ហ៊ីយ៉ាន់ដាយ​ដឹកស៊ីម៉ង់ត៍​លើស​ទម្ងន់​បើក​ឡើង​ស្ពាន​កោះ​ពេជ្រ​មិន​រួច​រអិល​ថយ​ក្រោយ​បុក​រ៉ឺម៉ក​ម៉ូតូ​៣​គ្រឿង​ខូច​ខាត

រាជ​ធានី​ភ្នំពេញ​ ៖ រ៉ឺម៉ក​ម៉ូតូ​​ដែល​តម្រៀបជួរ​គ្នា​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​ខាង​មុខ​សណ្ឋាគារ តូ​យ៉ូ​កូអ៊ី​ន ចំនួន​៣​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំដោយ​សារ​​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ចំណុះ​២​តោន​កន្លះ​មួយ​គ្រឿង​ដឹក​ស៊ីម៉ង់ត៍​ធ្ងន់​លើស​ចំណុះ​ចូល​ទៅ​ក្នុង​កោះ​ពេជ្រ ហើយ​ឡើង​ស្ពាន​មិន​រួច​រអិល​ថយក្រោយ​​បុក​​។​

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ វិច្ឆិកា ​២០១៥ នៅ​ខាង​មុខ​សណ្ឋាគារ តូ​យ៉ូ​កូ អ៊ី​ន ច្រក​ចូក​កោះ​ពេជ្រ​គល់​ស្ពាន​ហង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ​ធុន២​តោន​កន្លះ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​តាកែវ ៣A-១៤៧៥ ​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​បំណង​ដឹក​យក​ចូល​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កោះ​ពេជ្រ ​​បាន​ជាន់​ហ្គា​យ៉ាង​ខ្លាំង​ដើម្បី​បើក​ឡើង​លើ​ស្ពាន​ហង្ស​នោះ​។​

ពេល​ដែល​អ្នកបើកបរ​ជាន់​ហ្គា​ឡើង​ស្ពាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ និង​ហុយ​ដី​ទ្រលោម​ដល់​ត្រឹម​ជើង​ស្ពាន​​​ស្រាប់តែ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​នោះ​ទៅ​មុខ​មិន​រួច​ និង​រអិលថយក្រោយ​វិញ​តែ​ម្តង​។​ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​ស៊ីម៉ង់ត៍​ទៅ​មុខ​មិន​រួច ហើយ​​​រអិល​ថយក្រោយ​វិញ​នោះ គេ​ក៏​បានឃើញ​មាន​ព្រូ​រថយន្ត​ម្នាក់​បាន​ចុះ​ពី​រថយន្ត​យក​កំណល់​ឈើ​ទៅ​កល់​កង់​រថយន្ត​ដែរ ​តែ​មិន​ជាប់​ដោយ​ការ​ដឹក​នោះ​ធ្ងន់​ពេក​នោះទើប​ធ្វើ​ឱ្យ​រថ​យន្ត​​រអិល​ថយក្រោយ​វិញ​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ទាំងនោះ​តែ​ម្តង​។​

ខណៈ​នោះ​ដែរ​គេ​​បានឃើញ​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដែ​ល​អង្គុយ​លេង​នៅ​លើ​នោះបាន​នាំ​គ្នា​លោត​ចុះ​ និង​រត់​​​ចែក​ជើង​គ្នា​ទាន់​ពេលវេលា ​​មិន​​​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​​​រងគ្រោះថ្នាក់​ឡើយ ហើយ​​​រ៉ឺ​ម៉ក​ម៉ូតូ​ទាំងនោះ​បាន​​រង​ការ​ខូចខាត​យ៉ាងដំណំ​​​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​​​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា ហេតុ​ការ​ណ៍​នេះ​​​កើតឡើង​ដោយសារ​តែរថ​យន្ត​​ដឹក​ស៊ីម៉ង់ត៍​រហូត​ទៅ​ដល់​១២​តោន​ឯណោះ​ គឺ​ដឹក​លើស​ទម្ងន់ ជា​ហេតុ​​ធ្វើ​ឱ្យរថយន្ត​ឡើង​ស្ពាន​ទៅ​មុខ​មិន​រួច​ និង​រអិល​ថយក្រោយ​បែប​នេះ​។​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់​ជា​តំណាង​ខាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ខាងលើ​ចេញ​មុខ​មក​​​ដោះស្រាយ​ជាមួយ​​ភាគី​ខាង​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​​រង​គ្រោះដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​​៕