ជប៉ុន​នាំ​យក​ខ្សែភាពយន្ត​របស់​ខ្លួន​មក​បញ្ចាំង​​​លើក​ដំបូង​នៅ​សាល​មហោស្រព​ចតុមុខ​​

រាជធានី​ភ្នំពេញ ​៖ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មហោស្រព​ភាព​ជប៉ុន​លើក​ដំបូង​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹ​ងថា​ ការ​សម្ពោធ​ខ្សែ​ភាពយ​ន្ត​ជប៉ុន​លើក​ដំបូង​របស់​ជប៉ុន​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សា​លម​ហោ​ស្រព​ចតុមុខ ​​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​៥ ​វិច្ឆិកា​ ។​ កម្មវិធី​នេះ​ ត្រូវ​បាន​គេ​សង្ឃឹមថានឹង​អាច​មាន​អ្នកចូលរួម​មើល​ប្រមាណ​៨០០​នាក់​ដែល​ជា​ភ្ញៀវ​កិត្តិយស​មក​ពី​ប្រទេស​ជប៉ុន​ និង​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ​។

​ការ​បើក​សម្ពោធ​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​ពេល​នេះ​ គឺ​បាន​អនុញ្ញាត​ឲ្យ​ខ្សែភាពយន្ត​ចំនួន​១៧ ​ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​បន្ទាប់​ ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​ នៅ​តាម​រោង​ភាពយន្ត​ចំនួន​២​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​នៅ​រោង​ភាពយន្ត Major Cineplex ​និង​រោងភាពយន្ត Lelenf ​។ ​ខ្សែភាពយន្ត​ទាំង​១៧​នេះ​សុទ្ធសឹង​​ជា​ខ្សែភាពយន្ត​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ និង​ល្បីល្បាញ​នៅ​ប្រទេស​ជប៉ុន ក៍​ដូច​ជា​ប្រទេស​នៅ​បណ្តា​អឺរ៉ុប​ជា​ច្រើន ​។

​នេះ​ជា​មហោស្រព​ដែល​ប្រមូលផ្តុំទៅ​ដោយ​ខ្សែភាពយន្ត​មាន​គ្រប់​រស់ជាតិ ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ និង​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ប្រទេស​ជប៉ុន​ ។ ខ្សែភាពយន្ត​ទាំងនោះ ​រួម​មាន ភាពយន្ត​បែប​បុរាណ សម័យ អប់រំ គំនូរជីវចល​ និង​ខ្សែភាពយន្ត​ឯកសារ​ជាដើម ​។

​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​ព្រះរាជា​ណា​កម្ពុជា​ជា​លើក​ដំបូង​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​ការ​សហកា​រឧត​ប​ត្ថ​ម្ភ​ពី​មូល​និ​ធី​ជប៉ុន​អាស៊ី​ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ពង្រឹង​ចំណងមិត្តភាព​ រវាង​កម្ពុជា​និង​ជប៉ុន​ ឲ្យ​កាន់តែ​ជិត​ស្និទ្ធ ព្រមទាំង​ស្វែង​យល់​ពី​គ្នា​តាម​រយៈ​សិល្បៈ​ភាពយន្ត​ដែល​ត្រូវ​បាន​បញ្ចាំង​នេះ ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា​ កម្មវិធី​នេះ​ក៍​មាន​សិក្ខាសាលា​ខ្លី​ៗ​និយាយ​អំពី​របៀប​ដឹកនាំ​រឿង​មានការ​បង្ហាត់បង្ហាញ​ដោយ​អ្នកដឹកនាំ​រឿង​ជនជាតិ​ជប៉ុន​ផ្ទាល់​​។​ នេះ​ជា​ឱកាសល្អ​សម្រាប់​សិស្សានុសិស្ស​ និង​ប្រជាជន​កម្ពុជា​គ្រប់​រូប ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ចំណង់​ចិត្តខ្លាំង​ផ្នែក​ភាពយន្ត​បាន​សិក្សា​ស្វែង​យល់​ពី​ភាព​ខុស​ប្លែក​នៃ​ការ​ដឹកនាំ​រឿង​របស់​ជប៉ុន ​។

​កា​រៀបចំ​មហោស្រព​ភាពយន្ត​នេះ​ឡើង ​គឺ​​​អនុញ្ញាត​ឲ្យ​ប្រជាជន​មានឱកាស​បាន​ចូល​ទស្សនា​ភាពយន្ត​ជប៉ុន​ដោយ​សេរី​ និង​​​បង់ប្រាក់​អ្វី​ឡើយ ​។ ​សម្រាប់​ការ​ចូលរួម​ទស្សនា​​ភាព​ទាំងអស់​នឹង​មាន​ផ្តល់​ជា​សំបុត្រ​ដោយ​ក្រុម​អ្នក​ស័្មគ្រ​ចិត្ត​របស់​មហោស្រព​នៅ​តាម​រោង​ភាពយន្ត​​ទាំង​ពីរ​ដូច​មានឈ្មោះ​រៀបរាប់​ខាងលើ​ ៕