គ្រួសារ​នៃ​អ្នក​ការពារ​តំបន់​អារ៉ែង​ដែល​កំពុង​ជាប់​ឃុំ​ស្នើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះលែង

គ្រួសារ​សមាជិក​ចលនា​មាតា​ធម្មជាតិ និង​ភរិយា​ប្រធាន​សហគមន៍​អារ៉ែង លោក វ៉ែន វ៉ន ស្នើ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ​នានា​ជួយ​អន្តរាគមន៍ ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ បាន​រួច​ពី​ការ​ឃុំ​ខ្លួន។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ស្រប​ពេល​គ្នា​នេះ​ដែរ ក្រុម​គ្រួសារ​ទាំងពីរ បង្ហាញ​អំពី​ស្ថានភាព​រស់​នៅ​សព្វថ្ងៃ កំពុង​ជួប​ការ​លំបាក​បន្ទាប់​ពី​គ្រួសារ​របស់​ពួកគេ ត្រូវ​សមត្ថកិច្ច​ខេត្ត​កោះកុង​ចាប់​ខ្លួន​ឃុំ​ក្នុង​ពន្ធ​នាគារ។

សមាជិក​ចលនា​មាតា​ធម្មជាតិ​៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ឃុំ​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១៧ ខែ សីហា ឆ្នាំ២០១៥ ចំណែក​លោក វ៉ែន វ៉ន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ​២០១៥។

លោកស្រី ថា សុភា ភរិយា​លោក ស៊ីម សំណាង ដែល​ជា​សមាជិក​ចលនា​មាតា​ធម្មជាតិ​មួយរូប រៀបរាប់​ពី​ស្ថានភាព​ស្វាមី និង​គ្រួសារ​ថា ស្វាមី​របស់​លោកស្រី​កំពុង​មាន​ជំងឺ​ក្រពះ តែ​មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ចូល​ព្យាបាល​នោះ​ទេ បើ​ទោះបីជា​មេធាវី​បាន​ដាក់​លិខិត​សុំ​អនុញ្ញាត​ក៏​ដោយ។ លោកស្រី​បន្ត​ថា ការ​ជាប់​ឃុំ​របស់​ប្ដី​លោកស្រី ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​នៅ​ក្នុង​គ្រួសារ​មាន​កូន​តូច និង​ម្ដាយ​ពិការ​ដែល​កំពុង​មាន​ជំងី​នៅ​ក្នុង​បន្ទុក។

ទោះ​យ៉ាង​នេះ​ក្តី សំណើ​របស់​ពួក​គាត់​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ខេត្ត​កោះកុង ឬ​រដ្ឋាភិបាល​នោះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។