បើក​ល្បែងស៊ីសង​៦​ឆ្នាំ​ហើយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​សោះ

ខេត្តសៀមរាប ៖ បន​ល្បែងស៊ីសង​ដុះ​ស្លែ​ដ៏​ធំ​មួយ​កន្លែង​ត្រូវ​បាន​គេ​បើក​ដំណើរ​លេង​អស់​រយៈពេល​៦​ឆ្នាំ​បាន​យ៉ាងរ​លួ​ន ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប​មាន​វិធានការ​បង្ក្រាប​សោះឡើយ ។

បើ​តាម​ប្រភព​ពី​អ្នក​តាមដាន​ច្បាស់ការ​បានឱ្យ​ដឹង​ថា ផ្ទះ​បើក​បន​ល្បែងស៊ីសង​ដ៏​ធំ​នេះ​មាន​ម្ចាស់​ឈ្មោះ តា​វឿ និង​យាយ​ប្រម ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​ចាក់​បេតុង ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។ ប្រភព​ដដែល​បាន​បន្ត​ថា ផ្ទះ​បើក​ល្បែងស៊ីសង​ខាងលើ មាន​បើក​លេងល្បែង​ស៊ីសង​នៅ​ខាងក្រោយ​ផ្ទះ​ធំ ប្រភេទ​ដូច​ជា ខ្លា​ឃ្លោក ដោយ​ក្នុង​មួយ​គ្រប​ៗ​ម្ចាស់​ទីតាំង​(​ជា​មេ​)​បើក​ឱ្យ​កូន​ចាក់​រហូត​ដល់​១​លាន​ទៅ​២​លាន​រៀល និង​មានការ​ចាញ់​ឈ្នះ​រហូត​ដល់​រាប់​ពាន់​ដុល្លារ​ថែម​ទៀត​ផង ។

ប្រភព​ពី​អ្នក​ញៀន​ល្បែង​ម្នាក់​ធ្លាប់​ចេញចូល​លេង​នៅ​ទីនោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដែល​ម្ចាស់​ទីតាំង​បើក​ល្បែងស៊ីសង​ដំណើរការ​លេង​រហូត​ដល់​រយៈពេល​៦​ឆ្នាំ​កន្លង​មកនេះ​បាន​ដោយរ​លួ​ន គឺ​ម្ចាស់ផ្ទះ​បាន​រត់ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ខេត្ត និង​ក្រុង​សៀមរាប ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប ។ វង់ល្បែង​ខ្នាត​ធំ​ខាងលើ​នេះ​ត្រូវ​បាន​គេ​លេង​នៅ​ខាងក្រោយ​ផ្ទះ ដែល​មានដំណើរ​ការ​បើក​លេង​នៅ​ពេល​រសៀល និង​ពេល​យប់​ជា​រៀងរាល់ថ្ងៃ ដោយ​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ តា​វឿ និង យាយ​ប្រម ជា​អ្នក​ធ្វើ​មេ​ខ្លួនឯង​ផ្ទាល់​តែ​ម្តង ដែល​មាន​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ​ រហូត​ទល់​ពេល​នេះ​មេ​បើក​ល្បែងស៊ីសង​ខាងលើ​ស្ទើរតែ​ក្លាយទៅជា​សេដ្ឋី​នៅ​ក្នុងភូមិ​ទៅ​ហើយ សូ​ម្បី​តែ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ខ្លាចរអារ​មេ​ល្បែង​នេះ​ដែរ នៅ​ពេល​ចូល​ទៅ​សុំ​លុយ​ម្តង​ៗ ។

ក្រុម​ពលរដ្ឋ​នៅ​ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប បានឱ្យ​ដឹង​ថា ផ្ទះ​តា​វឿ និង​យាយ​ប្រម បើក​លេងល្បែង​ស៊ីសង​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ចុះ​មក​បង្ក្រាប​នោះ​ទេ ។ ពួក​គាត់​ឃើញ​តែ​សមត្ថកិច្ច​ចូល​មក​សុំ​លុយ​ពី​មេ​ល្បែងស៊ីសង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភ​នូវ​អំពើ​ចោរកម្ម​, ឃាតកម្ម​កើតឡើង​ជាយថាហេតុ​ណាមួយ ដោយសារ​មាន​អ្នក​ចាញ់ល្បែង​ចេញ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ឆក់​, ប្លន់ និង​អំពើ​ឃាតកម្ម​លើ​ពលរដ្ឋ​ក្នុងភូមិ​ថ្ងៃ​ណាមួយ​មិន​ខាន ។

ក្រុម​ពលរដ្ឋ​បាន​បន្ត​ថា តើ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​នៅឯណា ? បើ​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​ពេញ​ភូមិ ហើយ​សមត្ថកិច្ច​មិន​បង្ក្រាប​សោះ បែរជា​ទៅ​សុំ​លុយ​ពី​មេ​ល្បែង​យ៉ាង​ដូច្នេះ ។

ករណី​ល្បែងស៊ីសង​នៅ​ក្នុង​សង្កាត់​សៀមរាប ដែល​បើក​លេង​ជា​រៀង​រាល់​យប់​នោះ អ្នក​យក​ព័ត៌មាន​«កោះសន្តិភាព»​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​មេ​ប៉ុស្តិ៍​សង្កាត់​សៀមរាប​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។

ជុំវិញ​ករណី​ខាងលើ លោក ទិ​ត្យ ណា​រ៉ុ​ង អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​«កោះសន្តិភាព»​តាម​ទូរស័ព្ទ​នៅ​រសៀល ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥​នេះ​ថា ចំពោះ​ករណី​ល្បែងស៊ីសង​ដែល​មាន​ម្ចាស់​ឈ្មោះ​យាយ​ប្រម និង តា​វឿ នៅ​ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​នោះ លោក​នឹង​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សៀមរាប​ចុះ​ទៅ​មើល​ភ្លាម​នៅ​ថ្ងៃនេះ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​ឃើញ​មាន​ជាក់ស្តែង​នោះ​ត្រូវ​ចាប់ ឬ​មិន​ទាន់​ចាប់ លោក​មិន​បាន​ប្រាប់​ទេ ។

គួរ​រំលឹក​ផង​ដែរ​ថា ពលរដ្ឋ​នាំ​គ្នា​​ទន្ទឹងរង់ចាំ​មើល​ថា បើ​សមត្ថកិច្ច​ឃើញ​មាន​បើក​ល្បែងស៊ីសង​ដូច​ពលរដ្ឋ​បាន​រាយការណ៍​មែន តើ​សមត្ថកិច្ច​ជំនាញ ជា​ពិសេស​លោក​មេ​ប៉ុស្តិ៍ និង​លោក​អធិការ​ក្រុង មាន​វិធានការ​កំចាត់​ល្បែង​ដុះ​ស្លែ​របៀប​នេះ​បាន​ឬ​យ៉ាងណា ?