កសិករ​នៅ​ខេត្ត​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ដំឡូងមី

ផល​ដំឡូងមី​ឆ្នាំ​នេះ​កាន់​តែ​ចុះ​ថោក​ជាង​បណ្ដា​ឆ្នាំ​មុនៗ ធ្វើ​ឲ្យ​ក្រុម​កសិករ​ដាំ​ដំឡូងមី​នៅ​ខេត្ត​មណ្ឌលគិរី អស់​សង្ឃឹម​ដោយសារ​ពួកគាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ប្រាក់​ពី​ការ​ប្រមូល​ផល​ដំឡូង​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ។ ប្រជា​កសិករ​ទាំង​នោះ អ្នក​ខ្លះ​បាន​ខ្ចី​បុល​លុយ​ពី​ធនាគារ​ដើម្បី​ធ្វើ​ដើម​ទុន​ដាំ​ដំឡូងមី ហើយ​ព្រួយ​បារម្ភ​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​គ្មាន​ប្រាក់​បង្វិល​សង​ទៅ​ធនាគារ​វិញ។

កសិករ​ដាំ​ដំឡូង​នៅ​ខេត្ត​មណ្ឌលគិរី អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ជួយ​រក​ទីផ្សារ​ទិញ​ផល​ដំឡូង​ស្រស់​ពី​កសិករ​ឲ្យ​មាន​ស្ថិរភាព​ក្នុង​តម្លៃ ៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង​ទៅ ទើប​កសិករ​អាច​រក​ប្រាក់​ចំណេញ និង​បន្ត​ដាំ​ដំណាំ​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តម្លៃ​ផល​ដំឡូង​ស្រស់​ដែល​កសិករ​ប្រមូល​ផល​នៅ​ដើម​ខែ​វិច្ឆិកា កាន់​តែ​ធ្លាក់​ទាប​គឺ ២៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ប្រៀបធៀប​ទៅ​នឹង​ដើម​ឆ្នាំ​២០១៤ ដំឡូងមី​ស្រស់​មាន​តម្លៃ​ជា​មធ្យម​ជាង ៣០០​រៀល ក្នុង​មួយ​គីឡូក្រាម។

កសិករ​រស់​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លោក ទុយ ហ័រ សំដែង​ទុទ្ទិដ្ឋិនិយម​ថា ប្រសិន​តម្លៃ​ដំឡូង​មិន​បាន​ប្រសើរ​ឡើង​វិញ​ទេ កសិករ​ដាំ​ដំឡូង​នឹង​ប្រឈម​ទៅ​នឹង​វិបត្តិ​ប្រាក់​បំណុល​ធនាគារ ដោយសារ​តែ​កសិករ​ភាគ​ច្រើន​បាន​ខ្ចី​ប្រាក់​មក​ចំណាយ​លើ​ការ​ដាំ​ដំឡូង។ លើស​ពី​នេះ​ទៀត លោក​ក៏​បារម្ភ​ទៅ​នឹង​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​កសិករ ជាពិសេស​ការ​បាត់​បង់​ដីធ្លី​ដោយសារ​តែ​ធនាគារ​រឹប​អូស ប្រសិន​កសិករ​គ្មាន​ប្រាក់​សង​ធនាគារ។

លោក ទុយ ហ័រ៖ «២០០ ទៅ ២៦០ (រៀល) ស្រស់​ដូចគ្នា តែ​វា​ចុះ​ច្រើន ដល់​អ៊ីចឹង​រត់​ថ្លៃ​ធនាគារ​អត់​រួច ចុះ​ថោក​ពេក​ទៅ​ហើយ។ ខ្មែរ​យើង​ពី​ឆ្នាំ​ទៅ​មក​ពី​ខាង​ដា ពី​ខាង​មេមត់ មក​ដល់ អ៊ីចឹង​បាន​ថ្លៃ ដល់​មក​ពី​ខាង​យួន​តែមួយ វា​កប់​ត្រឹម ២៦០​តែម្ដង។ ជួប​អ៊ីចឹង​ទាំង​អស់​គ្នា ណា​មួយ​ដំឡូង​មាន​ជំងឺ​រលួយ​ទាំង​អស់​គ្នា»

ដូច​គ្នា​នេះ​ដែរ កសិករ​រស់​នៅ​ឃុំ​ស្រែព្រះ លោក ឃុំ កាន រៀបរាប់​ថា ពីរ​ទៅ​បី​ឆ្នាំ​បន្តបន្ទាប់​គ្នា​នេះ ពួកគាត់​មិន​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់​ផល​ដំឡូងមី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ឡើយ។

យ៉ាង​ណា​មិញ កសិករ​ដាំ​ដំឡូង​កាន់​តែ​អស់​សង្ឃឹម​នៅ​ពេល​ឈ្មួញ​វៀតណាម ប្រមូល​ទិញ​ដំឡូង​កាន់​តែ​បន្ថោក​តម្លៃ​ដំឡូង​របស់​កសិករ។ លោក​កត់សំគាល់​ថា កសិករ​បាន​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​ការ​ដាំ​ដុះ ថែទាំ និង​ការ​ប្រមូល​ផល​ដំឡូង ហេតុ​នេះ​ប្រសិន​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​មិន​ជួយ​រក​ទីផ្សារ​ផល​ដំឡូង​នេះ​ទេ កសិករ​នឹង​ប្រឈមមុខ​ហានិភ័យ​ខ្ពស់​ក្នុង​ជីវភាព​រស់​នៅ៖ «ដំឡូងមី​ស្រស់​ឥឡូវ​គេ​លក់​តែ ២៣០ ឥឡូវ​ធ្លាក់​នៅ ២២០​ទៀត។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ទៅ​រាជរដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទីផ្សារ ដល់​អ៊ីចឹង​ទៅ​ពិបាក​ប្រជាពលរដ្ឋ​អ្នក​ផលិត​ណា!»

កសិករ​នៅ​ខេត្ត​មណ្ឌលគិរី ភាគ​ច្រើន​ប្រមូល​ផល​ដំឡូងមី​ស្រស់​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​ស្រុក​ប្រមូល​ទិញ​ដុំ​កាល​ពី​ឆ្នាំ​២០១៤ ជា​មធ្យម​មាន​តម្លៃ​ជាង ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ជា​តម្លៃ​ថោក បើ​ប្រៀបធៀប​ការ​ចំណាយ​របស់​កសិករ​ដាំ​ដំឡូង​មាន​កម្រិត​ខ្ពស់។ ចំណែក​នៅ​ដើម​រដូវ​ប្រមូល​​ផល​ដំឡូង​ឆ្នាំ​នេះ កសិករ​សង្កេត​ឃើញ​មាន​សុទ្ធតែ​ឈ្មួញ​វៀតណាម ចូល​មក​ប្រមូល​ទិញ​ដំឡូង​អ្នក​​ភូមិ ហើយ​កំណត់​តម្លៃ​ទិញ​ចូល​កាន់​តែ​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ។

អាជីវករ​ប្រមូល​ទិញ​ដំឡូង គឺ​អ្នកស្រី លី ធាវី ទទួល​ស្គាល់​ថា តម្លៃ​ផលិតផល​ដំឡូង​ពិត​ជា​ធ្លាក់​ថ្លៃ ក៏ប៉ុន្តែ​អ្នកស្រី​កត់សំគាល់​ថា ឈ្មួញ​ដែល​ទទួល​ទិញ​ផល​ដំឡូង​មាន​តិច គឺ​ជា​កត្តា​ធ្វើ​ឲ្យ​តម្លៃ​ប្រមូល​ទិញ​កាន់តែ​ធ្លាក់​ចុះ។

អ្នកស្រី​បញ្ជាក់​ថា ការ​ចំណាយ​ដឹក​ជញ្ជូន ចំណាយ​ទៅ​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវ និង​ការ​ចំណាយ​សម្រាប់​សមត្ថកិច្ច​ច្រក​ព្រំដែន រួម​ទាំង​ការ​ចំណាយ​ទៅ​ឲ្យ​សមត្ថកិច្ច​នៅ​ប្រទេស​វៀតណាម ក៏​ជា​បន្ទុក​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​អាជីវករ​ប្រមូល​ទិញ​នាំ​ក្នុង​ស្រុក​​ខ្លះ​បោះបង់​អាជីវកម្ម​នេះ​ចោល៖ «អា​ស្រស់​តែ ២៩០ នៅ​វៀតណាម បើ​មាន​អា​ស្រស់ បើ​ទិញៗ ១៥០​រៀល ឬ ១៨០​រៀល អ៊ីចឹង​អ្នក​ចំការ​គេ​អត់​ហ៊ាន​ដក វា​ខាត»

​ទាក់ទិន​ដំឡូង​មី​មាន​តម្លៃ​ទាប​នេះ អតីត​ប្រធាន​គម្រោង​អាណាឌីយ៉ា អង្គការ​សេដាក លោក យន់ សំណល់ ធ្លាប់​បាន​បញ្ជាក់​ថា កង្វះ​ការ​ចូលរួម​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ខកខាន​មិន​បាន​ជួយ​រក​ទីផ្សារ​ជូន​កសិករ​បាន​ទាន់​ពេល​វេលា។ ដោយ​ឡែក​កសិករ​ដាំ​ដំឡូង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាព​ផល​ដំឡូង​របស់​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​បន្ថោក​តម្លៃ​ផល​ដំឡូង​បាន។ លោក​បន្ត​ទៀត​ថា កសិករ​ដាំ​ដំឡូង​គួរ​ចងក្រង​គ្នា​ជា​សមាគម​ដើម្បី​ប្រមូល​ផល​ដំឡូង​បាន​បរិមាណ​ច្រើន​សម្រាប់​ទីផ្សារ​នាំ​ចេញ និង​អាច​កំណត់​តម្លៃ​លក់​ចេញ​សមស្រប​​តាម​ទីផ្សារ​ក្រៅ​ប្រទេស។

លោក យន់ សំណល់៖ «បើសិនជា​រដ្ឋាភិបាល​មិន​បាន​ជួយ​គាំទ្រ​ថា ឥឡូវ​តម្លៃ​ដំឡូង​មី​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប៉ុណ្ណា ហើយ​គួរ​តែ​កម្រិត​តម្លៃ​ថ្នាក់​ជាតិ​នាំ​ចេញ​តម្លៃ​ប៉ុន្មាន បើ​មិន​អ៊ីចឹង​ទេ តម្លៃ​នៅ​តែ​ក្រឡុក​ដដែល។ កសិករ​យើង​គាត់​ខ្ចី​លុយ​ពី​ធនាគារ​យក​ទៅ​ធ្វើ​ក្នុង​ករណី​គាត់​ផលិត​បាន ជា​ពិសេស​ដំឡូង​គាត់​អត់​​អាច​ទុក​យូរ​បាន​ទេ»

តួលេខ​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​មណ្ឌលគិរី មាន​បរិមាណ​ដំឡូង​ស្រស់​ជាង ២០​ម៉ឺន​តោន ដែល​កសិករ​ដាំ​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៤។

ទាក់ទិន​បញ្ហា​ទីផ្សារ​នេះ​ដែរ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​មណ្ឌលគិរី គឺ​លោក សុខ សិរី អះអាង​ដែរ​ថា ក្រសួង​ពាណិជ្ជកម្ម​យក​ចិត្ត​ទុក​ដាក់​ណែនាំ​មន្ត្រី​ជំនាញ​ឲ្យ​ត្រួតពិនិត្យ​មិន​ឲ្យ​មាន​ឈ្មួញ​ប្រមូល​ទិញ​ផ្ដាច់មុខ​ដែល​ឆ្លៀត​ឱកាស​បន្ថោក​តម្លៃ​ផល​កសិកម្ម​របស់​កសិករ​នោះ​ទេ។ លើស​ពី​នោះ​ទៀត លោក​ថា ក្រសួង​កំពុង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ចលនា​ឲ្យ​កសិករ​ដាំ​ដំឡូង រួម​គ្នា​បង្កើត​ជា​សមាគម​កសិករ​ដើម្បី​ប្រមូល​ផល​ដំឡូង​បាន​ច្រើន​តាម​តម្រូវ​ការ​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់។ ដោយ​ឡែក​ទៀត កសិករ​​ក៏​ត្រូវ​តែ​ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន​តម្រូវ​តាម​ទីផ្សារ​ប្រមូល​ទិញ ទើប​អាច​ប្រកួតប្រជែង​តម្លៃ​បាន​ប្រសើរ។

លោក សុខ សិរី៖ «ខ្ញុំ​ត្រួត​ពិនិត្យ​ដែរ គោលការណ៍​របស់​ក្រសួង​គ្រប់​ខេត្ត ក្រុង មើលៗ​តើ​មាន​អាជីវករ​ណា​ប្រមូល​ទិញ​​ផ្ដាច់មុខ មិន​មែន​តែ​ដំឡូង​ទេ ស្រូវ​ក៏ដោយ អង្ករ ពោត សណ្ដែក​ក៏ដោយ តែ​ផ្ដាច់មុខ​អត់​បាន​ទេ។ ខ្ញុំ​មិន​​គ្រាន់​រាយការណ៍​បន្ទាន់​ទៅ​អាជ្ញាធរ​ទេ ទៅ​អាជ្ញាធរ​ខេត្ត បើ​ខេត្ត​ដោះស្រាយ​មិន​បាន រាយការណ៍​​ទៅ​ក្រសួង។ នៅ​កែវសីមា ថា​មិន​បាន​ទេ នៅ​ជិត​ព្រំដែន​វៀតណាម ថា​មិន​បាន បងប្អូន​វា​ចេញ​ចូល​​តាម​ជាយ​ដែន​ដែរ ប៉ុន្តែ​ខ្មែរ​យើង​ទៅ​ទិញ​ច្រើន ជួនកាល​បងប្អូន​ខ្មែរ​មាន​ឡាន​ចូល​ទិញ​​ដល់​ចម្ការ»

​កាល​ពី​ឆ្នាំ​២០១៤ ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ដឹង​ថា អាជីវករ​ប្រទេស​ចិន មាន​តម្រូវ​ការ​ប្រមូល​ទិញ​ដំឡូង​ពី​ប្រទេស​កម្ពុជា ហេតុ​នេះ​មន្ត្រី​ជំនាញ​រំពឹង​ថា តម្លៃ​ដំឡូង​នឹង​កើន​ឡើង​វិញ​បន្ទាប់​ពី​ក្រុមហ៊ុន​ចិន ចុះ​​ប្រមូល​ទិញ​ដំឡូង​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏​ប៉ុន្តែ​ជាក់ស្ដែង​កសិករ​នៅ​ខេត្ត​មណ្ឌលគិរី ឃើញ​​មាន​តែ​អាជីវករ​ក្នុង​ស្រុក​មក​ប្រមូល​ទិញ​ផល​ដំឡូង​ក្នុង​តម្លៃ​ថោក​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។