ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​ Yanmar ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​

ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​ Yanmar ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​

ក្រុម​ហ៊ុន​ Yanmare Holding បាន​សម្រេច​ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​រដូវ​កាល​២០១៥-២០១៦​ដែល​មាន​ជា​កញ្ចប់​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​រសៀល​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​នេះ។

 

សន្និសីទ​នៅ​ទី​ស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​ថ្ងៃ​នេះ​សហព័ន្ធ​ទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​មួយ​ទៀត​ហើយ​គឺ​ក្រុម​ហ៊ុន​ Yanmar របស់​ប្រទេស​ជប៉ុន​​ដែល​សម្រេច​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​រដូវ​កាល​២០១៥-២០១៦​​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក។ ការ​ឧបត្ថម្ភ​នេះ​​គឺ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការ​​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា​ស្រប​ពេល​ដែល​សហព័ន្ធ​កំពុង​មាន​បេសកកម្ម​សម្រាប់​ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា​ជា​ចម្បង។

 ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​ Yanmar ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​ពិធី​ចាប់​គូ​រវាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង Yanmar

 

លោក​បញ្ជាក់​ថា​ ៖«យើង​ត្រូវ​ការ​សម្ភារៈ​សម្រាប់​ហ្វឹកហាត់​ និង​ការ​ប្រកួត​ ការ​ឧបត្ថម្ភ​ និង​ការ​លើក​ទឹក​ចិត្ត​​ដល់​កីឡាករ​ និង​គ្រូ​បង្ហាត់​ ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ម្ហូប​អាហារ​បំប៉ន​ ជា​ដើម​សុទ្ធ​តែ​ត្រូវ​ការ​ថវិកា​សម្រាប់​ចំណាយ។ សហព័ន្ធ​បាន​ស្វះ​ស្វែង​រក​ដៃ​គូ​ឧបត្ថម្ភ​ ហើយ​ពេល​នេះ​យើង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ក្រុម​ហ៊ុន​ Yanmar Holding ដែល​បាន​បោះ​ជំហាន​ចូល​មក​ធ្វើ​ជា​ដៃ​គូ​ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​កម្ពុជា​នា​ពេល​នេះ»។

 

ចំណែក​លោក​ Ken Araki តំណាង​ក្រុម​ហ៊ុន​បាន​និយាយ​ថា ក្នុង​នាម​ខ្លួន​លោក​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​ហ៊ុន​ជឿ​ជាក់​លើ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដែល​កំពុង​ខំ​ប្រឹង​អភិវឌ្ឍ​បាល់ទាត់​នៅ​កម្ពុជាឈាន​ឆ្ពោះ​ទៅ​រក​ការរីន​ចម្រើន​គួរឲ្យ​​កត់​សំគាល់។ ក្នុង​នាម​ជា​​ដៃ​គូ​​ឯក​ជន​ លោក​សប្បាយ​រីក​រាយ​ដែល​បាន​ចូល​រួម​ចំណែក​អភិវឌ្ឍ​ និង​លើក​កម្ពស់​បាល់ទាត់​កម្ពុជា។

 

លោក​បញ្ជាក់​ថា ៖«​នៅ​ចំពោះ​មុខ​ យើង​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ តែ​នៅ​ពេល​ខាង​មុខ​ៗ​ទៀត​ យើង​អាច​នឹង​ឧបត្ថម្ភ​សម្ភារៈ​​ដូច​ជា​សំលៀក​បំពាក់​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​ យើង​នឹង​ប្រឹង​​ប្រែង​ធ្វើ​យ៉ាង​ឲ្យ​មាន​សកម្មភាព​កាន់​តែ​ច្រើន​រវាង​ក្រុម​បាល់ទាត់​កម្ពុជា​ និង​ក្រុម​បាល់ទាត់​ដ៏​ល្បី​នៅ​ជប៉ុន​​គឺ​ Cerezo Osaka ​ដែល​បាន​បណ្តុះ​បណ្តាល​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Shinji Kagaw ជា​ដើម»។​​​​

នៅ​ក្នុង​សន្នីសីទ​នេះ​មាន​វត្តមាន​លោក ខៀវ សាម៉េត អនុប្រធាន​បាល់ទាត់​កម្ពុជា លោក​ Ken Araki តំណាង​ក្រុម​ហ៊ុន​ លោក​ Kohzo Tashima អនុប្រធាន​បាល់ទាត់​ជប៉ុន​ លោក​ គល់ សុផាណា អគ្គលេខាធិការ​បាល់ទាត់​កម្ពុជា​ និង​​លោក Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​ ព្រម​ទាំង​​​កីឡាករ​ ធារី ចន្ថាប៊ីន និង​ប្រាក់ មុន្នីឧត្តម​ផង​ដែរ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​