ឧប​នាយករដ្ឋ​មន្ត្រី​ ហោ ណាំហុង នឹង​ដឹក​នាំគណៈ​ប្រតិភូ​ទៅប្រទេស​ចិន

រាជធានី​ភ្នំពេញ ៖ តាម​ការ​អញ្ជើញ​របស់​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំ​ហុង រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ធាង​លើក​ទី​១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​១១ ដល់​១៣ វិច្ឆិកា ២០១៥ នៅ​ទីក្រុង​ជី​ង​ហុង ខេត្ត​យូ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​លើ​ការ​បង្កើត​រចនាសម្ព័ន្ធ​របស់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ធាង ហើយនឹង​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ជី​គម្រោង​ដែល​ឆាប់​ទទួល​បាន​ផល ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​ធនធានទឹក សុខភាព​សាធារណៈ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា និង​វប្បធម៌ ។

កិច្ចប្រជុំ​នេះ ក៏​នឹង​ពិនិត្យ​អំពី​ទំនាក់ទំនង​របស់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ធាង​ជាមួយនឹង​ក្រប​ខណ្ឌ​អនុ​តំបន់​ដទៃ​ទៀត​ដូច​ជា កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អាស៊ាន​អាង​ទន្លេមេគង្គ​ផង​ដែរ ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​នឹង​ត្រូវ​ចេញផ្សាយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ។