ចាប់​ជនជាតិ​ឡាវ​មាន​គ្រឿងញៀន​ម៉ា​ទឹកកក​1​គីឡូក្រាម

ចាប់​ជនជាតិ​ឡាវ​មាន​គ្រឿងញៀន​ម៉ា​ទឹកកក​1​គីឡូក្រាម

ខេត្តរតនគិរី ៖ សមត្ថកិច្ច​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា បាន​ឃាត់ខ្លួន​ជន​ជាតិ​ឡាវ​ម្នាក់ និង​រថយន្ត​១​គ្រឿង ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម ដែល​មាន
តម្លៃ​​ក្នុង​ផ្សារងងឹត​រាប់​ម៉ឺន​​ដុល្លារ ។

លោក ថា​ក់ ឡៅ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្ត ដោយ​សហការ​ជាមួយ​នគរបាល​ក្រុង​បាន​លុង បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ឈ្មោះ ស៊ី​ត វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ប៉ាក់កា​ឡាន់ ឃុំ​ប៉ាក់កា​ឡាន់ ស្រុក​វើ​ន​សៃ ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១​គីឡូក្រាម និង​រថយន្ត​មួយ​គ្រឿង​ពណ៌​ខ្មៅ ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា គ្មាន​ស្លាក​លេខ​។ ជន​នេះ​រស់នៅ​ភូមិ​បាក់​គៀប ឃុំ​ឃី​ណា​ក ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ។

មន្ដ្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ត្រូវ​បាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួម​ជាមួយ​វត្ថុ​តាង និង​បន្ត​ឈាន​ទៅ​ចាប់ខ្លួន​មេខ្លោង​ធំ​ទៀត ពិសេស​បក្សពួក​នៅ​ស្រុក​ខ្មែរ​ដែល​ជា​អ្នកទិញ​គ្រឿងញៀន​នេះ ។ តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ គឺ​សមត្ថកិច្ច​បាន​ប្រើ​ពេល​វេលា​​អស់​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ។ ទោះជា​យ៉ាងណា ព័ត៌មាន​លំអិត​សមត្ថកិច្ច​មិន​បាន​ទម្លាយ​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ដឹង​នោះ​ទេ ។

តាម​ការ​កត់សម្គាល់​កន្លង​មក កាលណា​ចាប់​បាន​អ្នក​ជួញដូរ​គ្រឿងញៀន តែងតែ​សួរ​ចម្លើយ​រក​មេខ្លោង​ធំ​ដែល​ចាំ​ទិញ​បន្ត ។ ប៉ុន្តែ​ដូច​ជា​ចាប់​បាន​បង្ហាញមុខ​ត្រឹមតែ​អ្នក​ទី​១​ប៉ុណ្ណោះ ឯ​អ្នក​ទី​២​មិន​ដែល​បាន​បង្ហាញមុខ​ទេ ប្រៀប​ដូច​ដឹង​ហើយ ស្គាល់​ហើយ តែ​អត់​ចាប់ ៕ ​