ពលរដ្ឋ និង​សិស្ស​និស្សិត​តៃវ៉ាន់ លើក​គ្នា​តវ៉ា​ជុំវិញ​គម្រោង​ប្រជុំ​រវាង​លោក ស៊ី និង លោកម៉ា

តៃប៉ិ៖ ប្រជាពលរដ្ឋរួមទាំងសិស្សនិស្សិតតៃវ៉ាន់រាប់រយនាក់ នៅថ្ងៃពុធនេះបានប្រមូលផ្ដុំគ្នា តវ៉ានៅខាងក្រៅវិមានរដ្ឋសភា ដោយពួកគេផ្ទុះកំហឹងពីគម្រោង ថានឹងមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលតៃវ៉ាន់ លោក ម៉ា យីងជឿ និងថ្នាក់ដឹកនាំ កំពូលចិនលោក ស៊ី ជីនពីង។

សារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ប្រធានាធិបតីតៃវ៉ាន់លោក ម៉ា យីងជឿ គ្រោងនឹងបើកកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីលោក ស៊ី ជីនពីង នៅថ្ងៃសៅរ៍សប្ដាហ៍នេះក្នុងប្រទេសិង្ហបុរី។ ជំនួបមួយនេះនឹងក្លាយជាជំនួបលើកដំបូងបង្អស់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អស់រយៈពេល ៦ទសវត្សរ៍កន្លងមកនេះ។
សកម្មភាពតវ៉ាដែលធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ក្រោមការដឹកនាំដោយបេក្ខជននីតិប្បញ្ញត្តិ លោក ហ័ង្ស គូចាង ដែលត្រូវបានដកស្រង់សម្ដីរបស់លោក ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្រែកអំពាវនាវជាសាធារណៈថា “គ្មានកិច្ចប្រជុំម៉ា-ស៊ី” ។

គួរបញ្ជាក់ផងដែរថា លោក ហ័ង ធ្លាប់ធ្វើជាមេដឹកនាំចលនាផ្កាឈូក នៅក្នុងឆ្នាំ២០១៤ ដែលបានធ្វើការ តវ៉ាលើគម្រោងមួយស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។ ដោយឡែកមន្រ្តីបម្រើការ ក្នុងការិយាល័យរបស់លោកម៉ា បាននិយាយថា គ្មានកិច្ចព្រមព្រៀង ហើយក៏គ្មានសេចក្ដីថ្លែងការណ៍រួម ណាមួយដែលសម្រេចបានក្រោយកិច្ចពិភាក្សានោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ សារព័ត៌មានតៃវ៉ាន់។ 
ថ្នាក់ដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្ដូរមតិយោបល់លើការពង្រឹងសន្ដិភាព តាមច្រកដែនសមុទ្រ៕