ពលរដ្ឋ​ជាង​៦០​នាក់​នៅ​ស្រុក​បន្ទាយស្រី​បិទ​ផ្លូវ​លំ​ជា​លើក​ទី​២​មិន​ឲ្យ​ឡាន​ដឹក​ខ្សាច់​ឆ្លង​កាត់

អ្នក​ភូមិ​តានី នៃ​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​លំ​មួយ​ខ្សែ មិន​ឲ្យ​ឡាន​ដឹក​ខ្សាច់ និង​ដឹក​ដី​ឆ្លង​កាត់​បាន​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​៤ ខែ​វិច្ឆិកា។

ការ​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​នេះ បណ្ដាល​មក​ពី​អ្នក​ភូមិ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន ដែល​មាន​ឡាន​ធំៗ​ដឹក​ដី និង​ខ្សាច់​ឆ្លង​កាត់​ក្នុង​ល្បឿន​លឿន មិន​គិតគូរ​ពី​គ្រោះថ្នាក់​ដល់​សិស្ស​សាលា​តូចៗ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ដី​ហុយ​ប៉ះពាល់​សុខភាព​ផង។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​តានី ឃុំ​រុនតាឯក ប្រមាណ ៦០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ជួប​ចរចា​ជាមួយ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន ដែល​មាន​ឡាន​ធំៗ​ដឹក​ខ្សាច់​ឆ្លង​កាត់​តាម​ផ្លូវ​លំ​របស់​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​វិច្ឆិកា។

ក្នុង​ការ​ជួប​ចរចា​គ្នា​ជាច្រើន​ម៉ោង ក្រុម​អ្នក​ភូមិ​ទាំង​នោះ​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​តឹង​តែង មិន​ព្រម​បើក​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ដែល​ឆ្លង​កាត់​ភូមិ​របស់​គេ ទៅ​កាន់​ភូមិ​ធម្មជាតិ​រុនតាឯក ដើម្បី​ឲ្យ​រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​នានា បាន​ឆ្លង​កាត់​ដូច​ធម្មតា​វិញ​នៅ​ឡើយ។

ក្រុម​អ្នក​ភូមិ​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​ពេល​ជួប​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ដឹក​ខ្សាច់ សុខ ហ្កិច កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​វិច្ឆិកា ថា ទោះ​យ៉ាង​ណា ពួក​គេ​មិន​សុខ​ចិត្ត​បើក​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ឲ្យ​ឡាន​ដឹក​ខ្សាច់​ធំៗ​របស់​ក្រុមហ៊ុន​បើក​ឆ្លង​កាត់​ទៀត​ទេ ពីព្រោះ​ឡាន​ធំៗ​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ដី​ហុយ​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​លើ​កុមារ​តូចៗ ដែល​តែង​នាំ​គ្នា​ដើរ​ទៅ​សាលា​រៀន​ផង៖ «ប្រុស៖ ឥឡូវ​វា​នៅ​បញ្ហា​រឿង​ហុយ​ទី​១។ ទី​២ ស្រុត​ដី​ខូច​ផ្លូវ។ ទី​៣ ឡាន​បើក​អត់​មាន​បន្ថយ​ល្បឿន​ទេ ជួន​សិស្ស​ទៅ​សាលា ពួក​អ្នក​បើក​ឡាន​ប្រមាថ​ជាន់​ងាប់ ជាដើម។ ស្រី៖ ខ្ញុំ​ត្រូវ​តែ​បិទ​ផ្លូវ​នេះ​ឲ្យ​បាន ព្រោះ​ថា​កាល​ធ្វើ​ផ្លូវ​នេះ​ដំបូង ប្រជាពលរដ្ឋ​នាំ​គ្នា​លើក​ដី​ដោយ​ដៃ ហើយ​ស៊ូ​ទ្រាំ​នាំ​គ្នា​បុក​អំបិល​ម្ទេស​ចែក​គ្នា​ហូប»

ក្នុង​ពេល​ជួប​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ឡាន​ដឹក​ខ្សាច់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ក្រុម​អ្នក​ភូមិ​តានី បាន​បង្ហាញ​ការ​ប៉ះពាល់ ៨​ចំណុច​ទៅ​លើ​តំបន់​ពួក​គេ​រស់នៅ ដូចជា​ក្រុម​គ្រូបង្រៀន និង​សិស្ស​សាលា​ភ័យ​ខ្លាច​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ឡាន​ដឹក​ដី​បើក​លឿន បញ្ហា​ដី​ហុយ​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​សាធារណៈ និង​ប្រឡាក់​សម្លៀកបំពាក់​របស់​សិស្ស ព្រម​ទាំង​អ្នក​ភូមិ ពេល​ទៅ​សាលា​រៀន និង​ទៅ​ធ្វើ​ពិធី​បុណ្យ​ទាន ព្រម​ទាំង​បញ្ហា​ដែល​រថយន្ត​ធំៗ​ឆ្លង​កាត់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​លំ ជាដើម។

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ឡាន​ដឹក​ដី និង​ខ្សាច់ អ្នកស្រី អេង សុខហ្កិច មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​ទើប​តែ​ទៅ​ធ្វើ​ការដ្ឋាន​ខ្សាច់​នៅ​ក្នុង​ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទបាគង កាល​ពី ៣-៤​ថ្ងៃ​មុន​ប៉ុណ្ណោះ ហើយ​អ្នកស្រី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង ដែល​ក្រុម​អ្នក​ភូមិ​កំពុង​ព្រួយ​បារម្ភ ឲ្យ​តែ​ប្រជាពលរដ្ឋ​យល់​ព្រម​បើក​ផ្លូវ​ឲ្យ​ឡាន​របស់​ក្រុមហ៊ុន​ឆ្លង​កាត់​បាន​ជា​ធម្មតា​ឡើង​វិញ៖ «កំពុង​តែ​មក​ចរចា​ជាមួយ​ពួក​គាត់​ហ្នឹង ធ្វើ​តាម​សំណូមពរ​របស់​គាត់ គឺ​ខ្ញុំ​ស្រោច​ទឹក​ផ្លូវ​កុំ​ឲ្យ​ហុយ ឲ្យ​ឡាន​បើក​បន្ថយ​ល្បឿន និង​មាន​ម៉ោង​បើក​ឆ្លង​កាត់ ជាដើម»

មេ​ឃុំ​រុនតាឯក លោក គុយ វ៉ៃ ព្យាយាម​សម្រប​សម្រួល​ការ​ចរចា​រវាង​ក្រុមហ៊ុន​ឡាន​ដឹក​ខ្សាច់ និង​ប្រជាពលរដ្ឋ ឲ្យ​បើក​ផ្លូវ​ជា​ធម្មតា​វិញ ក៏ប៉ុន្តែ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ការ​ចរចា​មិន​បាន​លទ្ធផល​អ្វី​ទេ ដោយសារ​តែ​ក្រុម​អ្នក​ភូមិ​នៅ​តែ​ប្រកាន់​ជំហរ​តឹង​តែង​បិទ​ផ្លូវ​ដដែល។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​អ្នក​ភូមិ​តានី ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​ប្រឆាំង​ឡាន​ដឹក​ដី និង​ខ្សាច់។ កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ ក្រុម​អ្នក​ភូមិ​ធ្លាប់​ប្រមូល​ផ្ដុំ​គ្នា​បិទ​កំណាត់​ផ្លូវ​ត្រង់​កន្លែង​ដដែល​នេះ ប្រឆាំង​ឡាន​ដឹក​ខ្សាច់ និង​ឡាន​ដឹក​ដី​ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។