ស្ត្រី​មាន​ជំងឺ​ដុំ​ព​កក​ម្នាក់​ថ្លែងអំណរគុណ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ដែល​ទទួល​បានការ​វះកាត់​ដុំ​ពក​ក​ធំ​ដោយ​ជោគជ័យ​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​សម្តែង​នូវ​អំណរ​គុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បន្ទាប់​ពី​រូប​គាត់​ទទួល​បានការ​ព្យាបាល​​និង​វះកាត់ ​​រួច​ផុត​ពី​សេចក្តីស្លាប់ ។

ស្ត្រី​​​ខាង​លើ​​ រស់នៅ​ភូមិ​ស្រីស្នំ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ​ខណៈ​ដែល​គាត់​ទទួល​បានការ​ព្យាបាលយ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​ជា​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​ពី​សហរដ្ឋអាមេរិក​តាម​រយៈអង្គការ Jeremiah’s hope ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្រោម​ការ​ឧបត្ថម្ភ​ពី​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ។

សូម​ជម្រាប​ថា ស្រី្ត​ឈ្មោះ សាត លី​ម អាយុ​៥១​ឆ្នាំ ​​ជា​កសិករ មានកូន​៤​នាក់​នៅ​បន្ទុក បាន​កើត​ជំងឺ​ដុំ​ពក​ក​ធំ​អស់​រយៈពេល​ជាង​២៦​ឆ្នាំ​មក​ហើយ បងស្រី​ក៏​បាន​បញ្ជាក់​ថា បើ​គ្មាន​ការ​វះកាត់​ជួយ​សង្គ្រោះ​ជីវិត​​​ទាន់​ពេលវេលា​នោះ​ទេ ​គាត់​​គ្មាន​សង្ឃឹមថា​មានជីវិត​រស់នៅ​ដើម្បី​ចិញ្ចឹម ​និង​មើលថែ​រក្សា​កូនចៅ​បាន​យូ​អង្វែង​ឡើយ​ ។ ប៉ុន្តែ​ទើបតែ​ថ្ងៃនេះ​ ​គាត់​បាន​ទទួល​ការ​​វះកាត់​ដោយ​ជោគជ័យ​ គឺ​ប្រៀប​ដូច​ជា​បាន​កើត​ម្តងទៀត ។

ទន្ទឹម​នឹង​ការ​រៀបរាប់​ខាងលើ​ បងស្រី​ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត លោក​ជំទាវ ​ព្រមទាំង​ក្រុមការងារ​ទាំងអស់ ជា​ពិសេស​ សម្តេច​តេ​ជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​គាត់​ប្រកបដោយ​សន្តាន​ចិត្ត​មនុស្សធម៌​ដ៍​ល្អ​ប្រពៃ​ និង​មាន​​តម្លៃមិន​អាច​កាត់ថ្លៃ​បាន​ ។

សូម​បញ្ជាក់​ថា តាម​របាយ​ការណ៍​ការ​​ព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​ បានឱ្យ​ដឹង​ថា ករណី​វះកាត់​ជំងឺ​ដុំ​ពក​ក​ធំ​នេះ គឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​វះកាត់​ដោយ​ជោគជ័យ​ ចំពោះ​អ្នកជំងឺ​មួយ​ចំនួន​ទៀត ​ដែល​ត្រូវ​បាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បញ្ជូន​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ក្រោម​កិច្ចសហការ​វះកាត់​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​ពី​សហរដ្ឋ​អា​មេ​រិច​តាម​រយៈ​អង្គការ​ Jeremiah’s hope ៕​​