ល្ងាចមិញ សម្តេច ស ខេង និង លោកប្រធាន សម រង្ស៊ី ជួបគ្នាដើម្បី រឹតបណ្តឹង វប្បធម៌សន្ទនា និងកិច្ច ព្រមព្រៀង២២ កក្កដា

ភ្នំពេញ៖លោក ញ៉ែម បុញ្ញាប្ញទ្ធិ មន្រ្តីអ្នកនាំាពាក្យគណបក្ស សង្គ្រោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា នៅល្ងាចមិញថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចក្រឡាហោម ស ខេង និងលោក ប្រធាន សម រង្ស៊ី បានជួបពិភាក្សាគ្នាសម្ងាត់ ដែលមានរយៈប្រមាណជាងមួយម៉ោង នៅវិមានរដ្ឋសភា ក្នុងគោលបំណងដើម្បី រឹតបណ្តឹងវប្បធម៌សន្ទនា និងគោរពកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

មន្រ្តីអ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំងពីរនេះ មានសមាសភាពចូលរួម៖ ប្រធាន ក្រុមតំណាងរាស្រ្តភាគច្រើនមាន សម្តេចក្រឡាហោម ស ខេង និងលោក កើត រិទ្ធ និងប្រធានក្រុម តំណាងរាស្រ្តភាគតិច មានលោកប្រធាន សម រង្ស៊ី និង លោក អេង ឆៃអ៊ាង។

សូមជំរាបថា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិនៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី បានបង្ហាញឆន្ទៈនៅក្នុងការបន្តរក្សាវប្បធម៌សន្ទនា ជាមួយនឹងមេបក្ស ប្រជាជនកម្ពុជា ហើយលោកសង្ឃឹមថា ការជជែកគ្នា រវាងមេដឹកនាំគណបក្សទាំងពីរ នឹងធ្វើឱ្យសភាពការណ៍ នយោបាយ មានស្ថានភាពធូរស្បើយឈានដល់ការដោះលែងសកម្មជន១៥នាក់ ដែលកំពុងជាប់ឃុំផងដែរ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៧៖៥០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី និង លោក កឹម សុខា បានដឹកនាំតំណាងរាស្រ្តរបស់ខ្លួន ត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកបានចូលសួរសុខទុក្ខ លោក ញ៉យ ចំរើន និងលោក គង់ សភា នៅក្នុងមន្ទីរពេទ្យ នាទីក្រុងបាងកកប្រទេសថៃ៕

ល្ងាចមិញ សម្តេច ស ខេង និង លោកប្រធាន សម រង្ស៊ី ជួបគ្នាដើម្បី រឹតបណ្តឹង វប្បធម៌សន្ទនា និងកិច្ច ព្រមព្រៀង២២ កក្កដា