សេ​១២៥​បុក​វ៉េវ​រង​របួសធ្ងន់​ម្នាក់​ស្រាល​៣​នាក់​នៅ​ស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​រង​របួសធ្ងន់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសស្រាល ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ តែ​ន ពិសី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​តា​យន្ត ឃុំ​ពងទឹក ស្រុក​រំដួល ជិះ​ម៉ូ​ម៉ាក​ហុងដា​សេ​១២៥ រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ពុត ប៊ុ​ន​ធឿ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា រង​របួសស្រាល ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ឈ្មោះ ស្រី សុខា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទាហាន សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង រងរ​បួរ​ស្រាល និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ម៉ី ចាន់​ធឿ​ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ជាមួយ​គ្នា រងរ​បួ​ស្រាល ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ស្លែ គ្មាន​ស្លាក​លេខ ជិះ​ឌុ​ប​គ្នា​២​នាក់ ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បត់​ឆ្វេង ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​យ៉ាង​លឿន​មក​ពីក្រោយ ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​វ៉េវ​ដួល​ទៅ​លើ​ថ្នល់​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​របួសស្រាល រីឯ​អ្នក​បើក​ម៉ូតូ​ហុងដា​សេ​១២៥ ហោះ​ផ្លោង​៣​ម៉ែត្រ បោក​ក្បាល​ទៅ​លើ​ថ្នល់​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ឯ​អ្នក​រួម​ដំណើរ​របួសស្រាល ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ក្នុង​ពេល​នោះ​ដែរ ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​រិះគន់​ចំពោះ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ដែល​មានការ​យឺតយ៉ាវ​ក្នុង​ការ​មក​ដឹក​ជន​រង​គ្រោះ ។ ពលរដ្ឋ​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នក​រង​របួសធ្ងន់​ហើយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ជាង​១​ម៉ោង​កន្លះ​ទើប​រថយន្ត​សង្គ្រោះ​មក​ដល់ ទុក​ឲ្យ​ជន​រង​គ្រោះ​ស្ទើ​ដាច់ខ្យល់ ដែល​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ លោក សរ សុខ​ចំរើន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប បាន​ប្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា អ្នក​បើករថយន្ត​សង្គ្រោះ​គឺ​មាន​គ្នា​២​នាក់ ហើយ​ម្នាក់​បាន​សុំ​ច្បាប់​ទៅ​លេង​ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​លោក​បាន​ទូរស័ព្ទ​ហៅ​ដែរ​ប៉ុន្តែ​មក​មិន​ទាន់ ដោយ​ផ្លូវ​មានការ​លំបាក​ខ្លាំង​ពេក ។ លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បន្ត​ទៀត​ថា លោក​ឲ្យ​គ្រូពេទ្យ​២​នាក់​ទៅ​តាម​ដែរ ហើយ​អ្នក​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​លោក​បាន​ឲ្យ​រថយន្ត​សង្គ្រោះ​ដឹក​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ៕