កម្ពុជា-ជប៉ុន នឹងសម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ នូវគម្រោងការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃ ប្រទេសជប៉ុន (JICA) នឹងរៀប ចំពិធីដាក់ សម្ពោធឲ្យ ប្រាស់ជាផ្លូវការនូវ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានី ភ្នំពេញជំហ៊ានទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ JICA ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះបានឲ្យដឹងថា ពិធីសម្ពោធ ឲ្យប្រាស់ជាផ្លូវការនូវគម្រោងការពារទឹកជំនន់ ជំហ៊ានទី៣នេះនឹងធ្វើឡើង នៅបរិវេណសួនច្បារមុខវត្តបុទុមវតីក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងលោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា គម្រោងនេះ បង្កើតឡើងក្នុងគោលបំណង ទី១ សាងសង់បណ្តាញលូមេដែល មានប្រវែង ២០,១ គីឡូម៉េត្រ ២ ផ្តល់រថយន្តបាញ់ទឹកលាងសម្អាតបណ្តាញលូចំនួន៤គ្រឿង និងទី៣ ផ្តល់ជំនួយ បច្ចេកទេស ដើម្បីលើកកម្ពស់សមត្ថភាពលូទឹក បូមទឹក និងស្ថានីយចម្រោះសម្អាតទឹកកាកសំណល់រាជធានីភ្នំពេញ លើការគ្រប់គ្រងប្រតិបត្តិការ និងជួសជុលថែទាំសម្អាតបណ្តាញលូ៕