តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន​បុរស ៣ នាក់ ដែល​បាន​ចូល​សារភាព ក្នុង​រឿង​វាយ​អ្នកតំណាងរាស្ត្រ​

ភ្នំពេញ: រហូតដល់​ម៉ោង​ជិត ៥ ល្ងាច​ថ្ងៃទី​៤​វិច្ឆិកា​នេះ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​ការសាកសួរ និង​សម្រេច​ចោទប្រកាន់ ព្រមទាំង​បញ្ជូន​បុរស​ទាំង​បីនាក់ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។ បុរស​ទាំងបី​នាក់​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨ និង ៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា​នេះ ប៉ូលិស​បាន​នាំ​បុរស​បីនាក់ ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បុរស​ទាំង ៣​នាក់​នោះ បាន​ចូល​សារភាព​ក្នុង​សំណុំរឿង​បង្ក​របួសស្នាម លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២ រូប កាលពី​ថ្ងៃទី​២៦​តុលា​។​
 
​ចៅក្រម និង​ព្រះរាជអាជ្ញា បាន​ចំណាយពេល​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​៤​វិច្ឆិកា​នេះ ដើម្បី​សាកសួរ​បុរស​ទាំង​បីនាក់​។ រហូតដល់​ម៉ោង​ជិត ៥ ល្ងាច​នេះ ទើប​បុរស​ទាំងបី ត្រូវបាន​ប៉ូលិស នាំ​ចេញពី​តុលាការ នាំខ្លួន​ទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​សូមបញ្ជាក់ថា បុរស​ទាំងបី​នាក់​នោះ បាន​ចេញមក​សារភាព​នៅ​ចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា​។

​ជន​ទាំង ៣​នាក់​នោះ មានឈ្មោះ ចាយ សារិទ្ធ អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ទី​២ ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ ក្នុង​ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ទី​៣ ឈ្មោះ សុ​ត វណ្ណ​នី អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជន​ទាំង​បីនាក់​នោះ ត្រូវបាន​គេ​បង្ហាញ​ក្នុង​រូបថត និង​វិ​ដេ​អូ ដែល​បាន​វាយ​លើ​លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្រៅ​វិមាន​រដ្ឋសភា កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែតុលា​៕​

តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន​បុរស ៣ នាក់ ដែល​បាន​ចូល​សារភាព ក្នុង​រឿង​វាយ​អ្នកតំណាងរាស្ត្រ​
ជនជាប់ចោទ ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤​ឆ្នាំ ក្នុងរឿងវាយតំណាងរាស្ត្រ ពេលប៉ូលិសនាំចូលតុលាការ នាព្រឹកថ្ងៃទី៤វិចិ្ឆកា​

តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន​បុរស ៣ នាក់ ដែល​បាន​ចូល​សារភាព ក្នុង​រឿង​វាយ​អ្នកតំណាងរាស្ត្រ​
ជនជាប់ចោទ ឈ្មោះ សុ​ត វណ្ណ​នី អាយុ ៤៥​ឆ្នាំ ក្នុងរឿងវាយតំណាងរាស្ត្រ ពេលប៉ូលិសនាំចូលតុលាការ នាព្រឹកថ្ងៃទី៤វិចិ្ឆកា​

តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន​បុរស ៣ នាក់ ដែល​បាន​ចូល​សារភាព ក្នុង​រឿង​វាយ​អ្នកតំណាងរាស្ត្រ​