តុលាការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ជន​សារភាព​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ ចំនួន​២​បទល្មើស​

​បន្ទាប់​ពី​ធ្វើការ​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រួច​មក​ បុរស​ទាំង​៣​នាក់​ជា​ជន​ដៃដល់​ដែល​ចូល​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ កាលពី​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយដំ​ ទាត់​ធាក់​លើ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​២​នាក់​ គឺ​ឯកឧត្តម​ ញ៉​យ​ ចំរើន​ និង​ឯកឧត្តម​ គង់​ សភា​ នា​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ ត្រូវ​បាន​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ចំនួន​២​បទល្មើស​ គឺ​ ៖​ ១-​បទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ និង​២-​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ហើយ​ត្រូវ​បាន​លោក​ អ៊ី​ ថាវរៈ​ ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​ នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ រង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត​ ។​

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ចម្លើយ​សារភាព​របស់​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ គឺ​បុរស​ឈ្មោះ​ សុត​ វណ្ណ​នី​,​ បុរស​ឈ្មោះ​ ម៉ៅ​ ហឿ​ន​ និង​បុរស​ឈ្មោះ​ ចាយ​ សា​រិ​ទ្ធ​ ជា​សមាជិក​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ ទាំង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ និង​ទាំង​នៅ​ចំពោះ​មុខមន្ត្រី​ស្ថាប័ន​តុលាការ​ បាន​ឲ្យ​ដឹង​ថា​ ការណ៍​ដែល​នាំ​ឲ្យ​ពួក​គេ​វាយដំ​ ទាត់​ធាក់​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​ទាំង​២​នាក់​នោះ​ គឺ​ដោយសារ​ពួក​គេ​ខឹងសម្បា​ទៅ​នឹង​អ្នកតំណាង​រាស្ត្រ​រង​គ្រោះ​ជេរ​បញ្ចោរ​ពួក​គេ​ថា​ ជា​"​ពួក​អា​យ៉ង​យួន​"​ ។​

​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​បញ្ជាក់​ណាមួយ​ពី​អ្នកតំណាង​រាស្ត្រ​រង​គ្រោះ​ទាំង​២​នាក់​នៅឡើយ​ គិត​ត្រឹម​វេលា​ល្ងាច​នា​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ពាក់ព័ន្ធ​ទៅ​នឹង​ចម្លើយ​សារភាព​របស់​ក្រុម​ជន​ត្រូវ​ចោទ​ ពីព្រោះ​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក​ ប្រទេស​ថៃ​នៅឡើយ​ ។​ ប៉ុន្តែ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ឯកឧត្តម​ គង់​ សភា​ ជា​អ្នកតំណាង​រាស្ត្រ​រង​គ្រោះ​ បាន​អះអាង​ថា​ ជន​ដៃដល់​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូប​ឯកឧត្តម​ មាន​ចំនួន​ច្រើន​នាក់​ គឺ​មិន​មាន​ត្រឹម​៣​នាក់​នោះ​ទេ​ និង​សូម​ឲ្យ​អាជ្ញាធរ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​បន្ត​ទៀត​ ៕​

តុលាការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ជន​សារភាព​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ ចំនួន​២​បទល្មើស​ តុលាការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ជន​សារភាព​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ ចំនួន​២​បទល្មើស​ តុលាការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ជន​សារភាព​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ ចំនួន​២​បទល្មើស​ តុលាការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ជន​សារភាព​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ ចំនួន​២​បទល្មើស​