បើក​​ម៉ូតូ​​លឿន ​ជ្រុល​ទៅ​​បុក​​ឡាន​​កំពុង​​បត់​​ស្លាប់​​ភា្លមៗ


បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសនោះ បានបើកម៉ូតូ​តែម្នាក់​ឯង ដោយ​ល្បឿន​លឿន ទៅ​បុក​នឹង​ឡាន​កំពុង​បត់ ខណៈ​ម្ចាស់រថយន្ដវិញ បានគេចខ្លួនបាត់ស្រមោល។
បើក​​ម៉ូតូ​​លឿន ​ជ្រុល​ទៅ​​បុក​​ឡាន​​កំពុង​​បត់​​ស្លាប់​​ភា្លមៗ

ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលមានតែជនរងគ្រោះ និងក្រុមញាតិមិត្ត។ (រូបថត monoROOM.info/ H. Vuthy)

គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិមនុស្សម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទី​យប់ថ្ងៃ​ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៩៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា គុយ វុទ្ធី អាយុប្រមាណ៣០ឆ្នាំ មានបុខរបរ​ជា​ជាង​ដែក ស្នាក់នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុម្នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឡានមួយគ្រឿធុន RANGE ROVER ពណ៍ខ្មៅមិនស្គាល់ស្លាកលេខ បើកតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បួង​ទៅ​ជើង។ មក​ដល់កន្លែងកើតហេតុ ឡានខាងលើបានបត់ ចូលផ្លូវលេខ៩៦ ស្រាប់តែមានម៉ូតូចមួយគ្រឿង ដែល​បាន​បើក​យ៉ាងលឿន បញ្ច្រាសទិសគ្នា មកបុកឡានពេញទំហឹង។ ម៉ូតូឃ្លិចពណ៍ខ្មៅបានរងការខូចខាត​ខ្ទេច ផ្នែក​ខាង​មុខទាំងស្រុង ចំណែកម្ចាស់ម៉ូតូ បានបាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។

ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ សាក្សីបញ្ជាក់ថា ម្ចាស់ឡានបានបើកគេចខ្លួន បាត់ស្រមោល សល់តែម៉ូតូ និង​ម្ចាស់​ម៉ូតូដេកស្តូកស្ដឹង នៅកន្លែងកើតហេតុ។ ករណីនេះ ត្រូវបានសមត្ថកិច្ចចររាចរណ៍ នៅទីនោះបញ្ជាក់ថា បណ្តាល​មកពីការបើកបរលឿន ហួសល្បឿនកំណត់ របស់អ្នកបើកម៉ូតូ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់​អាយុជីវិត។ បច្ចុប្បន្ន ក្រុមសមត្ថកិច្ចបានប្រគល់សាកសព និងម៉ូតូឲ្យទៅសាច់ញាតិនៃសព ដើម្បីយក​ទៅធ្វើ​បុណ្យ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង តាមប្រពៃណី៕