លោក ស ខេង និង​លោក សម រង្ស៊ី ជួប​គ្នា​ជជែក​ពី​ស្ថានភាព​នយោបាយ​ថ្មីៗ

ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា លោក សម រង្ស៊ី និង​លោក ស ខេង ប្រធាន​ក្រុម​ភាគ​ច្រើន បាន​ជួប​គ្នា​រយៈពេល​ជាង​មួយ​ម៉ោង​នៅ​វិមាន​រដ្ឋសភា នៅ​ល្ងាច​ថ្ងៃ​ទី​៤ តុលា​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា មេដឹក​នាំ​គណ​បក្សទាំងពីរ លោក សម រង្ស៊ី និង លោក ស ខេង បាន​ជួប​ពិភាក្សា​គ្នា​សម្ងាត់ ចាប់​ពី​ម៉ោង៥ ដល់ម៉ោង​៦ និង​១៥នាទី ល្ងាច​ថ្ងៃនេះ ដើម្បី​ពិភាក្សា​ពី​ស្ថានការណ៍​នយោបាយ​ថ្មីៗ។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង មិន​បាន​ឲ្យ​ដឹង​លំអិត​អំពី​លទ្ធផល ជំនួប​មេ​ដឹកនាំ​ទាំងពីរ​នេះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ជួប​គ្នា​នេះ មេ​ដឹកនាំ​ទាំងពីរ បាន​ឯកភាព រក្សា​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃទី២២ កក្កដា ឆ្នាំ​២០១៤ ដើម្បី​អនុវត្ត​បន្ត​ទៀត។

ការ​ជួប​គ្នា​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​លោក សម រង្ស៊ី វិល​ត្រលប់​ពី​បរទេស​វិញ​កាល​ពី​យប់​ថ្ងៃទី៣ តុលា។ លោក សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា លោក នៅ​តែ​រក្សា​វប្បធម៌​សន្ទនា ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ដ៏​ចម្រូង​ចម្រាស់ រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​បន្ត​ទៀត។

លោក សម រង្ស៊ី សំដែង​សុទិដ្ឋិនិយម​ថា ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ ដើម្បី​អាច​ឈាន​ដល់​ការ​ដោះលែង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ ចំនួន​១៥នាក់​កំពុង​ជាប់​ឃុំ​នោះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ពី​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជនកម្ពុជា ស្វាគមន៍​និង​នៅ​តែ​រក្សា​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស​ប្រឆាំង។ លោក សុខ ឥសាន អះអាង​ថា គណបក្ស​កាន់អំណាច បាន​ប្រើ​វប្បធម៌​សន្ទនា​នេះ តាំង​ពី​យូរ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។