​លោក​អ៊ិត​ សំហេង ដឹក​នាំ​ប្រតិ​ភូ​កម្ពុជា​ប្រជុំ​ពិភាក្សា​ជាមួយ​អគ្គ​នាយក​​ ILO នៅ​ទី​ក្រុង​ហ្សឺណែវ

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​វិច្ឆិកា ​​២០១៥ ​(​ម៉ោង​នៅ​ហ្សឺ​ណែវ​) ​​នៅ​ស្នាក់​ការ​កណ្តាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នាទី​ក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វ៊ី​ស លោក អ៊ិត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​ដឹកនាំ​ប្រតិភូ​កម្ពុជាប្រជុំពិភាក្សា​ការងារ​ជាមួយលោក Guy Ryder អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​។

លោកអគ្គនាយក ILO បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ កាលពី​ថ្ងៃ​ទី​២២ ​តុលា ​២០១៥ កន្លង​ទៅ​នេះ​។ លោក​ក៏​បាន​កោតសរសើរ និង​អបអរសាទរ​ដល់​កម្ពុជា​ផង​ដែរដែល​មាន​យន្តការ និង​លក្ខណ​:​វិនិច្ឆ័យ​ច្បាស់លាស់​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​បាន​សម្រប​សម្រួលការ​ចរចារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វិស័យ​វាយ​នភ័​ណ្ឌកាត់ដេរ និង​ផលិត​ស្បែកជើងសម្រាប់​ឆ្នាំ​២០១៦ ពី​១២៨ដល់១៤០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​។

លោក​អគ្គនាយក ILO បាន​ទទួលស្គាល់​ថា ជា​ទូទៅ​ភាគី​រដ្ឋាភិបាល​មានការ​លំបាក​ក្នុង​តួនាទី​ជា​អ្នកសម្របសម្រួល​រវាង​ភាគី​២ គឺ​ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក ដែល​មាន​និន្នាកា​រ​ផ្សេង​គ្នា ហើយ​បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​តួនាទី​នេះ​បន្ត​ទៀត ព្រមទាំង​សន្យា​ថា ILO នឹង​គាំទ្រ​រាល់​លទ្ធផល​នានា​ដែល​កើត​ចេញពី​ការ​យន្តការ​ត្រីភាគីពី​រូបមន្ត​ និង​លក្ខណៈ​វិនិច្ឆ័យ ក៏​ដូច​ជា​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​ឯកភាព​គ្នា​កន្លង​មក ក្រោម​ជំនួយ​បច្ចេកទេស​របស់​អ្នកជំនាញ​ប្រាក់​ឈ្នួល​របស់​អង្គការ ILO​៕