រយៈពេល​១​ថ្ងៃ ខេត្តបន្ទាយមានជ័យ​បង្ក្រាប​គ្រឿងញៀនឃាត់ខ្លួន​ជនសង្ស័យ​១៩​នាក់

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​មួយ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥​នេះ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់ និង​អ្នក​ប្រើប្រាស់​១៦​នាក់ ចំណែក​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​២​នាក់ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព លុប​បំបាត់​នូវ​អំពើ​ហិង្សា​ផ្សេង​ៗ និង​អំពើ​លួច​ឆក់ ប្លន់ ដែល​ផ្តើម​ចេញពី​ការ​ប្រើប្រាស់​គ្រឿងញៀន លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​ដល់​គ្រប់​អធិការ​នគរបាល​ក្រុង​/​ស្រុក ក៏​ដូច​ជា​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​ទៅ​លើ​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។ ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា​នេះ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ិ​ត នៀ​ត អធិការរង​នគរបាល​ទទួល​ផ្នែក​នគរបាល​យុត្តិធម៌ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ស៊ន សការៈ ហៅ​កា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ និង​អ្នក​ប្រើប្រាស់​ចំនួន​១៦​នាក់​(​ស្រី​ម្នាក់​) រួម​ទាំង​ម៉ូតូ​១០​គ្រឿង​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ ។

ដោយឡែក​កម្លាំង​នគរបាល​ក្រុង ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​បាន​២​នាក់ ម្នាក់​ឈ្មោះ ព្រំ ប្រយុទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​អ្នក​រត់​ម៉ូតូឌុប ដោយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាប​ពណ៌​ស​៨​កញ្ចប់​តូច ទម្ងន់​៥,៨​ក្រាម ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ដប​កែ​ច្នៃ​ជក់​១ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ម្នាក់​ទៀត​ឈ្មោះ ស៊ា​ន ឈិ​ន​ឡុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​អគារ​បុគ្គលិក ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មុខរបរ​មិន​ពិតប្រាកដ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច ទម្ងន់​០,៥​ក្រាម និង​ម៉ូតូ​១​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕