ក្រុមហ៊ុនសម្លៀក​​​បំពាក់​​​ H&M នឹង​ពន្លឿន​​​ការ​​​ពិនិត្យ​​​តាម​​​ដានក្រុមហ៊ុន​ផ្គត់​ផ្គង់​នានា​​​របស់​​​កម្ពុជា​

ក្រុម​ហ៊ុនH&M និង​​សហព័ន្ធ​សហជីព​សាកល IndustriALL ​កាលពី​ថ្ងៃ​អង្គារ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀងមួយ​​​សំដៅ​​​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ឡើង​សម្រាប់​កម្មករ​​១,៦​លាន​នាក់​​នៅ​រោងចក្រ​​​​ចំនួន​១.៩០០​​​នៅ​ទូទាំង​ពិភព​លោក ដោយ​បំពេញ​តាម​ការ​បញ្ជា​ទិញ​សម្រាប់​ក្រុម​ហ៊ុន​​សម្លៀក​បំពាក់​ស៊ុយអែត ដែល​នឹង​រួម​មាន​គណៈ​​កម្មការ​ត្រួត​ពិនិត្យ​ថ្មី​​នៅ​ក្នុង​​​​ប្រទេស​កម្ពុជា​។

កិច្ច​ព្រមព្រៀង​នេះ​ដែល​ក៏​រួម​មាន​​សហ​​​ជីព​​ស៊ុយអែត IF Metall ​ដែរនោះ មាន​​​បំណង​​​ ​​ធ្វើ​ឲ្យ​​ប្រាកដ​ថា រោងចក្រ​ផ្គត់​ផ្គង់​​របស់​​ H&M ​​គោរព​សិទ្ធិ​​មនុស្ស និង​សិទ្ធិ​សហជីព​របស់​កម្មករ​ មិន​រើស​អើង​​​ចំពោះ​តំណាង​កម្មករ​ ហើយ​ការ​ពារ​សិទ្ធិ​របស់​ពួកគេ​​មិន​ឲ្យ​​​ធ្វើ​ការ​​ក្នុង​លក្ខខណ្ឌ​ដែល​គ្មាន​សុវត្ថិភាព​។

​បញ្ហា​ទាំង​អស់​នេះ​ប៉ះពាល់​ដល់​​រោង​​​ចក្រ​​​ ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ដែល​កម្មករ​​តែង​តែ​​​​ត្អូញ​ត្អែរ​ពី​ការ​រើសអើង​​សហជីព​ ​ការ​​​​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ និង​ការ​ដួល​សន្លប់​ក្នុង​ចំនួន​ដ៏ច្រើន​ដែល​ត្រូវ​បាន​បន្ទោស​មួយ​ផ្នែក​ទៅ​លើ​​ក្លិន​សារធាតុ​គីមី និង​សីតុណ្ហ​​​ភាព​ក្ដៅ​ខ្លាំង។

កម្មករ​ពីរ​នាក់​បាន​ស្លាប់​កាលពី​ឆ្នាំ​២០១៣ ​​​នៅ​ពេល​រោងចក្រមួយ​បាន​​​បាក់​ប្លង់សេ​សង្កត់​លើ​​ពួកគេ ហើយ​កម្មករ​ប្រាំបី​នាក់​ទៀត​បាន​រង​របួស​​នៅ​​​ឆ្នាំ​បន្ទាប់​ នៅ​ពេល​​​ប្លង់​សេ​រោងចក្រ​មួយ​ទៀត​បាន​បាក់​ដែរ។ ហេតុការណ៍​​​ទាំង​​​ពីរ​​​នេះ​​​​​​បណ្តាល​​​មក​​​ពី​​​ការ​សាងសង់​​អគារ​មិន​មាន​ស្ដង់​ដារ​ និង​​​ការ​ត្រួត​ពិនិត្យ​​ដោយ​ការ​ធ្វេស​ប្រហែស​។ ​​​ទោះជា​យ៉ាង​ណា រោង​ចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ការ​រំលោភ​សិទ្ធិ​ការ​ងារ​​គឺ​​​​មិន​​​មែន​​​ជា​រឿង​​​ធម្មតា​​​នោះ​​​ទេ​​​​។

លោក ហ្ស៊ីគី រ៉ៃណា (Jyrki Raina) អគ្គ​​​លេខាធិការ​ IndustriALL បាន​លើក​ឡើង​នៅ​​​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍ថា កិច្ច​ព្រមព្រៀង​ថ្មី​​​នេះ​​ “​​ពង្រឹង​​មាគា៌​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​កាត់​ ដេរ​ដែល​មាន​និរន្តរ​ភាព​ជាមួយ​នឹង​កម្លាំង​ការ​ងារ​រួម​គ្នា​ ទំនាក់​ទំនងផ្នែក​​​​គ្រប់​គ្រង​ការ​​​ងារ​បែប​ស្ថាបនា ប្រាក់​ឈ្នួល​ល្មម​រស់​បាន​តាម​រយៈ​​​កិច្ច​ព្រមព្រៀង​​​រួម​កម្រិត​ឧស្សាហ​​​កម្ម​ និង​​​កន្លែង​ធ្វើ​ការ​ងារ​មាន​សុវត្ថិ​​​ភាព​​”។

ដើម្បី​ឃ្លាំ​មើល​កិច្ច​ព្រមព្រៀង​នេះ​ ក្រុម​ហ៊ុន H&M និង​ IndustriALL លើក​ឡើង​ថា ស្ថាប័នទាំងពីរ​នេះ​នឹង​បង្កើត​​ “​គណៈ​​​កម្មការ​​​ ​​ពិនិត្យ​តាម​ដាន​ថ្នាក់​ជាតិ​” ដោយ​មាន​​តំណាង​មក​ពី​ក្រុម​ហ៊ុន​នេះ​ និង​ក្រុមហ៊ុន​​ក្នុង​ស្រុក​របស់​សហជីព​សាកលនេះ​​ ដោយ​ចាប់​ផ្ដើម​ចេញ​​​ពី​​​ប្រទេស​កម្ពុជា និង​ប្រទេសមួយ​​​ចំនួន​​​ផ្សេង​ទៀត​។

លោក រ៉ៃណា បាន​លើក​ឡើង​តាម​អុីម៉េល​ ថា “​យើង​បាន​ចាប់​ផ្ដើម​​ធ្វើ​ការ​​​លើ​ផែន​ការ​អនុវត្ត​​ន៍ដែល​មាន​ន័យ​ថា ក្នុង​ចំណោម​បញ្ហា​ដទៃទៀត​ដោយ​ការ​បង្កើត​គណៈកម្ម​​​ការ​ពិនិត្យ​តាម​ដាន​ថ្នាក់ជាតិ និង​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​សម្រាប់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់ និង​​តំណាង​​​​សហជីព។ យើង​នឹង​ចាប់​ផ្ដើម​​​​ពី​​ប្រទេស​អាទិភាពរួម​​​មាន​​កម្ពុជា បង់ក្លាដែស ​មីយ៉ាន់ម៉ា ​​​ និង​តួកគី ហើយ​បន្ទាប់​មក​​ពង្រីក​​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត”​។

លោក​បាន​ថ្លែង​ថា “​សម្រាប់​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ​​យើង​បាន​ព្រម​​​ព្រៀង​​​​​ថា ​នឹង​រៀបចំ​​​កិច្ច​ប្រជុំ​អនុវត្តន៍​ជា​​​លើក​ ដំបូង​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ក្នុង​រាជធានី​ភ្នំពេញ”។

យោង​តាម​ IndustriALL បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ឆ្នាំ​២០១៤ ក្រុម​ហ៊ុន​នេះ​​បាន​​​​​​យក​ប្រភព​ពី​រោងចក្រ​ចំនួន​៥៨​​ ដែល​ប្រើ​ប្រាស់​កម្លាំង​កម្មករ​ប្រហែល​៧០.០០០​នាក់​ក្នុង​ប្រទេស​កម្ពុជា​ពោល​​​គឺ​​​ប្រហែល​១០​ភាគរយ​នៃ​ឧស្សាហកម្ម​កាត់​ដេរ​ក្នុង​ស្រុក​។

លោកស្រី​ អ៊ុលរីកា អុីសាក់សុន (Ulrika Isaksson) អ្នក​នាំពាក្យ​ក្រុម​ហ៊ុន​ H&M បាន និយាយ​ថា កិច្ចព្រមព្រៀង​នេះ​ក៏​គ្រប​ដណ្ដប់​លើ​រោងចក្រ​ទទួល​កិច្ច​សន្យា​បន្ត​​ដើម្បី​​ផលិត​​សម្លៀក​​បំពាក់​​​ដោយ​​រោង​ចក្រ​ដែល​ខ្លួន​បាន​ទិញ​ដោយ​ផ្ទាល់​។

លោកស្រី​បាន​ថ្លែង​ថា “​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ យើង​វាយ​តម្លៃ​ទៅ​លើ​តម្រូវ​ការ​ជាក់​លាក់​​នៃ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់ និង​តំណាង​កម្មករ​។ ការ​វាយ​តម្លៃ​នេះ​នឹង​ធ្វើ​ឲ្យ​គេ​អាច​សម្រប​តាម​ការ​ងារ​ចំពោះ​តម្រូវ​ការ​របស់​ប្រទេស​នីមួយៗ”​។

លោក​​ វីលៀម កុនគ្លីន (Williams Conklin) នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​សាមគ្គី ភាព ជា​អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​មូល​​​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​​និយាយ​ថា ក្រុម​ហ៊ុន H&M ជា​​​​យីហោ​មួយ​ក្នុង​ចំណោម​យីហោ​ដែលមានការ​ទំនាក់ទំនង​ច្រើន​​បំផុតនៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា នៅ​មាន​ឱកាស​ច្រើន​សម្រាប់​ការ​ធ្វើ​​ឲ្យ​ប្រសើរ​​ជាង​នេះ ហើយ​បានលើក​ឡើង​ពី​ការ​រំលោភ​បំពាន​កិច្ច​សន្យា​រយៈ​ពេល​​ខ្លី​ ដែល​​កំណត់​អត្ថប្រយោជន​៍​​​ដែល​កម្មករអាច​ទាម​ទារ​​។

លោក​បាន​ថ្លែង​ថា “​វា​ជា​ជំហាន​ក្នុង​ទិស​​​ដៅ​ត្រូវ​ជា​សាកល ហើយ​ប្រហែល​ជា​​​ IndustriALL នឹង​ទាក់ទង​បន្ថែម​ទៀត​​ជាមួយ​ក្រុម​ហ៊ុន H&M​​​ នៅ​ទីនេះ​។​​​នៅ​មាន​ការ​ងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ហើយ​ប្រហែល​ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​​នឹងជួយ​បាន​”។

អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​រូប​នេះ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​៕ សារុន​

The post ក្រុមហ៊ុនសម្លៀក​​​បំពាក់​​​ H&M នឹង​ពន្លឿន​​​ការ​​​ពិនិត្យ​​​តាម​​​ដានក្រុមហ៊ុន​ផ្គត់​ផ្គង់​នានា​​​របស់​​​កម្ពុជា​ appeared first on ខេមបូឌា ដេលី.