លោក ម៉ម សូណង់ដូ បដិសេធថា មិនមាន​ទំនាក់ទំនង​ជាមួយ​CPP ហើយ​ត្រៀម​ប្ដឹង​លោក ហ៊ាង ឬ​ទ្ធី វិញ​

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូរ បដិសេធថា លោក​មិនមាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ ហើយ​ពាក្យសម្ដី​ដែល​លោក​បាន​ប្រាប់ថា ឲ្យ​វាយប្រហារ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​កុំ​ប៉ះពាល់​ទៅ​គណបក្ស​ប្រជាជន​នោះ គឺជា​ទ្រឹស្ដី​ដែល​លោក​ចង់បង្ហាញ​យុទ្ធសាស្ត្រ វាយ​គូ​រប​ដិ​បក្ស​ម្ដង​មួយៗ​។ លោក ម៉ម សូណង់ដូរ ក៏​ត្រៀម​ប្ដឹង​លោក ហ៊ាង ឬ​ទ្ធិ វិញ​ដែរ ពីបទ​បរិហា​កេ​រ្ដ៍​។ លោក ហ៊ាង ឫទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លើកឡើងថា ទំនងជា​លោក ម៉ម សូណង់ដូ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ក្រោយពី​ឭ​សម្ដី​លោក ហ៊ាង ឬ​ទ្ធី សង្ស័យថា​ខ្លួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ លោក ម៉ម សូណង់ដូ បាន​បដិសេធ​វិញ​ភ្លាម​។​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូបនេះ អះអាងថា ខ្លួន​មិនដែល​បាន​ទៅ​ជួបគ្នា​ជាមួយ​អ្នកនយោបាយ​គណបក្ស​ប្រជាជន​នោះទេ​។ ឆ្លើយតប​នឹង​លោក ហ៊ាង ឬ​ទ្ធី ដែរនោះ លោក ម៉ម សូណង់ដូ ​ទទួលស្គាល់ថា ខ្លួន​ធ្លាប់​ប្រាប់​សមាជិក​បក្ស​ឲ្យ​វាយប្រហារ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​កុំ​ប៉ះពាល់​ទៅ​គណបក្ស​ប្រជាជន​ពិតមែន។ តែនេះគឺគ្រាន់តែជា​ទ្រឹស្ដី​ដែល​លោក​ចង់បង្ហាញ​យុទ្ធសាស្ត្រ វាយ​គូ​រប​ដិ​បក្ស​ម្ដង​មួយៗ​ប៉ុណ្ណោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ​រូបនេះ ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនដែល​មាន​ទំនាក់ទំនង​រហូត​ទៅ គោះ​កែវ ទៅ​ស៊ី​បាយ​ជាមួយ​គណបក្ស​ប្រជាជន​ពេលណា​។ ហើយ​ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​(​លោក ហ៊ាង ឬ​ទ្ធី​) និង​សមាជិក​ថា ឲ្យ​វាយ​ទៅលើ​គូរ​ប្រកួត​ម្ដង​មួយៗ ដោយ​យុទ្ធសាស្ត្រ​ពន្យល់​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​ឈប់​ជឿ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​គណបក្ស​ប្រជាជន​ក៏​ជា​មុខសញ្ញា​គូរ​ប្រកួត​ដ៏​ធំ​ដែរ ទាំងនេះ​គឺជា​ទ្រឹស្តី​មួយ​ថា ត្រូវ​វាយ​សត្រូវ​យើង​ម្ដង​មួយៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ម សូណង់ដូ មុននឹង​បន្ថែមថា លោក​ក៏​ត្រៀម​ប្ដឹង​បក​ទៅ​លោក ហ៊ាង ឬ​ទ្ធី វិញ​ដែរ ពីបទ​«​បរិហា​កេ​រ្ត៍​» ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​និង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​គណបក្ស​របស់លោក ។​

​លោក ហ៊ាង ឬ​ទ្ធី អះអាងថា ខ្លួន​មិន​ខ្លាច​លោក ម៉ម សូណង់ដូ ​ដាក់​ពាក្យ​ប្ដឹង​តបវិញ​ឡើយ​។​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ក្រោយ​ការឆ្លើយបំភ្លឺ​នៅ​តុលាការ លោក ហ៊ាង ឫទ្ធី បាន​លើកឡើងថា លោក ម៉ម សូណង់ដូ គឺជា​អ្នកប្រជាធិបតេយ្យ​ក្លែងក្លាយ​។ លោក​បាន​កត់សម្គាល់ថា លោក ម៉ម សូណង់ដូ ទំនង​ជាមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ព្រោះ​លោក ម៉ម សូណង់ដូ តែងតែ​ប្រាប់​រូបលោក ឲ្យ​វាយប្រហារ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិនចាំបាច់​ទៅ​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។​
 
​លោក ហ៊ាង ឫទ្ធី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ជូន​អត្ថន័យ​ទេ​។ រឿង​ភស្តុតាង​ដែល​ខ្ញុំ​បានឃើញ​គាត់​(​លោក​ម៉ម សូណងដូ​) ជា​ឧបករណ៍​គណបក្ស​ប្រជាជន​នោះ​គឺ​មិនឃើញ​ទេ​។ ក៏ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ច្បាស់​ជាងគេ​គឺ​គាត់​បង្គាប់​ខ្ញុំ អនុប្រធាន​គណបក្ស​ឲ្យ​វាយប្រហា​តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​វាយ​គណបក្ស​ប្រជាជន​កម្ពុជា មានន័យថា​គាត់​មាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​ប្រជាជន​បាត់ទៅហើយ​។ អត្ថន័យ​បានន័យថា មិនមែនជា​គណបក្ស​ឯករាជ្យ គណបក្ស​បម្រើ​ឆ​ន្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ​»​។​

​ជាមួយគ្នានេះ​ផងដែរ លោក ហ៊ាង ឫទ្ធី ជឿជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ជាមួយ​គណបក្ស​ដទៃទៀត​នោះឡើយ​។​

​លោក ហ៊ាង ឫទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​បណ្តឹងសុំ​រំលាយ​គណបក្ស​ចេញពី​បញ្ជី​របស់​ក្រសួងមហាផ្ទៃ​។ ការដាក់​បណ្ដឹង​ឲ្យ​រំលាយ​គណបក្ស​នេះ​ធ្វើឡើង​ក្រោយពី​លោក ហ៊ាង ឫទ្ធី និង​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​នេះ មានទំនាស់​ផ្ទៃក្នុង​បក្ស​ជាមួយគ្នា​។​


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​