កងទ័ព​រុ​ស្ស៊ី​និយាយ​ថា ទម្លាក់​គ្រាប់បែក​លើ​បណ្តា​គោលដៅ​នៅ​ស៊ី​រី​ដោយសារ​ព័ត៌មាន​ផ្តល់​ឱ្យ​ដោយ​បណ្តា​ក្រុមប្រឆាំង

កងទ័ព​រុ​ស្ស៊ី​អះអាង​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ថា ការ​ទម្លាក់​គ្រាប់បែក​លើ​បណ្តា​គោលដៅ​នៅ​ស៊ិ​រី​គឺ​ដោយសារ​ព័ត៌មាន​នានា​ផ្តល់​ឱ្យ​ដោយ​តំណាង​របស់​បណ្តា​ក្រុមប្រឆាំង​ស៊ី​រី ។

នា​ថ្ងៃ​ទី​៣ វិច្ឆិកា​នោះ រុ​ស្ស៊ី​និយាយ​ថា បាន​បង្កើត​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​ប្រឆាំង​និយម​កណ្តាល​ស៊ី​រី ដើម្បី​អាច​សម្របសម្រួល​គ្នា​លើ​ប្រតិបត្តិការ​នានា​ប្រឆាំង​ពួក​ភេរវ​ករ ហើយ​សម្រួល​ដល់​ដំណើរការ​បង្រួបបង្រួម​ស៊ី​រី ។

ឧត្តមសេនីយ៍​អាន​ដ្រេ​កា​តា​ប៉ូ​ឡូ​វ នាយក​ផ្នែក​ប្រតិបត្តិការ​នៃ​សេនាធិការដ្ឋាន​កងទ័ព​រុ​ស្ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ថា ការ​ទាក់ទង និង​បណ្តា​ក្រុម​សម្របសម្រួល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ស៊ី​រី​ជាមួយ​បណ្តា​កងកម្លាំង​ស្នេហា​ជាតិ​ក្នុង​គោលបំណង​សម្រប​សម្រួលការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​ភេរវ​ករ ។

ឧត្តមសេនីយ៍​រូប​នេះ​បន្ត​ថា ទោះបី​មាន​ជម្លោះ​ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ​ក្តី ក៏​បណ្តា​កងកម្លាំង​ស្នេហា​ជាតិ​ទាំងនេះ​បាន​ចាត់​ទុក​បូរណភាព និង​អធិបតេយ្យភាព​របស់​ស៊ី​រី ក្នុង​ឋានៈ​ជា​រដ្ឋ​មួយ​ពុំ​មាន​ភេរវកម្ម​ពីលើ​ម​ហិ​ច្ឆិ​តា​នយោបាយ​របស់​ពួក​គេ ។ ដោយ​ប្រើប្រាស់​ការ​សម្របសម្រួល​ផ្តល់​ដោយ​ក្រុមប្រឆាំង​ស៊ី​រី បណ្តា​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា បាន​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​២៤​នៅ​ស៊ី​រី ។

យោង​តាម​ឧត្តមសេនីយ៍​រុ​ស្ស៊ី​រូប​នេះ​ថា សរុប​កង​យន្តហោះ​រុ​ស្ស៊ី​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​១.៦៣១​លើក ហើយ​វាយប្រហារ​លើ​គោលដៅ​២.០៨៤ តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​យោធា​របស់​ក្រុង​មូ​ស្គូ ពី​ថ្ងៃ​ទី​៣០ កញ្ញា មក ។

ឧត្តមសេនីយ៍​កា​តា​ប៉ូ​ឡូ​វ​អះអាង​ទៀត​ថា ជំរំ​ហ្វឹកហ្វឺន​ពួក​ភេរវ​ករ​៥២​កន្លែង ឃ្លាំង​ស្តុក​គ្រាប់រំសេវ​១៥៥​កន្លែង ព្រមទាំង​រោង​ជាង​ផលិត​គ្រាប់​មីន ឬ​មី​ស៊ី​ល​៤០​កន្លែង​ត្រូវ​កម្ទេច ដែល​រួមចំណែក​ធ្វើ​ឱ្យ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ជួប​ភាព​ច្របូកច្របល់ និង​ជួប​បញ្ហា​នៃ​ការ​ផ្គត់ផ្គង់ ។

ម្យ៉ាងវិញទៀត មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា អ្នក​បើក​យន្តហោះ​ម្នាក់​របស់​កងទ័ពអាកាស​អា​េ​ម​រិ​ក​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា បាន​សាកល្បង​ទាក់ទង​ជាមួយ​ក្រុម​យានិក​នៃ​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​មួយ​គ្រឿង នៅ​ពីលើ​ភាគ​កណ្តាល​ស៊ី​រី ដែល​នេះ​ជា​ការ​អនុវត្ត​នីតិវិធី​សន្តិសុខ​ដែល​អនុម័ត​កាលពី​ខែ​មុន​ជាមួយ​រុ​ស្ស៊ី ។

ប្រភព​ព័ត៌មាន​យោធា​អា​េ​ម​រិ​ក​បញ្ជាក់​ថា យន្តហោះ​ទាំង​២ ស្ថិត​នៅ​ឃ្លាត​គ្នា​ចម្ងាយ​ប្រមាណ​ជា​៨​គីឡូម៉ែត្រ ហើយ​ការ​ទាក់ទង​គ្នា​មាន​រយៈពេល​៣​នាទី ។

ឧត្តមសេនីយ៍​អាន​ដ្រេ កា​តា​ប៉ូ​ឡូ​វ សមាជិក​សេនាធិការដ្ឋាន​កងទ័ព​រុ​ស្ស៊ី មុន​នេះ​បាន​និយាយ​ពី​សមយុទ្ធ​រួម​រុ​ស្ស៊ី​-​អា​មេ​រិ​កមួយ​ចូលរួម​ដោយ​កងទ័ព​នៅ​លើ​ដី និង​អ្នក​បើក​យន្តហោះ​នៅ​ស៊ី​រី ក៏​ប៉ុន្តែ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​ថា វា​មិន​ត្រូវ​ទេ ដែល​និយាយ​ថា សមយុទ្ធ ហើយ​នោះ​គ្រាន់តែ​ជា​ការ​សាកល្បង​មួយ​ប៉ុណ្ណោះ ។

សហរដ្ឋ​អា​េ​ម​រិ​ក និង​រុ​ស្ស៊ី​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២០ តុលា លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​បណ្តា​វិធានការ​ដែល​ត្រូវ​ចាត់ ដើម្បី​ចៀសវាង​រាល់​ឧប្បត្តិហេតុ​ក្នុង​ពេល​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​ទាំង​២​នៅ ស៊ី​រី ។

ឧត្តមសេនីយ៍​កា​តា​ប៉ូ​ឡូ​វ ថ្លែង​ម្យ៉ាងទៀត​ថា កងទ័ព​រុ​ស្ស៊ី និង​កងទ័ព​អីុ​ស្រា​អែ​ល​តែង​ទាក់ទង​គ្នា​ជាប់​លើ​សភាពការណ៍​ក្នុង​ដែនអាកាស​ស៊ី​រី ៕