«តើ​អ្នក​ធ្លាប់​នឹក​ដល់​គ្រូ​​របស់​អ្នក​ដែរ​ឬទេ?» ចាក់​ដោត​បេះ​ដូង​អ្នក​ទស្សនា​នឹក​ដល់​សម័យ​សិក្សា

«តើ​អ្នក​ធ្លាប់​នឹក​ដល់​គ្រូ​​របស់​អ្នក​ដែរ​ឬទេ?» ចាក់​ដោត​បេះ​ដូង​អ្នក​ទស្សនា​នឹក​ដល់​សម័យ​សិក្សា

វីដេអូ​ជាង ៥ នាទី​ ដែល​មាន​ចំណង​ជើង​ថា «តើ​អ្នក​ធ្លាប់​​នឹក​ដល់​គ្រូ​របស់​អ្នក​ដែរ​ឬ​ទេ?» ជា​ប្រភេទ​វីដេអូ​អប់រំ​កំពុង​តែ​ចាក់​ដោត​​បេះដូង​យុវវ័យ ជា​ពិសេស​អ្នក​ដែល​បាន​ឆ្លង​កាត់​ការ​រៀន​សូត្រ​រួច​ហើយ ដោយ​ទទួល​បាន​ការ​ចុច​ទស្សនា​ ប្រហែល​ ១៧០ ០០០​ដង ការ​ចុច​ Like និង Share យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

 

«តើ​អ្នក​ធ្លាប់​នឹក​ដល់​គ្រូ​​របស់​អ្នក​ដែរ​ឬទេ?» ចាក់​ដោត​បេះ​ដូង​អ្នក​ទស្សនា​នឹក​ដល់​សម័យ​សិក្សា

 រូបភាព​​ពី Page Sastra Film

អ្នកនិពន្ធ​​វីដេអូ​អប់រំ​ខាងលើ ច័ន្ទ មល្លិកា បាន​ប្រាប់​ Sabay ​ថា​ មូលហេតុ​ដែល​ផលិត​វីដេអូ​នេះ​ឡើង​ ដើម្បី​ជា​ចំណង​ដៃ​ដល់​សិស្សានុសិស្ស​ក្នុង​ឱកាស​បើក​បវេសនកាល​ថ្មី​។ ម្យ៉ាង​វិញ​ទៀត​ដោយ​ឃើញ​ថា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ កំពុង​តែ​ត្រូវ​បាន​កែ​ទម្រង់ ឯ​សិស្ស​ដែល​ជាប់​និទ្ទេស​ល្អ​​ក៏​ច្រើន​ អ្នក​ខ្លះ​ក៏​ក្លាយ​ជា​អ្នក​ជំនួញ​មាន​មុខ​មាន​មាត់​នៅ​ក្នុង​សង្គម សុទ្ធ​តែ​កើត​ចេញ​មក​ពី​ការ​រៀន​សូត្រ​ទាំង​អស់​ដែល​មាន​លោក​គ្រូ​អ្នក​គ្រូ​ជា​អ្នក​ផ្ទេរ​ចំណេះ​ដឹង។

 

« ដោយ​គ្រួសារ​ខ្ញុំ ចាប់​តាំង​ពី​ជំនាន់​ជីតា​ខ្ញុំ​មក​ម្ល៉េះ​ សុទ្ធ​តែ​ជា​គ្រូ​បង្រៀន​ ទើប​ខ្ញុំ​បាន​យល់​ដឹង​ច្បាស់​ពី​តថភាព​នេះ​ហើយ​ មាន​គំនិត​គិត​ចង់​សរសេរ​ជា​រឿង​ទាក់ទង​នឹង​គ្រូបង្រៀន​ ប៉ុន្តែ​ដូច​ជា​ពុំ​ទាន់​មាន​ឱកាស​ទេ តែ​ក្រោយ​ពេល​ប្រកាស​លទ្ធផល​បាក់ឌុប​ខ្ញុំ​សង្កេត​ឃើញ​ថា​ សិស្សានុសិស្ស​មាន​ការ​ជោគជ័យ​ច្រើន​ ទើប​ខ្ញុំ​សម្រេច​សរសេរ​សាច់​រឿង​នេះ​ឡើង​ប្រើ​ពេល​ ប្រហែល​​ដប់​ថ្ងៃ ហើយ​​ឱ្យ​ផលិតកម្ម Sastra Film ជា​អ្នក​ផលិត!»។ អ្នក​និពន្ធ​​ដែល​លេច​ធ្លោ​​ខាង​លើ​បាន​ថ្លែង​បញ្ជាក់។

 

សូម​ទស្សនា​វីដេអូ​អប់រំ​ខ្លី 

 

 

បើ​តាម​អ្នក​និពន្ធ​ខាង​លើ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​​ថា «តើ​អ្នក​ធ្លាប់​នឹក​ដល់​គ្រូ​របស់​អ្នក​ដែរ​ឬ​ទេ?» មិន​មែន​​សំដៅ​ទៅ​លើ​​តែ​គ្រូបង្រៀន​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​សារ​ផ្ដាំ​ផ្ញើ​ដល់​ បច្ចុប្បន្ន​សិស្ស​អោយ​នឹក​ដល់​ញើស​ឈាម ការ​ខិត​ខំ​ប្រឹងប្រែង​របស់​គ្រូ​ ដោយ​ប្ដូរ​មក​វិញ​នូវ​ការ​ខិត​ខំ​រៀន​សូត្រ​ស្ដាប់​ដំបូន្មាន​ពួក​គាត់។ ជា​សារ​ផ្ញើ​ដល់​​ អតីត​សិស្ស​ ដែល​បាន​ចេញ​ពី​សាលា​ប្រកប​ការងារ​រៀង​ខ្លួន​អោយ​នឹក​គិត​ដល់​លោកគ្រូ​អ្នក​គ្រូ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ក៏​ជា ​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្សេង​ទៀត​អោយ​នឹក​ដល់​គ្រូ​បង្រៀន​របស់​ខ្លួន​ដែរ។​ ជា​សារ​ដល់​មនុស្ស​ទូទាំង​ប្រទេស​ ដែល​បង្ហាញ​ថា ​ក្រៅ​ពី​ឪពុក​-ម្ដាយ​ គ្រូ​បង្រៀន​​ក៏​ជា​អ្នក​មាន​គុណ​ទី​ពីរ​​ក្នុង​ការ​ផ្ដល់​ចំណេះ​ដឹង​ បង្កើត​ធនធាន​មនុស្ស និង​ ជា​ចុង​ក្រោយ​វីដេអូ​នេះ​ ក៏​ជា​សារ​ផ្ញើ​ដល់​លោក​គ្រូ​អ្នក​គ្រូ​ទូទាំង​ប្រទេស​បាន​ដឹង​ថា​សិស្ស​ទាំង​អស់​នឹង​នៅ​តែ​គោរព​ស្រឡាញ់ នឹក​ដល់​លោក​គ្រូ​អ្នក​គ្រូ​ដដែល។​​

 

បន្ថែម​ពី​លើ​នេះ​ដែរ​ អ្នក​និពន្ធ​ឆ្នើម​ មល្លិកា ​ក៏​បាន​បន្ថែម​ដែរ​ថា​ ក្នុង​វីដេអូ​ខ្លី​​នៅ​តែ​មាន​ភាព​ខ្វះ​ខាត​នៅ​ឡើយ​ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ពី​ការ​រើសអើង​មួយ​ចំនួន​នៅ​សាលា​រៀន​ ជាក់​ស្ដែង​ឈុត​មួយ​នៅ​ក្នុង​វីដេអូ​​​ សិស្ស​ប្រុស​ម្នាក់​ មាន​មាឌ​តូច​ល្អិត ដែល​​ត្រូវ​មិត្ត​រួម​ថ្នាក់​ធ្វើ​បាប។ ​​​

 

ដោយ​ពូកែ​លើ​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ទេពកោសល្យ​ និង​ ចំណង់​ចំណូល​ចិត្ត​ បូក​រួម​នឹង​កត្តា​ជីវភាព​គ្រួសារ​ ​អ្នក​នាង​ ច័ន្ទ មល្លិកា​ បាន​ចំណាយ​ពេល​ ជាង​ ១០ ឆ្នាំ​ ក្នុង​អាជីព​ជា​អ្នក​និពន្ធ​​​បទ​ចម្រៀង​នៅ​តាម​ផលិតកម្ម​នានា​​ ដោយ​ឡែក​ នេះ​ជា​លើក​ទី​មួយ​ដែល​អ្នក​នាង​ ចាប់​ផ្ដើម​សរសេរ​រឿង​ខ្នាត​ខ្លី៕

 

អត្ថបទ៖ ណេង ណេង

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

e-mail៖ [email protected]

ឬ ទាក់ទងមក​លេខទូរសព្ទ៖ ០១០ ៧០០ ៧២៧

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!