បានក្រើនរំលឹកពី​គ្រោះធម្មជាតិ ​​​ការអនាម័យ​ក្នុងគ្រួសារ ការគោរព​​ច្បាប់​ចរាចរណ៍​​ដើម្បីចៀសវាងឧបទ្ទវហេតុណាមួយ ​និងខិតខំតស៊ូក្នុងជីវភាពប្រចំាថ្ងៃ ​ពិសេសអ្នកផ្ទុក​មេរោគអេដស៍ត្រូវ​ថែរក្សាខ្លួនឲ្យបានល្អ ​។ល។ 

គួរបញ្ជាក់ថា​ អំណោយដែល​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​និងថ្នាក់ដឹកនំាកាកបាទក្រហម​ចែកជូនប្រជាពលរដ្ឋ ១០៤៧គ្រួសារ មកពីស្រុកភ្នំស្រួច (៥ឃុំ =៣៥​ភូមិ និង​ ស្រុកឱរ៉ាល់​(២ឃុំ=១៧ភូមិ) ​នាពេលនេះរួមមាន៖ ​ក្នុងមួយគ្រួសារៗទទួលបានអង្ករ ​៣០គីឡូក្រាម ​មី១កេស​ ត្រីខ ១០កំប៉ុង ​ឃីត(សារ៉ុង ក្រមា មុង និងភួយ)​១ ​ក្រណាត់ស​ ​១ដុំ ​និងថវិកា១ម៉ឺនរៀល ​ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ។

ក្រៅពីផ្តល់អំណោយ​ដល់ប្រជាពលរដ្ឋ១០៤៧គ្រួសារ ​មកពីស្រុកភ្នំស្រួចនិងឱរ៉ាល់ខាងលើ ​សម្តេចប្រធានកាកបាទ​ក្រហមកម្ពុជាក៍បានប្រគេន​ទេយ្យទានដល់ព្រះសង្ឃ​វត្តព្រៃរមៀត ​តាជី ​យាយជី​ដោយសរុបថវិកា​ទំាងអស់ចំនួន៣១​ ១៣៥ដុល្លារ​សហរដ្ឋអាមេរិក ។

ដោយឡែកក្រៅពី​ចែកអំណោយនោះរួចមក ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​និងថ្នាក់ដឹកនំា​ សមាជិកសមាជិកា​កាកបាទក្រហមកម្ពុជា​ក៍បានរៃអង្គាស​បា្រក់​ចូលរួមបុណ្យកឋិន​ក្នុងវត្តព្រៃរមៀត​សរុបជាង១ម៉ឺន៧ពាន់​ដុល្លារថែមទៀត​ ៕