អំពី​នគរបាល​យុត្តិធម៌


អំពី​នគរបាល​យុត្តិធម៌

នាទី​ច្បាប់​នៅ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​អំពី​នគរបាល​យុត្តិធម៌ ឬ ភ្នាក់ងារ​នគរបាល​យុត្តិធម៌។ តើ​តួនាទី​នគរបាល​យុត្តិធម៌​ធ្វើ​អ្វី​ខ្លះ? តើ​នគរបាល​យុត្តិធម៌​មាន​សមាសភាព​អ្វី​ខ្លះ? ដូច្នេះ សូមស្វែង​យល់​ដូច​​ខាង​ក្រោម​នេះ៖

 

អំពី​នគរបាល​យុត្តិធម៌

 

តួនាទី​របស់​នគរបាល​យុត្តិធម៌

 

នគរបាល​យុត្តិធម៌ ​គឺជា​ ​ភ្នាក់ងារ​​ដែល​ស្វែង​រក​បទ​ល្មើស​ឧក្រិដ្ឋ​ មជ្ឈិម និង លហុ​ព្រម​ទាំង​ប្រមូល​ភស្តុតាង​នៃ​បទ​ល្មើស​ទាំង​នោះ ហើយ​បញ្ជូន​អ្នក​ប្រព្រឹត្តិ​ល្មើស​ទាំង​នោះ​ទៅ​សាលា​ជម្រះ​ក្ដី ដែល​មាន​សមត្ថកិច្ច​ផ្ដន្ទាទោស​ជន​ល្មើស​នោះ។

 

សមាសភាព​របស់​នគរបាល​យុត្តិធម៌

 

សមាសភាព​របស់​នគរ​បាល​យុត្តិធម៌​រួមមាន ៖ ១.​មន្ត្រី​នគរបាល​យុត្តិធម៌ ២.​ភ្នាក់ងារ​នគរបាល​យុត្តិធម៌ ៣.​មន្ត្រីរាជការ និង ​ភ្នាក់ងារ​សាធារណៈ​ដទៃ​ទៀត ដែល​ច្បាប់​ដោយឡែក​ប្រគល់​អំណាច​ឲ្យ​ធ្វើការ​ពិនិត្យ​បទល្មើស​ខ្លះៗ​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន។​

 

ផ្អែក​តាម​ ម.៣៦ ន.ព.ទ ឆ្នាំ ១៩៩៣ ចែង​ថា នឹង​ចាត់​ទុក​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ ឬ អាច​បំពេញ​មុខ​ងារ​មន្ត្រី​នគរបាល​យុត្តិធម៌​រួមមាន៖

 

១. រដ្ឋ​អាជ្ញា (ព្រះរាជអាជ្ញា)​ និង ចៅ​ក្រម​ទទួល​បន្ទុក​ស៊ើប​អង្កេត (ក្នុង​ភារកិច្ច​តែ​ប៉ុណ្ណោះ)
២. ប្រធាន​ និង អនុប្រធាន​ទាំង​ឡាយ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ និង សេដ្ឋកិច្ច
៣. ប្រធាន​ និង អនុប្រធាន​ទាំង​ឡាយ​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម
៤. ស្នងការ​ និង ស្នង​ការ​រង​ទាំង​ឡាយ​នៃ​នគរបាល​ខេត្ត-​ក្រុង​
៥. ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ និង សេដ្ឋកិច្ច
៦. ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម
៧. ប្រធាន​ការិយាល័យ​នគរបាល​សន្តិសុខ
៨. អធិការ​ និង អធិការ​រង​នគរបាល​នយោបាយ​ស្រុក​ទី​រួម​ខេត្ត និង ខណ្ឌ
៩. ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ “ចំពោះ​រឿង​ព្រហ្មទណ្ឌ”
១០. ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍ និង ប្រធាន​ផ្នែក​បទ​ល្មើស​ចរាចរណ៍ “ចំពោះ​បទ​ល្មើស​ចរាចរណ៍”
១១. ប្រធាន និង មន្ត្រី​ទាំង​ឡាយ​នៃ​កង​តម្រួត​យោធា​ “ចំពោះ​បទ​ល្មើស​យោធា”
១២. មន្ត្រី​នគរបាល​ព្រំដែន​
១៣. អធិការ​គយ “ចំពោះ​បទ​ល្មើស​គយ”
១៤. មន្ត្រី​រុក្ខា​ប្រមាញ់​ និង នេសាទ។

 

ផ្អែក​តាម​សៀវភៅ​វចនានុក្រម​ច្បាប់​ ដែល​បោះពុម្ព​ក្នុង​ឆ្នាំ ២០១២ ​​ដោយ​លោក ភូ ឡាយស៊ុន ភូ វួចចេង ដែល​ត្រួតពិនិត្យ​ដោយ​លោក ហ៊ីង ធីឬទ្ធិ បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ទាំង​ឡាយ​នៃ​នគរបាល​យុត្តិធម៌​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​រដ្ឋ​អាជ្ញា​ និង ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អគ្គ​រដ្ឋ​អាជ្ញា​អម​សាលាឧទ្ធរណ៍។

 

នៅ​ក្នុង​សៀវភៅ​ដដែល​បាន​បន្ថែម​ថា ពាក្យ​មន្ត្រី​នគរបាល​យុត្តិធម៌​នេះ ក្នុង​ក្រម​ពិភាក្សា​ព្រហ្មទណ្ឌ ១៩៦៤ ហៅ​ថា មន្ត្រី​ក្រុម​ព្រះ​នគរបាល​យុត្តិធម៌ ឬ ក្រុម​ព្រះ​នគរបាល​យុត្តិធម៌​ (ម.៣៩ ព.ព.ទ. ១៩៦៤)

 

ពាក្យ​ប្រើ​នៅ​ឆ្នាំ ១៩៧៩-១៩៩៣ គឺ​នគរបាល​ព្រហ្មទណ្ឌ​ ហើយ​បច្ចុប្បន្ន គេ​ប្រើ​ពាក្យ​ មន្ត្រី​នគរបាល​យុត្តិធម៌​ និង​ ភ្នាក់ងារ​នគរបាល​យុត្តិធម៌ (ម.ព.មន្ត្រី​នគរបាល​យុត្តិធម៌)៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា