ប្តីខ្ញុំញៀនល្បែងតើខ្ញុំគួរធ្វើយ៉ាងណា ?

Sanofi

បើនិយាយដល់ភាពអត់ធ្មត់គឺនាងខ្ញុំដឹងខ្លួនឯងច្បាស់ថា នាងខ្ញុំគឺជាមនុស្សដំបូងដែលត្រូវលើកយកមកឧទ្ទេសនាមមុនគេពុំមែនជាអំនួតទេ តែនេះជាការពិតមួយដែលជីវិតរបស់នាងខ្ញុំបានភពប្រសព្វរហូតដល់មិត្តភក្តិនាងខ្ញុំមួយចំនួនចាត់ទុកខ្ញុំជាមនុស្សរុក្ខជាតិ ឬ ជាព្រះជាដើម ទៅតាម អារម្មណ៍របស់ពួកគេ ។

អំពើហិង្សាជាច្រើនបានកើតឡើងចំពោះនាងខ្ញុំ ទាំងផ្លូវកាយ ផ្លូវចិត្តពីសំណាក់ស្វាមីរបស់នាងខ្ញុំ តែនាងខ្ញុំនៅតែបំពេញតួនាទីជាភរិយាល្អរបស់ស្វាមីមិនដែលយកកំហឹង ឬ ភាពឈឺចាប់មកលាតត្រដាងឱ្យគាត់ដឹងឡើយ គឺមានតែខាំមាត់អត់ធ្មត់សង្កត់ចិត្តយំក្នុងបេះដូងម្នាក់ឯងពេលដែលជីវិតជួបអំពើហិង្សាជេរប្រមាថ ជាពិសេសនៅពេលដែលគាត់ស្រវឹងស្រា ។ ពេល ស្វាមីស្វាងស្រា គាត់ធ្វើល្អជាមួយខ្ញុំ នាងខ្ញុំក៏ពុំហ៊ានឆ្លៀតឱកាសនេះរ៉ាយរ៉ាប់ពីអារម្មណ៍ទុក្ខសោកឬក៏មានសំណូមពរអ្វីជាមួយគាត់ដែរ ដោយបារម្ភខ្លាចក្រែងធ្វើឱ្យបរិយាកាសក្នុងគ្រួសារប្រែជាអាប់អួរ ។

ម្យ៉ាងទៀតភាគរយពីលទ្ធផលនៃរឿងនេះ នាងខ្ញុំគិតថាមិនមែនសូន្យទេ គឺក្រោមសូន្យទៅទៀត ព្រោះទុក្ខសោក ឬ សំណូមពររបស់នាងខ្ញុំគាត់មិនត្រឹមតែមិនទទួលដឹងឮប៉ុណ្ណោះទេ គាត់មុខជាច្រឡោតតាមចរិតអស្មិមានះជានិស្ស័យពីកំណើតរបស់គាត់ ព្រោះគាត់យល់ថាអ្វីដែលគាត់ធ្វើគឺសុទ្ធតែត្រឹមត្រូវទាំងអស់ជួនកាលគាត់យកភាពស្ងប់ស្ងាត់របស់នាងខ្ញុំធ្វើជាលេសដើម្បីកសាងជាបញ្ហាឈានទៅរកការប្រើអំពើហិង្សាចំពោះនាងខ្ញុំក៏មាន ។ ស្វាមីនាងខ្ញុំពុំមានស្រីទេ តែអ្វីដែលនាងខ្ញុំទើបតែស៊ើបដឹងនោះ គឺគាត់ជាមនុស្សញៀនល្បែងតាមអ៊ីនធឺរណេត ហើយលទ្ធផលគឺកម្រឈ្នះណាស់ ។

ដើម្បីបន្តការលេងបាន គាត់បានលក់ខ្សែក ខ្សែដៃ ចិញ្ចៀនរបស់គាត់អស់គ្មានសល់មិនតែប៉ុណ្ណោះថែមទាំងយកគ្រឿងអលង្ការរបស់នាងខ្ញុំទៅលក់លេងល្បែងអស់គ្មានសល់ទៀតផង និង ចុងក្រោយគាត់ក៏បានយកប្លង់ផ្ទះទៅបញ្ចាំទៀត ដោយគាត់ប្រាប់ថាគាត់យកទៅដាក់ទុនបន្ថែមជាមួយមិត្តភក្តិ តែធាតុពិតគឺយកទៅលេងល្បែង ។ នាងខ្ញុំមិនចង់និយាយអ្វីជាមួយគាត់ក្រៅពីពាក្យថា «សុំលែងលះ» ព្រោះខ្ញុំអស់លទ្ធភាពនឹងអត់ធ្មត់ទៀតហើយ គឺខ្ញុំពិតជាមិនអាចទ្រាំរស់ក្នុងស្ថានភាពបែបនេះបានទៀតឡើយ ។

ទោះបីនាងខ្ញុំជាស្ត្រីមេផ្ទះ ដែលគ្មានប្រាក់ចំណូល ក៏ខ្ញុំត្រូវការជីវិតរស់នៅដោយថ្លៃថ្នូរ និង សមឋានៈ ជាមនុស្សដែរ មិនមែនរស់នៅជាខ្ញុំកញ្ជះតណ្ហា និង ចាំទទួលរងកំហឹងពីប្តីនៅពេលដែលលេងល្បែងចាញ់នោះដែរ ។ តម្លៃរបស់នាងខ្ញុំនៅក្នុងកែវភ្នែករបស់គាត់ ប្រៀបមិនស្មើនឹងឆ្កែចាំផ្ទះមួយក្បាលផង ព្រោះឆ្កែចាំផ្ទះក៏បានទទួលក្តីស្រឡាញ់ពីម្ចាស់វាតបស្នងនឹងគុណបំណាច់ដែលវាខំចាំផ្ទះដែរ ។ បញ្ហាតែមួយគត់ដែលនាងខ្ញុំត្រូវគិតដល់ គឺកូនប្រុសស្រីរបស់នាងខ្ញុំ ។ នាងខ្ញុំមិនចង់ឱ្យកូនទាំងពីរឆ្លងកាត់ជីវិតជាកូនដែលមានឪពុកម្តាយលែងលះគ្នានោះទេ ។ តើនាងខ្ញុំគួរធ្វើយ៉ាងណា ?

ជូនចំពោះស្ត្រីមានវិបត្តិ

ពាក្យចាស់តែងលើកឡើងថា មនុស្សប្រុសមានឆ្កួតបី គឺឆ្កួតស្រី ឆ្កួតស្រា និង ឆ្កួតល្បែង ដែលសុទ្ធតែជាទង្វើខុសឆ្គង ពិបាកបំផុតក្នុងការអូសទាញមនុស្សទាំងបីប្រភេទនេះឱ្យត្រឡប់ជាមនុស្សល្អវិញ ។ ឆ្លុះបញ្ចាំងទៅលើទង្វើប្តីរបស់នាងគឺកំពុងតែលង់កាន់តែជ្រៅជាមួយ ល្បែងហើយ រហូតដល់ថ្នាក់យកប្លង់ផ្ទះទៅបញ្ចាំទៀត លទ្ធផលចុងក្រោយ គឺមុខតែសល់សម្បកខ្លួន ដែលផលវិបាកនឹងត្រូវធ្លាក់មកលើរូបនាង និង កូន ទាំងពីរសមដូចពាក្យចាស់ដែលលើកឡើងថា ល្បែងតែងវិនាស ។ គ្មានអ្នកណាម្នាក់ដែលមានកំណើតនឹងការលេងល្បែងនោះទេ ប្រសិនបើល្បែងធ្វើឱ្យមនុស្សមានកំណើតនោះ មនុស្សមិនចាំបាច់ចំណាយកម្លាំងកាយចិត្តធ្វើការនាំតែលំបាកខ្លួនទេ គ្រប់មនុស្សទាំងអស់នឹងនាំគ្នាលេងតែល្បែងនេះហើយ ។

ដោយនាងបានយកសុខទុក្ខរបស់កូនៗជាធំជាងក្តីទុក្ខរបស់នាងនោះ«ប្រជាប្រិយ»ក៏ពិបាកនឹងផ្តល់យោបល់ដែរ ក្រៅពីជូនជាគំនិតថា នាងត្រូវនាំកូនទាំងពីរចាកចេញពីផ្ទះទៅនៅផ្ទះម្តាយឪពុក ឬក៏បងប្អូនសាច់ញាតិណាដែលអាចពឹងពាក់បានមួយរយៈ ដល់ពេលនោះស្វាមីរបស់នាងមុខជាទៅតាមរកនាង និង កូនៗមកវិញ ពេលនោះគឺជាឱកាសរបស់នាងហើយ ដែលត្រូវបកស្រាយពីទុក្ខសោករបស់នាងឱ្យស្វាមីបានដឹង និង ត្រូវដាក់លក្ខខណ្ឌជាមួយគាត់ ដោយឱ្យសន្យាថានឹងឈប់លេងល្បែងតទៅទៀត ពុំនោះទេនាង និង កូនពុំទៅវិញជាដាច់ខាត ។ ពិតណាស់ថា កែប្រែមនុស្សញៀនល្បែងគឺជារឿងមួយពិបាកបំផុត ។

ការអត់ធ្មត់របស់នាងក៏ពុំមែនជាដំណោះស្រាយការពន្យល់ដោយហេតុផលល្អៗរឹតតែមិនអាចឱ្យស្វាមី នាងទទួលយកបានដែរ ដូច្នេះប្រសិនបើដល់ដំណាក់កាលមួយដែលនាងអស់លទ្ធភាពហើយ«ប្រជាប្រិយ»សូមឱ្យនាងថ្លឹងថ្លែងមើលថា រវាងការរស់ នៅក្នុងគ្រួសារមួយដែលមានឪពុកបែបនេះ និង ការរស់នៅតែជាមួយម្តាយ ដ៏ល្អដូចជានាង តើមួយណាល្អជាងសម្រាប់កូនៗជាពិសេសបញ្ហាផ្លូវចិត្ត របស់ពួកគេ? នាងនឹងអាចស្វែងរកចម្លើយដោយខ្លួនឯងបានពីរឿងនេះ។

«ប្រជាប្រិយ» ក៏ឆ្លៀតឱកាសនេះសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ ព័ន្ធមេត្តាពិនិត្យ និង ចាត់វិធានការឱ្យមានប្រសិទ្ធភាពដើម្បីលុបបំបាត់ល្បែងស៊ីសងគ្រប់រូបភាពពីក្នុងសង្គម ព្រោះល្បែងស៊ីសងបានផ្តល់ផលវិបាក យ៉ាងច្រើនឥតគណនាចំពោះសង្គម ។ ជាចុងក្រោយ«ប្រជាប្រិយ»ក៏សូម ជូនពរនាងឱ្យបានសម្រេចបំណងក្នុងការដោះស្រាយបញ្ហានេះ ៕

 

Related