រូម៉ានី៖​ក្រោយ​គ្រោះថ្នាក់​ឆេះ​រង្គសាល​ នាយករដ្ឋមន្រ្តី​ប្រកាស​ចុះ​ពី​តំណែង

នៅ​ថ្ងៃ​ពុធ ទី៤ វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​រូម៉ានី​វ៉ិចទ័រ ប៉ុងតា (Victor Ponta) បាន​ប្រកាស​លា​ចុះ​ពី​មុខ​តំណែង។ ការ​ប្រកាស​ចាក​ចេញ​ពី​តំណែង​ប្រមុខ​រដ្ឋាភិបាល​របស់​លោក​ប៉ុងតា​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ឆាបឆេះ​ក្នុង​រង្គសាល​មួយ​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី៣០ តុលា​កន្លង​ទៅ​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣២នាក់ និង​របួស​ជិត ២០០នាក់​ផ្សេង​ទៀត។ ក្រោយ​ព្រឹត្តិការណ៍​នោះ​មក មាន​ប្រជាជន​រូម៉ានី​ជា​ច្រើន​ពាន់នាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​វ៉ិចទ័រ ប៉ុងតា​ចុះ​ចេញ​ពី​តំណែង។