ក្រុមហ៊ុនដ៏ល្បីរបស់ជប៉ុន មកចាប់ដៃគូជួយក្រុមជម្រើសជាតិកម្ពុជា

ក្រុម​ហ៊ុន​ដ៏​​​ល្បី​របស់ប្រទេស​​ជប៉ុនឈ្មោះ YANMAR បាន​សម្រេច​មក​ធ្វើ​ជា​ដៃ​គូ​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដើម្បី​ចូល​រួម​ជួយ​​ជា​សម្លៀក​បំពាក់​ និង​ផ្តល់​ជា​ថវិកា​ដល់​ក្រុម​ជម្រើ​ស​ជាតិ​កម្ពុជា ពី​​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦។

នៅ​ក្នុង​សន្និសីទ​កាសែត ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ NOCC កាល​ពី​​រសៀល​ថ្ងៃពុធ ម្សិល​មិញ តំណាង​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា(FFC) តំណាង​ក្រុម​ហ៊ុន YANMAR Holding Co,Ltd និង​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​ជប៉ុន សុទ្ធ​តែ​បាន​លើក​ឡើង​ថា ​ភាព​ជា​ដៃ​គូ​នេះ នឹង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា កាន់តែ​មាន​សមត្ថ​ភាព​លេង​បាន​ខ្លាំង​ថែម​ទៀត។
1
លោក ខៀវ សាម៉េត អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ថ្លែង​ថា៖​«​យើង​ត្រូវ​ការសម្ភារៈ​សម្រាប់​បម្រើ​ដល់​ការ​ហ្វឹក​ហាត់ និង​ការ​ប្រកួត ការឧបត្ថម្ភ និង​ការ​លើក​ទឹក​ចិត្ត​​ដល់​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ គ្រូ​បង្វឹក និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ម្ហូប​អាហារ​បំប៉ន។ល។ ដែល​តម្រូវ​ការ​ទាំង​អស់​នេះ សុទ្ធ​តែ​ត្រូវ​​ការ​ថវិកា​ចំណាយ ហេតុ​នេះ​យើងសូម​ស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះ​ក្រុម​ហ៊ុន YANMAR Holding Co,Ltd ដែល​បាន​​មក​ធ្វើ​ជា​ដៃ​គូ​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នា​ពេលនេះ»។
2
លោក​​ថ្លែង​ថា ក្រុម​ហ៊ុន YANMAR ​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​​ឆ្នាំ​២០១៥​នេះ​នូវ​ទឹក​ប្រាក់៥​ម៉ឺន​ដុល្លារ សម្រាប់​រួម​ចំណែក​​​ជួយដល់​​FFC ក្នុង​ការ​រៀបចំ​ក្រុម​ជម្រើស​ជាតិ​ចូល​រួមការ​​ប្រកួត​ 2018 FIFA World Cup Russia ជុំ​ទី​១​រហូត​​ជាប់ និង​ឈាន​ដល់​ជុំ​ទី​២។ ការ​ជួយ​នេះ​បាន​ឆ្លុះ​បញ្ជាំង​ពី​ទិស​ដៅ​របស់​ YANMAR ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​ដល់​សង្គម និង​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​តាម​រយៈ​វិស័យ​កីឡា​បាល់​ទាត់ ហេតុ​នេះ​ជំនួស​មុខ​ឲ្យឯឧត្តម​​ប្រធាន (សៅ សុខា) ខ្ញុំ​មាន​ក្តី​សោមនស្ស​រីក​រាយ ដែល​ក្រុម​ហ៊ុន​បាន​ជ្រើស​រើស​រើស​យក​ FFC ជា​ដៃ​គូ ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា YANMAR នឹង​បន្ត​ជួយ​ធ្វើ​ជា​ដៃ​គូរបស់FFC ដ៏​យូរ​អង្វែង»។
3
ចំណែក​លោក Ken Araki តំណាង​ក្រុម​ហ៊ុន YANMAR Holding Co,Ltd បាន​ថ្លែង​​ថា៖​«​ខ្ញុំ​​មាន​ចិត្ត​ស្រឡាញ់​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​ខ្ញុំ​ចាប់​ស្គាល់​ប្រទេស​នេះ​ត្រឹម​ឆ្នាំ​២០០០​ហើយ​ខ្ញុំ​​ចង់​ជួយ​ឲ្យ​ប្រជា​ជន​កម្ពុជា មាន​ជីវភាព​កាន់​តែ​ល្អ​ប្រសើរ។ រីឯ​​ការ​ចូល​រួម​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ពេល​នេះ គឺ​មក​ពី​ខ្ញុំ​​ចូល​ចិត្ត​លេង​បាល់​ទាត់ ហេតុ​នេះ​ខ្ញុំ​នឹង​ខិត​ខំ​​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ឲ្យ​ក្រុម​មួយនេះ​​មាន​លទ្ធ​ភាព​កាន់​តែ​ល្អ​ជាង​នេះ ក្នុងការ​ពង្រឹង​គុណ​ភាព ហើយ​នៅ​ពេល​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ខ្លាំងហើយ​នោះ យើងក៏​នឹង​​​សម្លឹងជួយ​ដល់​ក្លិប​ល្បី​ណា​មួយ​​ផង​​ដែរ»។
4
5
ចំណែក​លោក Kozo Tashima សមាជិក​គណៈ​កម្មាធិការ​របស់ FIFA និង​ជា​​អនុ​ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​ជប៉ុន បាន​ថ្លែង​ថា៖​«​ការ​ចាប់​ដៃគូគ្នា​នៅ​ពេល​​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​អនាគត។ YANMAR គឺ​​ម៉ាក​ល្បី ដែល​ប្រជា​ជន​ជប៉ុន​បាន​ស្គាល់​យូរណាស់​មក​ហើយ រីឯ​វិសាយ​បាល់​ទាត់​នោះ​កម្ពុជា​គឺ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្លាំង​ទៅ​លើ​ឯកឧត្តម សៅ សុខា ថា​គាត់នឹង​ធ្វើ​ឲ្យ​បាល់​ទាត់​ខ្មែរ​មាន​ការ​រីក​ចម្រើន​ខ្លាំង​​នៅ​​ថ្ងៃ​អនាគត»។

លោក​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ និង​លោក ខៀវ សាម៉េត បាន​រាប់​អាន​គ្នា​យូរ​ហើយ ហើយការ​ខិតខំ​ប្រឹងប្រែង​របស់​យើង គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន ហេតុ​នេះខ្ញុំ​​សង្ឃឹម​​ថាខាង​​ជប៉ុន និង​កម្ពុជា នឹង​បន្ត​ជួយ​គ្នា​​​ឲ្យ​បាន​ច្រើន​ជាង​នេះ»៕