ម្ចាស់​ពាន Cambodian Idol ប្រើ​ឈ្មោះ​ក្លែងក្លាយ​ចូលរួម​ការប្រកួត​

Sanofi

ក្រោយពី​ទទួលបាន​ជ័យលាភី ក្តោប​ក្តាប់​ដំណែង​ជា​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​១ ដែល​ស្ទើរតែ​ធ្វើ​ឱ្យ​កក្រើក​ប្រទេស​កម្ពុជា ហើយក៏​ល្បី​ដល់​ថ្នាក់​មានការ​ជូនពរ​ពី​ស្ថានទូត​អាមេរិក​ទៀត​នោះ ពេលនេះ ឈ្មោះ នី រតនា បាន​ចារ​ជាប់​ជានា​ម​អ្នកចម្រៀង​វ័យក្មេង ដែល​ទទួលបាន​ការបោះ​ឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលុប ប៉ុន្តែ តើ​ទស្ស​នកជន​ដឹង​ទេ​ថា ឈ្មោះ រតនា របស់​តារាចម្រៀង​សំនៀង​ផ្អែម​រូបនេះ មិនមែនជា​ឈ្មោះ​ពិត​នៅក្នុង​សំបុត្រកំណើត​នោះឡើយ​។​

​ជួប​ជាមួយ «​ប្រជាប្រិយ​» ថ្មីៗ​នេះ នី រតនា បាន​បរិយាយ​ពី​បញ្ហា​ឈ្មោះ​នេះ ឱ្យដឹងថា​៖ តាមពិត​ឈ្មោះ​របស់​
​លោក​ដែលមាន​នៅក្នុង​សំបុត្រកំណើត គឺមាន​ឈ្មោះថា នី ម៉ាប់ ឯណោះ​ទៅវិញ​ទេ​។ ម្ចាស់​ពាន Cambodian idol វ័យក្មេង​ម្នាក់នេះ បានបញ្ជាក់​ទៀតថា ឈ្មោះ នី ម៉ាប់ គឺជា​ការដាក់​ឈ្មោះ​ខុសពី​ពេលដែល​ធ្វើ​សំបុត្រ​​កំណើត ប៉ុន្តែ​លោក​បញ្ជាក់ថា​ឈ្មោះ រតនា គឺជា​ឈ្មោះ​ដែល​លោក​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​តាំងតែ​ពី​តូច​មកម្ល៉េះ ហើយ​អ្នក​ដែល បាន​ស្គាល់​លោក​តាំងតែ​ពី​ដើម​មក​គឺ​ហៅ​លោ​កថា រតនា រតនា មិនមែន ម៉ាប់ នោះឡើយ​។

​ផ្ទុយទៅវិញ កាលពី​ឆ្នាំ ២០១៣ នៅពេលដែល​លោក​ប្រឡង​ក្នុង​កម្មវិធី ពេជ្រ​កំពុង​ច្នៃ របស់​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែល​ទទួលបាន​ជ័យលាភី​លេខ​១ ដែរនោះ បែរជា​លោក យកឈ្មោះ នី ម៉ាប់ មក​ប្រើ​ទៅវិញ​។ បញ្ហា​នេះ ត្រូវបាន​តារា​វ័យក្មេង​ដែល​លើក​ពាន​លេខ​១​ដល់​ទៅ​ពីរដង​រូបនេះ បកស្រាយ​ថា ដោយសារតែ​ខាង​កម្មវិធី ពេជ្រ​កំពុង​ច្នៃ តម្រូវឱ្យ​យកឈ្មោះ​ផ្លូវការ​នៅក្នុង​សំបុត្រកំណើត ទើប​លោក​យក​ឈ្មោះថា ម៉ាប់ នេះ មក​ប្រើ​ទៅ​។ ហើយ​លោក​ក៏​មិន​ចង់​ប្រើ​ឈ្មោះថា នី ម៉ាប់ នេះដែរ ដោយ​លោក​បាន​បញ្ជាក់ថា ឈ្មោះ​នេះ​មិនសូវ​​ពីរោះ ហើយក៏​មិនសូវមាន​អ្នក​ស្គាល់​ផង ទើប​លោក​មិនសូវ​ប្រើ​៕ ភូមិន្ទ​

​ 


  

Related