ដឹក​ស៊ីម៉ងត៍​ចូល​ទៅ​កោះ​ពេជ្រ​ឡើង​ស្ពាន​ហង្ស​មិន​រួច​រអិល​ថយក្រោយ​បុក​រះ​រ៉ឺ​ម៉ក​៣​គ្រឿង

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​ដែល​តម្រៀបជួរ​គ្នា​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​ខាង​មុខ​សណ្ឋាគារ​តូ​យ៉ូ​កូ​អ៊ីន​​ចំនួន​៣​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ចំណុះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ តាកែវ ៣A-១៤៧៥ ដឹក​ស៊ីម៉ងត៍​ពេញ​បើក​ឡើង​ស្ពាន​ហង្ស​ចូល​ទៅ​កោះ​ពេជ្រ តែ​រថយន្ត​នោះ​បើក​ឡើង​ស្ពាន​មិន​រួច ​ក៏​រអិល​ថយក្រោយ​បុក​រះ​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​រថយន្ត​ដឹក​ស៊ីម៉ងត៍​ទៅ​មុខ​មិន​រួច​ប្រុង​រអិល​ថយក្រោយ​វិញ​នោះ ព្រូ​ម្នាក់​បាន​លោត​ចុះ​ពី​រថយន្ត​យក​កំណល់​ឈើ​មក​កល់​កង់​រថយន្ត​ដែរ តែ​កល់​មិន​ជាប់ ដោយសារ​ការ​ដឹក​នោះ​ធ្ងន់​ពេក ក៏​រអិល​ថយក្រោយ​ទៅ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​ទាំងនោះ​ទាំង​កំរោល ។ ពេល​នោះ​ម្ចាស់​រ៉ឺ​ម៉ក​ដែល​អង្គុយ​លេង​នៅ​លើ​រ៉ឺ​ម៉ក​របស់​ខ្លួន បាន​លោត​ស្ទុះ​រត់​យក​ប្រាស​អាយុ​រួច​ជីវិត​មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា ឧប្បត្តិ​ហេតុនេះ​មក​ពី​រថយន្ត​ដឹក​ស៊ីម៉ងត៍​ធ្ងន់​ពេក​រហូត​ដល់​ទៅ​១២​តោន ។​ បន្ទាប់​ពី​កើតហេតុ​មន្ត្រី​នគរបាល​ម្នាក់​ជា​តំណាង​ខាង​រថយន្ត​ដឹក​ស៊ីម៉ងត៍​ខាងលើ​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ ៕