​​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ២​ខ្សែ​ នៅ​ក្នុង​សង្កាត់​ស្ពានថ្ម និង​សង្កាត់​រលួស

​រាជ​ធានីភ្នំពេញ​ ៖ គណៈ​អភិបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោកអភិបាល​ខណ្ឌ នុ​ត ពុធ​ដា​រ៉ា​ បាន​ធ្វើ​ពិធី​បើកការដ្ឋាន​ស្ថាបនា​ផ្លូវចាក់​ក្រាល​បេតុង​គ្មាន​ស​រសៃ​ដែក​​២​ខ្សែ​​កាលពី​វេលាព្រឹក​ថ្ងៃ​ទី​៤ ​វិច្ឆិកា ​២០១៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​២ គឺ​សង្កាត់ស្ពានថ្ម និង​សង្កាត់​រលួស ខណ្ឌដង្កោ​ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ។

​លោក​អភិបាល​ខណ្ឌដង្កោ​ បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀតក្នុង​មូលដ្ឋាន ដែល​សង្កាត់​ទាំង​២​ទទួល​បាន​តាម​រយៈ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​មូលនិធិ​សង្កាត់​ឆ្នាំ​២០១៥ ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោម​ការ​ដឹកនាំប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ។ ​

លោក​អភិបាល​ ក៏​បាន​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា សូម​មេត្តា​យោគយល់ ​អធ្យាស្រ័យ ​ចំពោះ​ផល​ប៉ះពាល់​តិចតួច ដែល​កើត​មាន​ឡើងក្នុង​ពេល​ស្ថាបនា និង​ការ​ពង្រីក​ផ្លូវ និង​សូម​ជួយ​តាមដាន​លើ​ការស្ថាបនា​របស់​ក្រុមហ៊ុន​ដែល​​ទទួល​ការ​ស្ថាបនា​នេះ ​ដោយសារ​​​ប្រជាពលរដ្ឋទាំងអស់​ជា​ម្ចាស់​គម្រោង​ផ្ទាល់​ ។​ ដើម្បី​បានដឹង​ថា ​ក្រុមហ៊ុន​​នេះស្ថាបនា​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ ឬអត់ ​​បើ​ពិនិត្យ​ឃើញថា​ មិន​ត្រឹមត្រូវ​ទេ ​សូម​រាយការណ៍​ដល់​អាជ្ញាធរ​សង្កាត់​ដើម្បី​ចុះ​ពិនិត្យ និង​តាមដាន ​ព្រមទាំង​ធ្វើការ​កែ​លម្អ​ឡើង​វិញ ​។

លោក​ នុ​ត ពុធ​ដា​រ៉ា បាន​បន្ត​ថា គម្រោង​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​នៅ​ថ្ងៃនេះ​ជា​ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក ប្រើប្រាស់​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១៥ ​ក្នុង​នោះ​សង្កាត់​ស្ពានថ្ម ទទួល​បាន​ផ្លូវ​បេតុងគ្មាន​ស​សៃ​ដែក​១​ខ្សែ ប្រវែង២៦៥​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​គោក​ឪឡឹក​ និង​សង្កាត់​រលួស ទទួល​បាន​ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក១​ខ្សែ ប្រវែង២៧២​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​ កម្រាស់​០,១៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កណ្តាល​ ។

លោក​អភិ​បាល​​ខណ្ឌ ​ក៏​បាន​ណែនាំ​​​ដល់​​​ប្រជាពលរដ្ឋឲ្យ​ចូលរួមថែរក្សា​ផ្លូវ ដើម្បី​​ប្រើ​​ប្រាស់​យូរអង្វែង​ ជា​ពិសេស​អប់រំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​លឿន​ពេក​សូម​ចូលរួមអនុវត្ត​​គោលនយោបាយ​ភូមិ​/ឃុំ​មានសុវត្ថិភាពទាំងអស់​គ្នា​ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​នានា​នៅ​ក្មុ​ង​មូលដ្ឋាន​​ទាំងអស់​គ្នា ​៕​