សាលា​ឧទ្ធរណ៍​​មិន​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ជំទាស់​នៅ​ក្រៅ​ឃុំ

សាលា​ឧទ្ធរណ៍​​មិន​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ជំទាស់​នៅ​ក្រៅ​ឃុំ

រូបឯកសារ៖ លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ តុលាការ​បាន​ច្រាន​ចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ បន្ទាប់​ពី​លោក​ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នាឆ្នាំ​១៩៧៩ទៅលើទំព័រ​ហ្វេសប៊ុក។ (រូប​ថត ៖ EPA/MAK REMISSA)តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​​ថ្ងៃ​ពុធ​នេះ​សម្រេច​បដិសេធ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ជំទាស់។​​ ភ្នំពេញ—

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ​សម្រេច​បដិសេធ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ជំទាស់។

បន្ទាប់​ពី​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធនេះ​ ​មេធាវី​ការពារក្តី​លោក​ ហុង សុខហួរ ​គឺ​លោក​ជួង ជូងី​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ តុលាការ​សាលា​ឧទ្ធរណ៍​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការមិន​ដោះលែង​លោក​ហុង សុខហួរ​ឲ្យ​នៅ​ក្រៅឃុំ​នោះ​ទេ ​ដោយ​រងចាំ​សរសេរ​មូលហេតុ​ទាំងនោះ​នៅក្នុង​សាល​ដីការ។​

«ខ្ញុំ​យល់​ថា​ វា​អយុត្តិធម៌។​ លោក​ហុង សុខហួរ​មាន​វ័យ​ចំណាស់​ហើយ​ គាត់​ជា​សមាជិក​ព្រឹទ្ធ​សភា​ផង។​ រហូត​មក​ទល់​ពេល​នេះ​ ព្រឹទ្ធ​សភា​មិន​ទាន់​បាន​ដក​អភ័យ​ឯក​សិទ្ធិ​គាត់​នៅឡើយ​ទេ។​ ក្នុងផ្លូវ​ច្បាប់ ​ក្នុង​នាម​ខ្ញុំ​ជា​មេធាវី ​គឺគួរ​តែ​ដោះលែង​គាត់។ ​ប៉ុន្តែ​សេចក្តី​សម្រេច​យ៉ាងណា​ តុលាការ​ជាអ្នក​សម្រេច»។​

លោក​ជួង ជូងី​បាន​បញ្ជាក់​ប្រាប់​ VOA​ ថា​ លោក​ហុង សុខហួរ​សម្រេច​ប្តឹង​សារទុក្ខ​បន្ត​ទៅ​តុលាការ​កំពូល។

«គាត់​បាន​សម្រេច​ចិត្ត​ប្តឹង​សារទុក្ខ​ទៀត​ ហើយ​បាន​ផ្តិត​មេដៃ»។​

លោក ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា​កន្លង​ទៅ ពី​បទ​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ក្រោយ​ពេល​ដែល​លោក​បាន​បង្ហោះ​កិច្ច​ព្រម​ព្រៀង​នាឆ្នាំ​១៩៧៩​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ វៀតណាមចូល​ក្នុង​ទឹក​ដី​កម្ពុជាច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។

​លោក ​ជួង ជូងី​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កាល​ពី​ព្រឹក​នេះ​គឺ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កូន​ក្តី​របស់​លោក​ ​ដោយ​លោក​ហុង សុខហួរ​កំពុង​តែ​មាន​ជំងឺបេះ​ដូង​ ហើយ​មាន​វេជ្ជ​បញ្ជា​ដែល​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​តាម​ដាន​ឲ្យ​បាន​ទៀង​ទាត់។​ លើស​ពី​នេះ​ទៀត​ ​លោក ហុង សុខហួរ​ក៏​បាន​ឯកភាព​ក្នុង​ការ​តម្កល់​ប្រាក់​២០​លាន​រៀល​ និង​លិខិត​ឆ្លងដែន​បារាំង​របស់​លោក​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​ចំពោះ​តុលាការ។​

យ៉ាង​ហោចណាស់​មាន​សកម្មជន ​និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ជាង​១០​រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​និង​កាត់ទោស​ជាបន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ​រឿងផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​នោះ។​

ថ្មីៗ​នេះ ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​មេដឹកនាំគណ​បក្ស​ជំទាស់​ដែល​មាន​កៅ​អី​ក្នុង​រដ្ឋសភា​ បាន​ធ្វើ​ការ​ណាត់​ជួប​គ្នា​ដើម្បី​បន្ត​ពង្រឹង​វប្បធម៌​សន្ទនា​ដ៏​ផុយ​ស្រួយ​របស់​ខ្លួន​នោះ។​

លោក ​ហុង សុខហួរ ​ត្រូវ​បាន​ចាប់​ខ្លួន​ ​ក្រោយ​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ដែល​បាន​ចោទ​ថា ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ទាក់​ទង​នឹង​ការ​បង្ហោះ​ និង​ពន្យល់​អំពី​សន្ធិ​សញ្ញា​មួយ​ដែល​ប្រទេស​កម្ពុជា​ និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩។ ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​ជាប់​នឹង​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពីការ​ប្រកាស​បទ​បញ្ជា​ដោយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន។​ អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​យ៉ាង​ខ្លាំង​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា ​ដែល​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ ​និង​មិន​ត្រឹម​ត្រូវ​តាម​នីតិវិធី​នោះ។​

ការ​ពី​ថ្ងៃ​ទី៣​ តុលា​កន្លង​ទៅ​ លោក​ ហុង សុខហួរ​ ដែល​ជា​ជនជាតិ​ខ្មែរកាន់​សញ្ជាតិ​បារាំង​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ម្តង​ហើយ ដោយ​តុលាការ​អះអាង​ថា​ ការ​ដោះ​លែង​ឲ្យ​លោក​ហុង សុខហួរ​នៅ​ក្រៅ​ឃុំអាច​បង្ក​ឲ្យ​«មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម» ​បើ​ទោះ​ជា​សមាជិក​ព្រឹទ្ធ​សភា​រូបនេះ​ស្ថិត​ក្នុង​វ័យ​ចាស់​ និង​មាន​ជំងឺ​បេះ​ដូង​ជា​ប្រចាំ​ក៏​ដោយ។

ការ​សម្រេច​របស់​តុលាការ​ ដែល​បដិសេធ​សំណើ​របស់លោក​ ហុង សុខហួរ ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ​បានរង​ការ​រិះគន់​ពីអ្នក​តាមដាន​ស្ថាន​ភាព​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា។​ ពួក​គេ​ថ្លែង​ថា​ លោក​ហុង សុខហួរ​«មាន​ហេតុ​ផលគ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ»​ ​ដោយ​លោក​បាន​បញ្ជាក់​ពី​បញ្ហា​សុខ​ភាព​ មាន​តួនាទី​ជាក់​លាក់​ តម្កល់​ថវិកា​ធានា​ចំនួន​២០​លាន​រៀល​ តម្កល់​លិខិត​ឆ្លង​ដែន​ ​និង​សន្យា​ចូលរួម​តាម​នីតិវិធី​តុលាការ​គ្រប់​ដំណាក់​កាល​ជា​ដើម។​

​យ៉ាង​ណា​ក៏ដោយ​ ភ្លាម​បន្ទាប់​ពី​លោក​សម រង្ស៊ីបាន​ត្រឡប់​មក​មាតុភូមិ​វិញ​នោះ​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នេះ​បាន​អះអាង​ពី​ជំហរ​ក្នុង​ការ​យក​វប្បធម៌​សន្ទនា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ហុង​ សុខហួរ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០រូប​ផ្សេង​ទៀត៕​