មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ទូត​អាមេរិក នៅ​រសៀល​ថ្ងៃទី​៤​វិច្ឆិកា​នេះ​

ភ្នំពេញ: លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចូលជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយនឹង​ទូត​អាមេរិក នៅ​រសៀល​នេះ គឺ​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន និង​ជាពិសេស​ករណី​ដក​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ករណី​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីររូប​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ២ និង ៥៥ នាទី រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចូលជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា​។ ក្នុងនោះ កាលពី​វេលា​ម៉ោង ៣ និង​១៥​នាទី ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ជិះឡាន​ចូល​ស្ថានទូត​អាមេរិក បន្ទាប់ពី​លោក កឹម សុខា បាន​ចូលក្នុង​ទូត​អាមេរិក នៅ​ជិត​វត្តភ្នំ បាន​មួយសន្ទុះ​៕