រំលោភ​រួច​ប៉ង​សម្លាប់ ក្រ​ពេក​ប៉ូលិស​មិន​ចាត់ការ

រំលោភ​រួច​ប៉ង​សម្លាប់ ក្រ​ពេក​ប៉ូលិស​មិន​ចាត់ការ

ខេត្តកំពង់ឆ្នាំង ៖ រឿង​ចម្រូងចម្រាស និង​ឈឺចាប់​មួយ បាន​កើតឡើង​ជាង​១​ខែ​កន្លះ​មក​ហើយ ដែល​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​ត្រឹមតែ​ប្រាប់​ថា ស្ថិត​ក្នុង​ចំណាត់ការ​ស៊ើបអង្កេត​នៅឡើយ លើ​ករណី​កុមារី​អាយុ​១៤ឆ្នាំ​ម្នាក់ ត្រូវ​យុវជន​២​នាក់​ក្នុង​ចំណោម​៤​នាក់​ចាប់រំលោភ​រហូត​បាន​សម្រេច រួច​បាន​វាយ​បំបែក​ក្បាល​ប៉ង​សម្លាប់ ។

ប៉ុន្តែ​ការ​វាយ​ដ៏​ព្រៃផ្សៃ​នេះ នាង​មិន​ស្លាប់ គ្រាន់តែ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បំភ្លៃ​ព័ត៌មាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត ។ ក្នុង​ករណី​នេះ​បន្ទាប់​ពី​នាង​ដឹងខ្លួន​បាន​ប្រាប់​ឪពុក​ម្តាយ ស្តី​ពី​ការ​ចាប់រំលោភ ទើប​ប្តឹង​មក​សមត្ថកិច្ច​ឱ្យ​ចាត់ការ​ក្នុង​រឿង​នេះ បែរជា​សមត្ថកិច្ច​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់​ល្អ​ណាស់ ។

ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ កុមារី​រង​គ្រោះ និង​មិត្តភក្តិ​ស្រី​ម្នាក់​ទៀត​ឈ្មោះ សុភា​ស់ បាន​ត្រឡប់​ពី​មើល​ការ​ប្រគំ​តន្ត្រី​តាំងពិព័រណ ពាណិជ្ជកម្ម កម្ពុជា​-​ថៃ ដែល​ធ្វើ​ឡើង​ក្នុង​ស្តា​ត​ចាស់​ជិត​វត្ត​ធម្មយុត្តិ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ ពេល​ដើរមក​ដល់​សាលា​បឋម​សិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង ក៏​បាន​ជួប​និង​យុវជន​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​គឺជា​សង្សារ​របស់​សុភា​ស់ ជា​មិត្តភក្តិ ពេល​នោះ​ពួក​គេ​ទាំង​២​នាក់ (​សុភា​ស់ និង​សង្សារ​) បាន​គេច​ចេញ​ទៅ នៅ​សល់​តែ​យុវជន​២​នាក់ បាន​ចាប់​នាង​រំលោភ​តែ​ម្តង ។ ក្រោយ​ពេល​ចាប់រំលោភ​ហើយ កុមារី​រង​គ្រោះ​ខឹង​ខ្លាំង​ពេក ក៏​បាន​ជេរ ហើយ​ក៏​ត្រូវ​ជនល្មើស​យក​វត្ថុ​រឹង​មក​វ៉ៃ​ក្បាល​នាង​សម្លាប់​ដើម្បី​បំបិទមាត់ តែ​នាង​គ្រាន់តែ​សន្លប់​ធំ​ប៉ុណ្ណោះ ។ រីឯ​ជនសង្ស័យ​ស្មានថា​នាង​ស្លាប់ បាន​អូស​នាង​ដាក់​លើ​ថ្នល់ និង​បាន​ក្រ​ឡៃ​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ ។

រយៈពេល​៩​ថ្ងៃក្រោយ​ការ​សង្គ្រោះ​ជីវិត​ពេល​នាង​ដឹងខ្លួន​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ទើប​ប្រាប់​គ្រូពេទ្យ និង​ឪពុក​ម្តាយ​ថា​នាង​ត្រូវ​គេ​ចាប់រំលោភ​រួច​វាយ​សម្លាប់​ប៉ង​បំបិទមាត់ ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​ខេត្ត តែ​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នគរបាល បាន​ត្រឹមតែ​ប្រាប់​ថា កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ឪពុក​ម្តាយ​ក្មេង​ស្រី​បាន​អំពាវនាវ​តាម​រយៈ​សារព័ត៌មាន​នានា មេត្តា​ជួយ​ផ្សាយ​នូវ​ព័ត៌មាន​ដ៏​អយុត្តិធម៌​នេះ ឱ្យ​បានដឹង​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​ពួក​គាត់​ដែល​រង​គ្រោះ ព្រោះ​បើ​មិន​ដូច្នោះ​ទេ អាច​គេ​កាឡៃ​ថា​ជា​គ្រោះថ្នាក់​ចរាចរណ៍​មិន​ខាន ។

ឪពុក​មា្ត​យ​កុមារី​រង​គ្រោះ​បាន​បន្ថែម​ថា កូនស្រី​គាត់ (​កុមារី​រង​គ្រោះ​) ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​ឆ្អឹងលលាដ៍ក្បាល​មួយ​ដុំ​ធំ​យក​មក​ចិញ្ចឹម​ផ្សាំ​ក្នុង​ពោះ ដើម្បី​ព្យាបាល​របួស​ក្នុង​ខួរក្បាល ហើយ​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ គឺជា​ថ្ងៃ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កំណត់​ឱ្យទៅ​វះកាត់​យក​លលាដ៍ក្បាល​ពី​ក្នុង​ពោះ មក​ប៉ះ​និង​ដេរ​ភ្ជាប់​លើ​ក្បាល​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា សព្វថ្ងៃ​គ្រួសារ​គាត់​ក្រីក្រ​ខ្លាំង​ណាស់ មានកូន​៦​នាក់ ពឹង​លើ​ប្តី​ជា​កម្មករ​សំណង់​រកបាន​១​ថ្ងៃ សម្រាប់​១​ថ្ងៃ ពុំ​មាន​លទ្ធភាព​ឱ្យ​កូន​ៗ​ចូល​រៀន​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង គ្មាន​ផ្ទះសម្បែង​នៅទេ សព្វថ្ងៃ​បាន​ស្ត្រី​ឈ្មោះ ប៊ុ​ន សុ​ផា​ណា អាយុ​៥៨​ឆ្នាំ មាន​ក្តី​មេត្តា​ឱ្យ​សំយាបផ្ទះ​ស្នាក់​នៅ និង​ជួយ​ឧបត្ថម្ភ​ម្តងម្កាល​ពេល​ដាច់​បាយ គឺ​មក​ស្នាក់​នៅ​ជាង​មួយ​ឆ្នាំ​ហើយ នៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ សូម​សំណូមពរ​ផង​ដែរ​ចំពោះ​លោក​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​មេត្តា​ជួយ​ចាត់វិធានការ​ក្នុង​រឿង​នេះ​ផង ព្រោះថា ពេល​កើតហេតុ មិត្តភក្តិ​នាង​ឈ្មោះ សុភា​ស់ បានដឹង​រឿង​នេះ​ច្បាស់លាស់​ណាស់ ។ សង្ស័យ ចង់​មិន​ចង់ ឈ្មោះ​នេះ​ជា​អ្នកដឹកនាំ​កុមារី​រង​គ្រោះ ទៅ​ឱ្យ​គេ​ចាប់រំលោភ​ទៀត​ផង ។

មជ្ឈដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត តាម​រយៈ​កោះសន្តិភាព​កំពុង​រង់ចាំ​មើល តើ​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង «​បើកភ្នែក​» មើល​ទុក្ខវេទនា​គ្រួសារ​ក្រីក្រ​រង​គ្រោះ​នេះ​ដែរ​ឬ​អត់ ?

ពេល​ណា​មាន​ព័ត៌មាន​ប្លែក​យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ៕