ពិធី​ចុះហត្ថលេខា​បន្តសកម្មភាព​រុករក​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម

ខេត្តកំពង់ធំ ៖ លោក គង់ វិមាន អភិបាលរង​ខេត្ត ជំនួស​មុខ​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត បាន​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀត​ណាម ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​គ្រោះ​ប្រល័យ​ពូជ​សាសន៍ ប៉ុ​ល ពត នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ រហូត​ដល់​ពលី​ជីវិត​ជា​ច្រើន​នាក់​នៅ​កម្ពុជា ។

លោក​អភិបាលរង​ខេត្ត មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​បន្តសកម្មភាព​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​កាលពី​សម័យ​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ធំ​ដំណាក់កាល​ទី​១៥ ឆ្នាំ​២០១៥-២០១៦ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា កន្លង​មក​ដោយ​មានការ​សហការ​គ្នា​ល្អ​រវាង​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ ជាមួយនឹង​កម្លាំង K72 របស់​ខេត្ត ប៊ិ​ញ ភឿ​ក ​នៃ​ប្រទេស​វៀតណាម ក្នុង​ការ​ស្វែ​រ​រុករក​ និង​គាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម រហូត​មក​ដល់​បច្ចុប្បន្ន​នេះ យើង​បាន​សហការ​គ្នា​បញ្ជូន​អដ្ឋិធាតុ​ទៅ​ខេត្ត​ប៊ិ​ញ​ភឿ​ក នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម​​បាន​ចំនួន​៩៥៣ អដ្ឋិធាតុ​រួច​មក​ហើយ និង​បេ្ដ​ជ្ញា​សហការ​គ្នា​ស្វែងរក​ និង​ធ្វើ​មាតុភូមិនិវត្តន៍​តាម​ដំណាក់កាល​បន្ត​ទៀត ។

លោក ង្វៀ​ន ហ្វី​ហ្វុ​ង អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ប៊ិ​ញ​ភឿ​ក នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែង​អំណរ​គុណ​អាជ្ញាធរ​ខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ដែល​កន្លង​មក​បាន​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ស្វែង​រុករក និង​គាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​កាលពី​សម័យ​សង្គ្រាម​ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ធំ ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ធំ នៅ​មាន​សេសសល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​ជាង​៨០​អ​ដិ្ឋ​ធាតុ​ទៀត ដែល​នឹង​ត្រូវ​បន្ត​សហការ​គ្នា​រុករក ៕