ឯកអគ្គរដ្ឋទូត​គុយបា ចប់​អាណត្តិ សរសើរ​កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​

: ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ជូ​ស សេ​រ៉ា​មូ​ន (Jose Rammon) ឯកអគ្គរដ្ឋទូត​គុយបា ចូលជួប​សំដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោក​បានបញ្ចប់​អាណត្តិ​ការទូត​របស់ខ្លួន​នៅ​កម្ពុជា​។

​តាម​លោក អៀង សុផល្លែត បាន​បញ្ជាក់ថា ទូត​គុយបា យល់ឃើញថា កម្ពុជា​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​។ លោក​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយជ្រោមជ្រែង ពី​ភាគី​កម្ពុជា ដែល​ជំរុញ​បេសកកម្ម​ការទូត របស់លោក នៅ​កម្ពុជា​ឲ្យ​ទទួលបាន​ជោគជ័យ​។

​លោក ជូ​ស សេ​រ៉ា​មូ​ន បាន​ជម្រាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ថា ចាប់តាំងពីរ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​នៅ​កម្ពុជា កាលពី​ប្រមាណ ២៥​ឆ្នាំមុន គឺ​ប្រជាជន ពិសេស​យុវជន​កម្ពុជា មានការ​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​ជាច្រើន​។ លោក ជូ​ស សេ​រ៉ា​មូ​ន ជឿជាក់ថា ការរីកចម្រើន​នឹង​បន្ត​កើតមាន​តទៅទៀត​នាពេល​អនាគត​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​គុយបា ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា តាំងពី​អ​តី​កាលដែល​រួមមាន ជំនួយ​ផ្នែក​សុខាភិបាល​តាមរយៈ​ការបញ្ជូន​គ្រូពេទ្យ និង​ការផ្តល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​បេសកកម្ម​ការទូត​របស់​លោក​ជូ​ស សេ​រ៉ា​មូ​ន នៅ​កម្ពុជា និង​សូម​ជូនពរ​ឲ្យ​លោក​ទូត ទទួលបាន​ជោគជ័យ​បន្ថែមទៀត សម្រាប់​បេសកកម្ម​ការងារ​នៅ​បណ្តា​ប្រទេស​ដទៃទៀត​៕​

ឯកអគ្គរដ្ឋទូត​គុយបា ចប់​អាណត្តិ សរសើរ​កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​

ឯកអគ្គរដ្ឋទូត​គុយបា ចប់​អាណត្តិ សរសើរ​កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​