បាតុកម្ម​ប្រឆាំង​ចិន​កើត​មាន​មុន​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី ជីងពីង​ ទៅ​កាន់​ប្រទេស​វៀតណាម

បាតុកម្ម​ប្រឆាំង​ចិន​កើត​មាន​មុន​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី ជីងពីង​ ទៅ​កាន់​ប្រទេស​វៀតណាម

ក្រុម​បាតុករ​កាន់​បដា​មាន​រូប​ប្រធានាធិបតីចិន​ ស៊ី ជីងពីង​ និង​សញ្ញា​ប្រឆាំង​ចិន​ផ្សេងៗ​ ក្នុង​អំឡុង​នៃ​ការ​តវ៉ា​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ទៅកាន់​ប្រទេស​វៀតណាម កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

បាតុករ​ប្រឆាំង​ចិនបាន​ចេញ​ទៅ​តាម​ផ្លូវ​នានានៅ​ក្នុង​ប្រទេស​វៀត​ណាម​ ដើម្បី​ជំទាស់​ប្រឆាំងនឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​នា​ពេល​ខាង​មុខ​ដោយប្រធានា​ធិបតី​ចិន ស៊ី ​ជីង​ពីង។

បាតុករ​មានកាន់​បដា​ដែល​មាន​ន័យ​ថា «ស៊ី ​ជីង​ពីង ​ឲ្យ​ប្រជុំ​កោះ ​Spratlys ​និង Paracels​ មក​វៀតណាម​វិញ! ​ឬ ​ប្រជុំ​កោះ ​Spratly​ និង​ Paracels ​ជា​របស់​វៀត​ណាម‍»។

វីដេអូ​ដែល​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ បាន​បង្ហាញមនុស្ស​រាប់​សិប​នាក់​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ចិន​ ហើយ​បាន​ដើរ​ដោយ​សន្តិវិធីនៅ​តាម​ផ្លូវ​នានា​ទាំង​នៅ​ក្នុង​រដ្ឋ​ធានី​ហាណូយ​ ហើយនិង​នៅ​ទីក្រុង ហូ ​ជី​មិញ ​ដែល​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ភាគ​ខាង​ត្បូង។ ជា​ទូទៅ ​ប៉ូលីស​បាន​ទុក​ឲ្យ​ពួក​បាតុករ​ធ្វើ​តវ៉ា​ប្រឆាំង​ ​ដែល​ខុស​ប្លែក​ពីការ​តវ៉ា​ប្រឆាំង​ចិន​កាល​ពី​ពេល​មុន​ ដែល​កាល​នោះបាតុករត្រូវ​បាន​ប៉ូលិស​បំបែក​ភ្លាមៗ។

លោក ​Nguyen Van Phoung ​សកម្ម​ជន​សង្គម​បាន​និយាយ​ថា ​លោក​បាន​ចូលរួមបាតុកម្ម​នៅ​កណ្តាល​ទីក្រុង​ហាណូយ​ ពីព្រោះ​តែ​ចំណាត់​ការ​ដ៏​គឃ្លើន​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក ​Nguyen Van Phoung​ បាន​និយាយ​ថា៖ «លោក ​ស៊ី ​ជីងពីង​ ជា​ប្រមុខ​រដ្ឋដែល​បាន​យក​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​កងទ័ព​របស់​លោក​បាន​វាយ​តប់​អ្នក​នេសាទ​វៀត​ណាម។ ប្រធានា​ធិបតី ​ស៊ី ​ជីង​ពីង ​គ្មានបំណង​ល្អ​ជាមួយ​វៀត​ណាម​ទេ។​ដូច្នេះ ​យើង​មិន​ចង់​ស្វាគមន៍​លោក​នៅ​ទី​នេះ​ទេ។​ យើង​ជា​ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ ​ចង់​បង្ហាញ​លោក​ប្រ​ធានាធិបតី​ពី​សារ​ទាំង​នេះ‍»។

ប្រធានា​ធិបតី​ចិន ​មាន​គម្រោង​ទៅ​ដល់ប្រទេស​វៀត​ណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួរ (Xinhua) ​ផ្លូវការ​របស់​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រធានា​ធិបតី ​ស៊ី ​នឹង​ចរចា​ជាមួយ​ពួក​មន្រ្តី​វៀត​ណាមហើយ​មាន​ផែនការធ្វើ​សុន្ទរកថា​នៅ​ខាង​មុខ​រដ្ឋ​សភា​វៀត​ណាម។ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​ តើ​ប្រធានា​ធិបតី​ ស៊ី ​នឹង​និយាយ​ឡើង​វិញ​ពី​ជម្លោះ​ផ្លូវ​នាវាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ​ឬ​ទេ។

ពួក​អ្នក​សង្កេត​ការ​និយាយ​ថា ​ការ​ធ្វើ​សុន្ទរកថា​នោះ​បង្ហាញពី​ភាព​ចាំបាច់​ថា ​វៀតណាមមាន​ចំណង​ទាក់​ទង​ជាមួយ​មហា​អំណាច​ខាង​ជើង​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ ​ហើយ​នឹង​មាន​ឆន្ទៈ​ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​ដែល​មាន​ភាព​ល្វីង​ជូរ​ចត់​លើ​ជម្លោះ​ផ្លូវនាវា​ចរណ៍៕