កងរាជអាវុធហត្ថ​ចាប់​ស្រី​ស្រស់​ជា​បក្សពួក​ចោរលួច​ម៉ូតូ

កងរាជអាវុធហត្ថ​ចាប់​ស្រី​ស្រស់​ជា​បក្សពួក​ចោរលួច​ម៉ូតូ

ខេត្តមណ្ឌលគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​តាម​ប្រមាញ់​ក្រុម​ចោរ​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម​មួយ ដោយ​ចាប់​បាន​ស្ត្រី​ម្នាក់​មុខមាត់ និង​រាង​ស្អាតបាត ក្នុង​ចំណោម​បក្សពួក​៣​នាក់ ដែល​២​នាក់​ជា​បុរស និង​រឹបអូស​បាន​ម៉ូតូ​២​គ្រឿង​មក​វិញ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ភូមិ​ពូ​ទ្រូ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។​

លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធ​ហត្ថ​ខេត្ត​បើក​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក និង​កាត់​ច្រវាក់​យក​ទៅ​បាត់ កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា នៅ​ក្នុងភូមិ​ចម្ការ​តែ និង​ភូមិ​មាន​លាភ ក្រុង​សែន​មនោ​រម្យ ។

ក្នុង​វិធានការ​បង្ក្រាប​ក្រុម​ចោរ​នោះ កម្លាំង​កងរាជអាវុធហត្ថ ត្រូវ​បាន​ដាក់​ឱ្យ​ត្រួតពិនិត្យ​នៅ​តាម​គោលដៅ​សំខាន់​ៗ​ក្នុង​ខេត្ត និង​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​ខេត្ត​ផង ទើប​មានការ​តាម​ប្រមាញ់​ក្រុម​ជនសង្ស័យ ខណៈ​ជិះ​ម៉ូតូ​២​គ្រឿង​តាម​ផ្លូវ​ក្នុង​បំណង​ចេញពី​ក្រុង ។ ពេល​ប្រទះ​ឃើញ​ហើយ​ក៏​មានការ​ដេញ​តាម​ដោយ​ឃាត់ខ្លួន​បាន​បក្សពួក​ជា​ស្ត្រី​ម្នាក់ ព្រមទាំង​ម៉ូតូ​២​គ្រឿង ដែល​ផ្តួលចោល ។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល ។

មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ យៀង សេង​ថៃ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ជានា​រី​រូប​ស្រស់​ម្នាក់​ដែល​មិន​នឹក​ស្មានថា​សេពគប់​ក្រុម​ចោរ​ដូច្នេះ​សោះ ។ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ជនសង្ស័យ​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង បន្ទាប់​ពី​រត់គេច​ពី​កម្លាំង​សមត្ថកិច្ច​បាន​រយៈពេល​២៤​ម៉ោង ។

លោក សូ សុវណ្ណ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​បញ្ជាក់​ថា ចោរ​ដែល​ចាប់​បាន​ម្នាក់​នេះ​ឈ្មោះ ជិន នី ភេទ​ប្រុស មាន​ទីលំនៅ​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ។ ចំណែក​បក្សពួក​ដែល​កំពុង​គេចខ្លួន​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​កន្លែង​ស្នាក់​នៅ​ដើម្បី​ចាប់ខ្លួន ។

សូម​រំ​ឮ​កថា កាល​យប់​ថ្ងៃ​ទី​៣០ តុលា ក្នុង​ក្រុង​សែន​មនោ​រម្យ កើត​មាន​ករណី​កាច់​.​ក​ម៉ូតូ​ចំនួន​២​ករណី ដែល​កើត​នៅ​ទីតាំង​ខុស​គ្នា ដែល​ករណី​ទី​១​កើត​នៅ​ភូមិ​ចំការ​តែ ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​កាត់​ច្រវាក់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៥ ដែល​មាន​ម្ចាស់​ឈ្មោះ ឌឹ​ម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ចំណែក​ករណី​ទី​២​កើត​នៅ​ភូមិ​មាន​លាភ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ សឿ គឹ​ម​សាន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី២០១១ ៕                       ​