វីដេអូ​អប់រំ​ ២ នាទី បង្ហាញ​ពី​ការ​ស្រឡាញ់​ប្រាក់​រៀល

វីដេអូ​អប់រំ​ ២ នាទី បង្ហាញ​ពី​ការ​ស្រឡាញ់​ប្រាក់​រៀល

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ផលិត​វីដេអូ​អប់រំ​ខ្លី​១ ដែល​មាន​រយៈពេល​ ២ នាទី ដើម្បី​ផ្ញើ​សារ​អប់រំ​ទៅ​កាន់​មហាជន​ឲ្យ​ស្រឡាញ់​រូបិយវត្ថុ​ជាតិ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ លោក ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រាប់​ Sabay កាល​ពីពេល​ថ្មីៗ​នេះ។

 

វីដេអូ​អប់រំ​ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​ស្រលាញ់ លុយ​រៀល! យល់​ដឹង​អំពី​ការ​ចាយ​វាយ​លុយ​របស់​ជាតិ” គឺ​ផលិត​ឡើង​កាល​​​ពី​ឆ្នាំ ២០១០-២០១១ ដែល​មាន​រយៈ​ពេល​​ ៤០ នាទី ដែល​បង្ហាញ​អំពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ ការ​លើក​​តម្លៃ​រូបិយវត្ថុ​ជាតិ ប៉ុន្តែ ថ្មីៗ​នេះ​បាន​កាត់​នៅ​សល់ត្រឹម​តែ​ ២ នាទី​ ដើម្បី​ឲ្យ​ខ្លី​​ងាយ​នឹង​ផ្សព្វផ្សាយ​​ឲ្យ​សាធារណៈ​ជន​យល់​ពី​តម្លៃ​ប្រាក់​រៀល។

 

ចង់​ដឹង​ព័ត៌មាន​លម្អិត​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

“យើង​បាន​ធ្វើ​វា​ឡើង​វិញ​ ព្រោះ​ឥឡូវ​មហាជន​ចាប់​អារម្មណ៍​រឿង​ប្រាក់​រៀល ប៉ុន្តែ កាល​ពី​ពេល​មុន​វែង​ពេក​គេ​មិន​សូវ​ចាប់​អារម្មណ៍ ដូច្នេះ យើង​ធ្វើ​បច្ចុប្បន្ន​កម្ម​វា​ឲ្យ​ខ្លី ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា។ យើង​ចង់​ជំរុញ​ការ​ផ្សព្វផ្សាយ​​លើក​តម្កើង​ប្រាក់​រៀល​ឡើង​វិញ ព្រោះ​យើង​ចាប់​ផ្ដើម​រក្សា​បាន​នូវ​ម៉ាក្រូ​សេដ្ឋកិច្ច​ អតិផរណា ស្ថានភាព​នយោបាយ​ និង សន្តិភាព​ពេញ​លេញ​ រាប់​ចាប់​ពី​ឆ្នាំ ១៩៩៨-២០១៥​ នេះ ហើយ​យើង​រំពឹង​ថា ​សេដ្ឋកិច្ច បន្ត​កើន​ឡើង​ទៀត”។ លោក​ជំទាវ ជា សិរី ថ្លែង។

 

គេ​នៅ​ចាំ​បាន​ថា រូបិយវត្ថុ​ជាតិ​ (ប្រាក់​រៀល) បាន​បាត់​ទំនុក​ចិត្ត​ចាប់​ពី​អង្គការ​សហប្រជាជាតិ​បាន​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ ១៩៩១-១៩៩៣ ហើយ​ដុល្លារ​ក៏​ហូរ​ចូល​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ស្រឡាញ់​ដុល្លារ​ជាង​លុយ​ខ្មែរ និង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​នៅ​មិនទាន់​មាន​ច្បាប់​គ្រប់គ្រាន់ និង អស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច អតិផរណា និង នយោបាយ៕

 

ខាង​ក្រោម​នេះ គឺជា វីដេអូ​អប់រំ​​ ពីរ​នាទី ដែល​ផលិត​ឡើង​ដោយ​ធនាគារជាតិ ​នៃ​កម្ពុជា

 

 

ព័ត៌មាន​ពាក់ព័ន្ធ​ចុចអាន​ត្រង់​នេះ

សូមចុចអាន៖ ការផ្លាស់ប្ដូរផ្នត់គំនិត ជារឿងសំខាន់ ធ្វើឲ្យ “ប្រាក់រៀល” មានតម្លៃ

 

 

វីដេអូ​អប់រំ​ ២ នាទី បង្ហាញ​ពី​ការ​ស្រឡាញ់​ប្រាក់​រៀល

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា