ខួប​កំណើត​ទី​១​​របស់​ម្ដាយ អាច​ធ្វើ​ឲ្យ​ស្រក់​​ទឹក​ភ្នែក​​មិន​​ដឹង​ខ្លួន​​


ខួប​កំណើត​ទី​១​​របស់​ម្ដាយ អាច​ធ្វើ​ឲ្យ​ស្រក់​​ទឹក​ភ្នែក​​មិន​​ដឹង​ខ្លួន​​

ឪពុក​ម្ដាយ​សុទ្ធ​តែ​ជា​អ្នក​មាន​គុណ​ធំធេង​ក្រៃ ចំពោះ​កូន​ៗ​តាំង​ពី​តូច​រហូត​ដល់​ធំ​ដឹង​ក្ដី មិន​អាចរក​​អ្វី​មក​ប្រៀប​ផ្ទឹម​​បាន​ឡើយ។ ឪពុក​មាន​តួនាទី​ជា​អ្នក​បញ្ចេញ​កម្លាំង​រក​ចិញ្ចឹម​ផ្គត់​ផ្គង់​គ្រួសារ បង្ហាត់​បង្រៀន​ប្រៀន​ប្រដៅ​កូន​ឲ្យ​ចេះ​សព្វ​ចេះ​គ្រប់។

 

ចំណែក​ម្ដាយ​វិញ​ត្រូវ​ជម្នះ​ពពោះ​ជាង ៩​ខែ ហើយ​ថ្ងៃ​ប្រសូត​ត្រូវ​រង​ទុក្ខ​លំបាក​ទម្រាំ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទី​ស្រលាញ់​ម្នាក់ មក​ឱប​ក្ដោប​ក្នុង​ហត្ថា​ទាំង​គូ។ ដូច​នេះ​ហើយ​ទើប​ពេល​ប្រសូត​បុត្រ គេ​តែង​ហៅ​ថា “​ឆ្លង​ទន្លេ” ពី​ព្រោះ​អំឡុង​ពេល​នេះ​គ្រោះ​ថ្នាក់​ប្រៀប​ដូច​ជា​កំពុង​នៅ​កណ្ដាល​ទឹក​ដែរ។ គ្រាន់​តែ​ប្រសូត​រួច​​ភ្លាម គ្រប់​គ្នា​ហាក់​រំភើប​ផុត​អស់​គ្រោះ​ភ័យ ឯ​ម្ដាយ​ប្រៀប​ដូច​ជា​ទទួល​បាន​កំណើត​ថ្មី​ជាមួយ​កូន​ខ្លួន​ដែរ។ ​

 

ខួប​កំណើត​ទី​១​​របស់​ម្ដាយ អាច​ធ្វើ​ឲ្យ​ស្រក់​​ទឹក​ភ្នែក​​មិន​​ដឹង​ខ្លួន​​

 

វីដេអូ​​ខ្លី​មួយ បង្ហាញ​ពី​ស្វាមី​ប្រារព្ធ​ខួប​លើក​​ទី​មួយ​ឲ្យ​ភរិយា​ជា​ទី​ស្រលាញ់ ចំ​ថ្ងៃ​ខួប​មួយ​ឆ្នាំ​របស់​កូន។ ហេតុអ្វី​ទើប​ប្រារព្ធ​ចំ​ថ្ងៃ​គ្នា​ជាមួយ​ខួប​កូន​ទៅ​វិញ? ហេតុអ្វី​ហៅ​ថា​ជា​ខួប​កំណើត​ទី​មួយ? ពី​ព្រោះ​ពេល​ប្រសូត​បុត្រ​រួច​ភ្លាម ម្ដាយ​ផុត​អស់​គ្រោះ​ភ័យ​ទាំង​ឡាយ ជាមួយ​កូន​ខ្លួន ហាក់​ដូច​ជា​ចាប់​កំណើត​ថ្មី​ដែរ។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​សោត ម្ដាយ​ត្រូវ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា អត់​ងងុយ​ស្ដាប់​សម្រែក​កូន​យំ រោយ​ចង្កេះ​ព្រោះ​ពរ​កូន ស្អក​ក​ព្រោះ​បំពេ​​កូន​ឲ្យ​គេង។ ម្ដាយ​បាន​លះ​បង់​ច្រើន​ណាស់​ក្នុង​រយៈ​ពេល ១​ឆ្នាំ​ដើម្បី​កូន ហើយ​នៅ​បន្ត​ទៅ​មុខ​រាប់​ឆ្នាំ​ទៀត ទម្រាំ​កូន​ដឹង​ក្ដី​អាច​ដើរ​លើ​ផ្លូវ​មួយ ធ្វើ​ជា​ម្ចាស់​លើ​អនាគត​ដោយ​ខ្លួន​ឯង​បាន។

 

​វីដេអូ​ខ្លី​រយៈ​ពេល​ជិត ៤​នាទី បង្ហាញ​ពី​ម្ដាយ​បី​រូប យក​កូន​ខ្លួន​មក​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​ក្នុង​ខួប​គម្រប់​មួយ​ឆ្នាំ។ ពួក​គេ​បាន​និយាយ​ដោយ​ទឹក​មុខ​រីករាយ ខណៈ​កូន​មាន​កាយវិការ​រស់​រវើក​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ​ក៏​រៀបរាប់​ពី​ទុក្ខ​លំបាក​ពេល​កូន​យំ និង​ក្ដី​បារម្ភ​ចំពោះ​កូន​ផង​ដែរ។ ងាក​ទៅ​មើល​ខាង​ក្រៅ ឪពុក​ទាំង​បី​នាក់​កំពុង​រៀប​ចំ​ដាក់​តាំង​រូប​ថត​ទាំង​ពេល​ពពោះ និង​សកម្មភាព​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​មិន​ឲ្យ​ភរិយា​ដឹង​ឡើយ។

 

នៅ​លើ​រូប​មាន​សរសេរ​អម​ពាក្យ​មួយ​ចំនួន ដូច​ជា “បង​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ ពេល​អូន​និយាយ​ពាក្យ “Hello” មក​កាន់​កូន​យើង​លើក​ដំបូង” “មើល​ទៅ​អូន​ពេល​នោះ​ដូច​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ តែ​នៅ​ប្រឹង​ធ្វើ​ខ្លាំង​ទៀត” “អរគុណ​ដែល​សម្រេច​ចិត្ត​ធ្វើ​រឿង​នេះ”…។ ពេល​ភរិយា​ចេញ​មក​ពី​ពិនិត្យ​វិញ ឃើញ​រូប​ថត​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ជោគ​ផែន​ថ្ពាល់​គ្រប់​គ្នា។ ឯ​ស្វាមី​​ដែលនៅ​រង់ចាំ​ក្រៅ​មន្ទីរ​ពេទ្យ ក៏​បង្ហាញ​ខ្លួន​ជាមួយ​នំ​ខួបកំណើត ធ្វើ​ឲ្យ​ភរិយា​ស្រក់​ទឹក​ភ្នែក​ម្តង​ទៀត….។

 

 

យ៉ាង​ណា​ក្តី វីដេអូ​ខាង​លើ​គ្រាន់​តែ​ជា​ការ​ផ្សាយពាណិជ្ជកម្ម​មួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​បង្កប់​អត្ថន័យ​ជ្រៅ បង្ហាញ​ពី​ការ​លំបាក​របស់​ភរិយា​ពេល​បង្កើត​កូន និង​ក្ដី​ស្រលាញ់ ព្រម​ទាំង​ការ​គោ​រព​របស់​ប្ដី​ចំពោះ​ប្រពន្ធ​ខ្លួន ដែល​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល៕

 

ចុចអាន៖ ពាក្យ ១០​ឃ្លា ​ម៉ែ​តែង​លាក់ បើ​អ្នក​បាន​ឮ​អាច​ស្រក់​ទឹក​ភ្នែក

 

ដោយ៖ គង់ វិសាល

ប្រភព៖ bellybelly