និស្សិត​ខ្មែរ​រៀន​នៅ​ចិន អំពាវនាវ​ឲ្យ​និស្សិត​ខ្មែរដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិន


ខេត្ត​ក្វាង​ស៊ី-ចិន៖ តំណាង​ក្រុមនិស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ Guangxi ប្រទេស​ចិន កញ្ញា សារ៉េត សិរី​អង្គារិ​ទ្ធ អំពាវនាវ​ដល់​និស្សិត​កម្ពុជា​ឲ្យ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សកលវិទ្យា​ល័យ Guangxi ឲ្យ​បាន​ច្រើនជាង​នេះ។ ដែល​បច្ចុប្បន្ន​មាន​និស្សិត​ខ្មែរ​តែ១៦នាក់​ប៉ុណ្ណោះ ទទួលបាន​អាហារូបករណ៍​នេះ ខណៈពេលដែល​រដ្ឋាភិបាល​ចិន​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ឲ្យ​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​ខេត្ត​ក្វាង​ស៊ី​នេះ រហូតដល់​ទៅ៨០កន្លែង​ក្នុង​មួយឆ្នាំ។ ទន្ទឹមនឹងនេះ មាន​និស្សិត​បរទេស​ជិត២ពាន់​នាក់​ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ Guangxi នេះ ដែល៩០ភាគរយ​ជា​និស្សិត​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន។

គិត​ត្រឹម​ឆ្នាំ២០១៥នេះ មាន​និស្សិត​ខែ្មរ​តែ១៦នាក់​ប៉ុណ្ណោះ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ, អនុបណ្ឌិត, និង​ថ្នាក់បណ្ឌិត​នៅ​សកល​វិទ្យាល័យ Guangxi នៅ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន។ ចំនួន​និស្សិត​ខ្មែរ១៦នាក់​នេះ​មិនទាន់​ឆ្លើយតប​នឹង​ការផ្តល់​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​ចិន ដែល​ផ្តល់​ឲ្យ​និស្សិត​កម្ពុជា​ចំនួន៨០កន្លែង​ជា​រៀងរាល់ឆ្នាំ​នៅឡើយ​ទេ។ និស្សិត​ខ្មែរ​ទាំង១៦នាក់​នេះ ភាគច្រើន​ពួកគេ​រៀន​ផ្នែក​សេដ្ឋកិច្ច, ពាណិជ្ជកម្ម, សំណង់ និង​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ។

តំណាង​ក្រុមនិស្សិត​ខ្មែរ​នៅ​សកលវិទ្យា​ល័យ Guangxi កញ្ញា សារ៉េត សិរី​អង្គារិ​ទ្ធ អំពាវនាវ​ដល់​និស្សិត​ខ្មែរ​ឲ្យ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សកលវិទ្យា​ល័យ Guangxi ឲ្យ​បាន​ច្រើនជាង​ពេលបច្ចុប្បន្ន។ និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​រូបនេះ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ជា​រៀងរាល់ឆ្នាំ គឺ​គេ​ចាប់ផ្តើម​ទទួល​ពាក្យ​នៅ​ខែមេសា និង​ប្រកាស​លទ្ធិ​ផល​នៅ​ខែមិថុនា។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​គេហទំព័រ​របស់​សកល​វិ​ទ្យ​ល័យ Guangxi www.gxu.edu.cn ។

និស្សិត​ខ្មែរ​រៀន​នៅ​ចិន អំពាវនាវ​ឲ្យ​និស្សិត​ខ្មែរដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិនក្នុងចំណោម​និស្សិត​បរទេស​ទាំង​ថ្នាក់​បង់ប្រាក់ និង​ថ្នាក់​អាហារូបករណ៍​ចំនួន១៨០០នាក់ កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​នេះ ដែល៩០ភាគរយ ជា​និស្សិត​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងនោះ​មាន​និស្សិត​មកពី​វៀតណាម និង​ថៃ​ច្រើនជាងគេ។ មូល​ហេតុដែល​និស្សិត​ខ្មែរ​មិនសូវ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​នេះ ត្រូវបាន​និស្សិត​ខ្មែរ​កញ្ញា សារ៉េត សិរី​អង្គារិ​ទ្ធ ពន្យល់ថា មិនមែន​មកពី​សមត្ថភាព​និស្សិត​ខ្មែរ​អន់​ជាង​និស្សិត​បរទេស ឬ​និស្សិត​ចិន​នោះទេ គឺ​និស្សិត​ខ្មែរ​ទាំង១៦នាក់​នេះ បានដឹង​ពី​សមត្ថភាព​និស្សិត​បរទេស និង​និស្សិត​ខ្មែរ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ វប្បធម៌ ប្រពៃណី ហើយ​បង្រៀន និង​ពន្យល់​មេរៀន​គ្នា​ទៅវិញទៅមក​ផងដែរ។

ផ្ទុយ​មកវិញ ទាំង​សកលវិទ្យា​ធិ​ការរង​នៃ​សកល​វិទ្យាល័យ Guangxi អ្នកស្រី Shang Nahong និង​និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​កញ្ញា សារ៉េត សិរី​អង្គារិ​ទ្ធ បាន​ពន្យល់​ស្រដៀង​គ្នា​ថា៖ ទីមួយ មកពី​សកល​វិទ្យាល័យ Guangxi មិនសូវមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សកល​វិទ្យាល័យ​នៅ​កម្ពុជា។ ទី​ពីរ មកពី​និស្សិត​ខ្មែរ​មិនបាន​ដឹង​ព័ត៌មាន​ពី​ការផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សកលវិទ្យា​ល័យ Guangxi និង​ទី​បី គឺ​សកល​វិទ្យាល័យ Guangxi តម្រូវ​ឲ្យ​សិក្សា​ជា​ភាសា​ចិន។

សូមបញ្ជាក់ថា សកលវិទ្យា​ល័យ Guangxi ជា​សកល​វិទ្យាល័យ​វ័យ​ចំណាស់, ល្បី និង​ធំជាងគេ​នៅ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ដែលមាន​ផ្ទៃដី​ទំហំ៣០៧ហិតា, មាន​មហាវិទ្យាល័យ​ចំនួន៣១, មាន​ជំនាញ​ចំនួន៩៥មុខជំនាញ, មាន​សាស្ត្រាចារ្យ​ចំនួន៣៥០៧នាក់, មាន​និស្សិត៤ម៉ឺន​នាក់ និង​មាន​សកល​វិទ្យាល័យ​ដៃគូ​ចំនួន៣៩នៅលើ​ពិភពលោក។ សកល​វិទ្យាល័យ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត ជាមួយនឹង​សកលវិទ្យា​ល័​មួយចំនួន​នៅតាម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នេះ ក៏បាន​សហការ​ជាមួយ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​របស់​កម្ពុ​ជាកា​លពី​ឆ្នាំ២០០៦ផងដែរ៕

និស្សិត​ខ្មែរ​រៀន​នៅ​ចិន អំពាវនាវ​ឲ្យ​និស្សិត​ខ្មែរដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិន
​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​