កូនទាហាន​ប្តឹង​មេទាហាន​ ចោទប្រកាន់​រឿង​ពុក​រលួយ​ បក្ខពួក​និយម​ និង​ស៊ីដាច់​ប្រាក់​ឧបត្ថម្ភ​កូនចៅ​

​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៣០១​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ​ ប្រមាណ​៨០​នាក់​ បាន​រួម​គ្នា​ផ្តិត​ស្នាម​មេដៃ​ប្តឹង​មេ​របស់​ខ្លួន​ ទៅ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ មាស​ សុភា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ចោទប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បក្ខពួក​និយម​ និង​ស៊ីដាច់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​របស់​កូនចៅ​ក្រោម​ឱវាទ​ ។​

​មេទាហាន​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្តឹងផ្តល់​ពី​សំណាក់​កូនទាហាន​របស់​ខ្លួន​នោះ​ គឺ​លោក​វរសេនីយ៍ឯក​ អេ​ង​ ឃាង​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០២៩២២១​ ជា​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៣០១​ ។​

​ពាក្យបណ្តឹង​របស់​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៣០១​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ មេ​របស់​ពួក​ខ្លួន​គឺ​លោក​ អេ​ង​ ឃាង​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ អសកម្ម​ការងារ​ បង្ក​សតិអារម្មណ៍​មិនល្អ​ដល់​ជួរ​កងទ័ព​ ឬ​ទាហាន​ និយាយ​គ្រប់​មាត់​ណា​ក៏​ដោយ​ គឺ​ជំរុញ​ឲ្យ​កូនចៅ​តាម​កងអនុសេនាតូច​ និង​អនុ​សេនា​ធំ​បង់លុយ​ឲ្យ​មេ​គ្រប់​ចំនួន​ជា​ប្រចាំ​ កិបកេង​ថវិកា​ និង​សម្ភារៈ​របប​ឧបត្ថម្ភ​របស់​ថ្នាក់លើ​ផ្តល់​ឲ្យ​កងទ័ព​ យក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ រួម​មាន​ ៖​ ថវិកា​អន្តរាគមន៍​៣០​លាន​រៀល​,​ ថវិកា​កងទ័ព​វៀតណាម​ផ្តល់​ឲ្យ​អង្គភាព​ និង​រថយន្ត​១​គ្រឿង​តម្លៃ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ជា​អំណោយ​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ត្រូវ​បាន​ចាយវាយ​ និង​ចាត់ចែង​លក់​ខ្ទេចខ្ទី​អស់​ ។​

​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​របស់​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​អង្គភាព​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៣០១​ មាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍​ អេ​ង​ ឃាង​ មិន​បាន​ចាត់​ទុក​មុខងារ​ ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ឲ្យ​ជា​ស្នូល​នោះ​ទេ​ គឺ​យក​អំពើ​ពុក​រលួយ​គាបសង្កត់​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​ជា​ធំ​ បង្ខំ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រមូល​លុយ​គ្រប់​តាម​ចំនួន​កំណត់​ តែបើ​មិន​គ្រប់​ទេ​នោះ​ ត្រូវ​បាន​បញ្ឈរជើង​ ឬ​ដក​ចេញពី​តំណែង​ភ្លាមៗ​ និង​ប្រើប្រាស់​អំណាច​ផ្តាច់​ការ​ បក្ខពួក​និយម​យ៉ាង​ចាស់ដៃ​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ស័ក្តិ​ អេ​ង​ ឃាង​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៣០១​ ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​ចោទប្រកាន់​របស់​កូនទាហាន​ក្រោម​ឱវាទ​បាន​នៅឡើយ​ ៕​

កូនទាហាន​ប្តឹង​មេទាហាន​ ចោទប្រកាន់​រឿង​ពុក​រលួយ​ បក្ខពួក​និយម​ និង​ស៊ីដាច់​ប្រាក់​ឧបត្ថម្ភ​កូនចៅ​