Tiger GNX និង Five_Furious បាន​ជាប់​ប្រចាំ​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ E-Sports នៅ​បុណ្យ​សមុទ្រ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ប្រកួត​អស់​រយៈពេល​ជិត​មួ​យស​ប្ដា​ហ៍​កន្លង​ទៅ ពេល​នេះ​គេ​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​គឺ Tiger GNX និង Five_Furious មក​ពី​ខេត្ត​រតនគីរី​ទាំង​ពីរ​ក្រុម​ដែល​តំណាង​តំបន់​ទី​២​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត នា​ខែធ្នូ ខាង​មុខ​នេះ ។

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អេ​ឡិច​ត្រូ​និក​ថ្នាក់​ជាតិ CCC ប្រចាំឆ្នាំ​២០១៥​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​តំបន់​ហើយ​បើ​គិត​ទាំង​តំបន់​ទី​២​នេះ​ផង ។ ការ​ប្រកួត​នៅ​តំបន់​ទី​២​គឺ​ធ្វើ​ឡើង​នៅ​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹង​ត្រែង និង​ក្រចេះ​ដែល​មាន​កីឡាករ​ចូលរួម​ចំនួន​៨​ក្រុម និង​បែងចែក​ជា​ពីរ​ពូ​ល ។

ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ក្រុម Tiger GNX បាន​យកឈ្នះ​ក្រុម GNX Killer ដោយ​លទ្ធផល​៥-២ ខណៈ​ក្រុម Five_Furious បាន​យកឈ្នះ​ក្រុម First Blood ដោយ​លទ្ធផល​៥-០​ដើម្បី​ទទួល​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពិធីបុណ្យ​សមុទ្រ ។

ក្រុម Tiger GNX និង Five_Furious ត្រូវ​ប្រកួត​គ្នា​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ ដើម្បី​ស្វែងរក​ក្រុម​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​១.៥០០​ដុល្លារ និង​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​១.០០០​ដុល្លារ មុន​ពេល​ក្រុម​ទាំង​ពីរ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ស្វែងរក​ជ័យ​លា​ភី​ទូ​ទាំង​ប្រទេស ។ កាល​ប្រកួត​នៅ​តំបន់​ទី​១  ក្រុម You Will Know និង OverCome ជា​អ្នកមាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខេត្តកំពត​។

សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា ដែល​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា គាំទ្រ​ដោយ​ក្រសួងទេសចរណ៍ និង ICT Cambodia បាន​ប្រកាស​ថា ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​មាន​១៦​ក្រុម​មក​ពី​តំបន់​ទាំង​៦​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ ធ្នូ ឆ្នាំ​២០១៥ នៅ​ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត ។ ប្រាក់​រង្វាន់​ជ័យ​លា​ភី​ក្រុម​លេខ​១​ទទួល​បាន​៣.០០០​ដុល្លារ លេខ​២​ទទួល​បាន​២.០០០​ដុល្លារ និង​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ ៕