ថុ​ល មក​រា ណាត់ជួប ផា​ន់ សា​រុន នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ធ្លាប់​ជួប​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​ហាក់​មិន​ដាច់ស្រេច​សោះ ពោល​គឺ​មាន​ឈ្នះ​ចាញ់​គ្នា​ទៅ​វិញ​ទៅ​មក ទើប​លើក​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ផ្គូផ្គង​ឱ្យ​ពួក​គេ​ទាំង​ពីរ​ជួប​គ្នា​ជា​ថ្មី​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ីធី​អិនថ្ងៃ​សៅរ៍ ទី​៧ វិច្ឆិកា ស​ប្ដា​ហ៍​នេះ​។

រវាង​គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដូច​គ្នា និង​មាន​ក្បាច់​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា ។ ថុ​ល មក​រា មាន​មាឌធំ ប៉ុន្តែ​ចាញ់​ប្រៀប​កម្ពស់​គូប្រកួត​បន្តិច ទោះបី​យ៉ាងណា ចលនា​វាយ​ចេញ​របស់​គេ​មាន​ភាព​រហ័សរហួន ។ ទាំង​ស្នៀត​ជើង និង​ស្នៀត​កណ្ដាប់ដៃ​ពេល​វាយ​ចេញ​ម្ដង​ៗ​កម្រ​គូប្រកួត​គេច​ទាន់​ណាស់ ។ ចំណែក ផា​ន់ សា​រុន ទោះបី​មាន​ប្រៀប​ខាង​កម្ពស់​ក្ដី ប៉ុន្តែ​ការ​វាយ​ចេញ​ទាំង​ផ្លែ​កែង និង​ជង្គង់​មាន​សភាព​យឺតយ៉ាវ​មិន​រហ័ស​ខ្លាំង​ធ្វើ​ឱ្យ​គូប្រកួត​ខ្លាច​ឡើយ ។ ចាំ​មើល​លើក​នេះ ផា​ន់ សា​រុន អាច​ទៅ​រួច​ជាមួយ​ថុ​ល មក​រា បាន​ដូច​មុន​ឬ​អត់ ?

នៅ​លើ​សង្វៀន​ដដែល​កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ចាន់ រតនៈ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ ម៉​ន រ៉ៃ​យ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​សេន កុសល មក​ពី​ក្លិប​មោងឫស្សី​ខេត្តបាត់ដំបង និង​គូ​ចុង​ក្រោយ​កីឡាករ ឡុ​ង គឹ​ម​សាន្ត មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡា​ករចេ​ង ជាតិ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕