​សម្បកឈើ​អែម​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​

​សម្បកឈើ​អែម​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​

​មាន​ការសិក្សា​ជា​ច្រើន​បាន​ធ្វើ​ការស្វែងយល់​អំពី​សម្បក​ឈើអែម​ដែល​អាច​គ្រប់គ្រង​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ តាម​ការសិក្សា​មួយ​ក្នុង​សារព័ត៌មាន American Journal of Clinical Nutrition បានឱ្យដឹងថា ការបន្ថែម​សម្បក​ឈើអែម​ទៅ​ក្នុង​អាហារ​មាន​កាបូ​អ៊ី​ដ្រាត​ខ្ពស់អាច​កាត់​បន្ថយ​ឥទ្ធិពល​ជា​តិស្ក​រ​ក្នុង​ឈាម​របស់​អ្នកជំងឺ​បាន​។ ក្រៅពីនេះ អាហារ​នោះ​អាច​បន្ថយ​ការឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយពី​ញ៉ាំ​រួច ព្រោះ​វា​ទៅ​បន្ថយ​អត្រា​រំលាយ​អាហារ​របស់​ក្រពះ​ក្រោយ​ពី​ញ៉ាំ​រួច​ដែរ​។

​ការសិក្សា​មួយ​ផ្សេងទៀត ដែល​ធ្វើឡើង​ដោយ​នាយកដ្ឋាន​កសិកម្ម​អាមេរិក បាន​រកឃើញថា សារធាតុ​ចម្រាញ់​ចេញពី​សម្បកឈើ​អែម​ជួយ​កាត់បន្ថយ​កត្តា​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង​។ ក្រោយ​ពី​ចម្រាញ់​សារធាតុ​ចេញពី​សម្បក​ឈើអែម​៦ ទៅ​១២​សប្តាហ៍​រួច គេ​រកឃើញ​ថា សារធាតុ​ទាំងនោះ​ពង្រឹង​ដល់​ស្ថានភាព​អង់​ទី​អុក​ស៊ីដង់ ព្រមទាំង​បន្ថយ​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​។

​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង Diabetes Care បានឱ្យដឹងថា សម្បកឈើ​អែម​ប្រហែលជា​អាច​ជួយ​ពង្រឹង​ដល់​ជាតិ​ស្ករ និង​ខ្លាញ់​ក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ទៀត​ដែរ​។ ការសិក្សា​រកឃើញថា ការ​ញ៉ាំ​សម្បកឈើ​អែម​រហូតដល់​៦​ក្រាម​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ជាតិ​ស្ករ ខ្លាញ់ Triglyceride កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​កូ​ឡេ​ស្តេ​រ៉ុល​សរុប​ក្នុង​ឈាម​របស់​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន​។

​សារព័ត៌មាន European Journal of Clinical Investigation បានឱ្យដឹងថា សារធាតុ​ចម្រាញ់​ចេញពី​សម្បក​ឈើអែម​អាច​បន្ថយ​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​លឿន​។

​ដូច្នេះ​តើ​គួរ​ញ៉ាំ​សម្បក​ឈើអែម​ប៉ុន្មាន​ទៅ​? អ្នកខ្លះ​យល់​ថា ការ​ញ៉ាំ​ម្សៅ​សម្បកឈើ​អែម​យ៉ាងហោចណាស់ កន្លះ​ស្លាបព្រា​បាយ​រាល់ថ្ងៃ​គឺ​មាន​ប្រសិទ្ធភាព​ហើយ​។ ការសិក្សា​ផ្សេងទៀត​បាន​ប្រើប្រាស់​សម្បកឈើ​អែម​ពី​១ ទៅ​៦​ក្រាម ប៉ុន្តែ​ការ​ញ៉ាំ​របស់​នេះ​ច្រើន​ពេក​គឺ​គ្រោះថ្នាក់​ដល់​សុខភាព​ទៅវិញ​ទេ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។